UN ព្យាករសេដ្ឋកិច្ច២០២៤នឹងធ្លាក់ទាបជាង២០២៣ ខណៈអតិផរណានឹងកើនលើស ១០%សម្រាប់ប្រទេសកំពុងអភិវឌ្ឍ

អង្គការ​សហប្រជាជាជាតិ​ ទើបនឹងបានបញ្ចេញ​របាយការណ៍​បច្ចុប្បន្នភាពសេដ្ឋកិច្ចថ្មី​របស់​ខ្លួន ដោយបាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ថយ​ចុះ​មក​ត្រឹម២,៤% នៅ​ឆ្នាំ​ ២០២៤ ​នេះ ដែលមានកម្រិតទាបជាង​ពី​ចំនួន​ដែលធ្លាប់បានប៉ាន់ស្មានកាលពី​ក្នុង​ឆ្នាំ ២០២៣ ថាមានកម្រិត២,៧%។ ​ចំនួន​ធ្លាក់​ចុះ​នេះ គឺ​លើស​ពី​ការរំពឹង​ទុក។ បើធៀបទៅនឹងអត្រាកំណើនសេដ្ឋកិច្ចកាលពី​មុន​ពេល​ជំងឺ​រាតត្បាត​កូវីដ១៩ ​ចាប់ផ្តើម​នៅ​ឆ្នាំ២០២០ តួលេខទាំងពីរខាងលើ ​នៅតែ​ទាប​ជាងនោះទៅទៀត ដោយកាលណោះ​អត្រា​កំណើនសេដ្ឋកិច្ចសាកល គឺ៣%  នេះបើយោងតាមការចុះផ្សាយរបស់VOA កាលពីថ្ងៃទី០៩ មករា ឆ្នាំ ២០២៤។

ទោះយ៉ាងណាក្តី ការព្យាករ​របស់​អង្គការ​សហប្រជាជាតិនេះ ​គឺមានកម្រិត​ទាប​ជាងការព្យាករ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ​ក្នុង​ខែតុលា ដោយបានរាយការណ៍​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ថយ​ចុះ​ពី​ចំនួន​ដែល​បាន​រំពឹង​ទុក ៣% ក្នុង​ឆ្នាំ២០២៣ មក​នៅ​ត្រឹម២,៩% ក្នុង​ឆ្នាំ ២០២៤។

ចំណែកឯ ​អង្គការ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ហៅ​កាត់​ថា OECD កាលពី​ចុង​ខែវិច្ឆិកា ឆ្នាំ​មុន បាន​ប៉ាន់ប្រមាណ​ថា កំណើន​សាកល ​ក៏​នឹង​ថយចុះ​ផងដែរ គឺពី​ចំនួន​ដែល​រំពឹង​ទុក គឺ​ពី​២,៩% ក្នុង​ឆ្នាំ ២០២៣ មក​នៅ​ត្រឹម ២,៧% ក្នុង​ឆ្នាំ ​២០២៤។

ចំពោះរបាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ចំណងជើង​ថា ‍«ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក និង​ទស្សនវិស័យ​ឆ្នាំ ២០២៤‍» នេះ បាន​ព្រមាន​ថា ទស្សនវិស័យ​លក្ខខណ្ឌ​ឥណទាន​កាន់តែ​តឹងរ៉ឹង​រយៈពេល​យូរ និង​ការចំណាយ​លើ​ការខ្ចី​ប្រាក់ សុទ្ធសឹងតែ​ជាបញ្ហា​សម្រាប់សេដ្ឋកិច្ច​ពិភពលោក​ដែល​ជាប់​ជំពាក់​បំណុល ជាពិសេស​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដ៏​ក្រីក្រ ហើយ​នឹង​ប្រទេស​ដែល​ត្រូវការ​ការវិនិយោគ​ដើម្បី​ស្តារ​ការងើបឡើងវិញ។

លោក Shantanu Mukherjee នាយក​ផ្នែក​វិភាគ​សេដ្ឋកិច្ច និង​គោលនយោបាយ​របស់​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា “ការភ័យខ្លាច​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០២៣ ត្រូវបាន​បញ្ចៀស ដោយសារតែ​មហាអំណាចសេដ្ឋកិច្ចលេខ០១របស់ពិភពលោក គឺសហរដ្ឋ​អាមេរិក​ បាន​ទប់ស្កាត់​អតិផរណា​ខ្ពស់​ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ល្បឿន​សេដ្ឋកិច្ច។ ប៉ុន្តែ យើង​នៅ​តែ​មិន​ទាន់​ចេញផុត​ពី​ស្ថានភាពគ្រោះថ្នាក់​នៅ​ឡើយ​ទេ។”

លោក Mukherjee បានបន្ត​ថា នោះ​គឺ​ដោយ​សារ​តែ​ស្ថានការណ៍​ដែល​នៅ​មិន​ទាន់ដោះស្រាយ​បាន​នៅ​ឡើយ​នៅ​ក្នុង​ពិភពលោក អាច​ជំរុញ​ឱ្យ​មាន​អតិផរណា​កាន់តែ​ខ្លាំងឡើង។

“ជា​ឧទាហរណ៍ ការបន្ទុចបង្អាក់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​កើត​ឡើង​ភ្លាមៗ​ទៀត ឬ​បញ្ហា​នៃ​លទ្ធភាព​ក្នុង​ការផ្គត់ផ្គង់ ឬ​ការចែកចាយ​ប្រេង​ឥន្ធនៈ​ជាដើម អាច​ជំរុញ​ឱ្យ​មាន​ការដំឡើង​អត្រា​ការប្រាក់​ទៀត ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការលំបាក​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍។”

យោង​តាម​របាយការណ៍​ដដែល អតិផរណា​ពិភពលោកក្នុង​ឆ្នាំ​ ២០២២​​ មាន​កម្រិត ៨,១% និងបាន​ធ្លាក់ចុះ​មក​ត្រឹម ៥,៧% ក្នុង​ឆ្នាំ ២០២៣ ហើយ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹងបន្ត​ធ្លាក់ចុះ​បន្ថែម​ទៀត​ដល់​កម្រិត ៣,៩% នៅក្នុង​ឆ្នាំ ២០២៣​ ដដែល​នោះ។ ក៏ប៉ុន្តែ នៅក្នុងចំណោម​ប្រហែល​មួយ​ភាគបួន​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងអស់លើពិភពលោក កម្រិតអតិផរណា​ប្រចាំឆ្នាំ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​លើស​ពី ១០% នៅ​ឆ្នាំ​ថ្មីនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]