ក្រសួងបរិស្ថានថានឹងបន្ត ក្រោយចុះបញ្ជីដីបេតិកភណ្ឌធម្មជាតិជោគជ័យបានជិត៣ ម៉ឺនហិកតា

ចាប់តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ ក្រសួងបរិស្ថានបានដាក់ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន ១១ កន្លែង ដែលជារមណីយដ្ឋានភ្នំមានលក្ខណៈជាប្រវត្តិសាស្ត្រ នៅលើផ្ទៃដីសរុបប្រមាណ ២៨ ៧១៩,៣៩១ ហិកតា រួចមកហើយ និងកំពុងពិចារណាដាក់បញ្ចូល តំបន់មួយចំនួន បន្តទៀត។

“ការចេញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែតំបន់រមណីយដ្ឋានភ្នំទាំង១១ នេះ ​ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ គឺជាការឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវៈចម្រុះ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។”

នេះជាការលើកឡើងរបស់លោក លោក លឿង កេសរោ  ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន​ តាមរយៈបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ​ កាលពីថ្ងៃទី 0៤ ខែមិថុនា ឆ្នាំ ២០២០។

កន្លងមក ក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រង លើអភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិទាំងអស់នោះ ដោយបែងចែកជាប្រភេទដូចជា៖ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ឧទ្យានជាតិសមុទ្រ។

នៅក្នុងការងារអភិរក្សតំបន់បេតិកភណ្ឌធម្មជាតិ ក្រសួងបរិស្ថានបានបង្កើតបានចំនួន ១១ កន្លែង នៅក្នុងខេត្តព្រះវិហារ ខេត្តប៉ៃលិន​ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ តាំងពីឆ្នាំ២០១៦​ មកម្ល៉េះ។ ភ្នំត្បែង ស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌដំបូងគេបង្អស់ នៅក្នុងឆ្នាំ២០១៦ ដែលមានផ្ទៃដីសរុប ២៥ ២៦៩,៤១​ ហិកតា។

ក្នុងទិសដៅការងារពេលខាងមុខ លោក លឿង កេសរោ  បានឱ្យដឹងបន្ថែមថា “ពេលនេះ ខ្ញុំកំពុងសិក្សាភ្នំនៅក្នុងស្រុកខ្មែរទាំងអស់។ បើពាក់ព័ន្ធនឹងថវិកាវិញ បើខាងprivate [វិស័យឯកជន] សហការជាមួយ ល្អម៉ង! ឯកឧត្តមរដ្ឋមន្ត្រី លោកបានណែនាំឱ្យគិតគូមើលលើភ្នំដែលមានសក្តានុពលដែលមានតម្លៃជាប្រវត្តិសាស្ត្រ​ វប្បធម៌ អភិរក្សអីហ្នឹងជាហូរហែរហ្នឹងណា…។​”

ក្នុងពេលថ្មីៗនេះ ក្រសួងបរិស្ថាន ក៏បានសម្រេចបង្កើតរមណីយដ្ឋានភ្នំចំនួន០៦ នៅក្នុងខេត្តបន្ទាយមានជ័យ ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានទំហំផ្ទៃដីសរុបប្រមាណ២០០០ ​ហិកតា និងនៅក្នុងខេត្តបាត់ដំបងចំនួន ០៣។ (អានបន្ថែម)

បើតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ ២០០៨ តំបន់បេតិកភណ្ឌធម្មជាតិ សំដៅតំបន់ក្នុងដែនដីគោក និង/ឬ ដែនទឹក ដែនតំបន់នោះមានលក្ខណៈពិសេសពីតំបន់ធម្មជាតិ ឬពាក់កណ្តាលកែច្នៃធម្មជាតិ និងមានតម្លៃលេចធ្លោ ឬប្លែកពីគេ។ ម្យ៉ាងទៀត ដោយសារតំបន់នោះ ជាភូមិសាស្ត្រមានដោយកម្រ មានគុណភាព ជាតំណាងឱ្យប្រព័ន្ធធម្មជាតិនានា ឬមានគុណភាពខាងផ្នែកសោភ័ណភាព ឬសារៈសំខាន់ខាងផ្នែកវប្បធម៌៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]