រដ្ឋគ្រោងដំាដើមត្នោត ៣ម៉ឺនដើមថែមទៀតនៅតាមព្រំដែនកម្ពុជា-វៀតណាម ខណៈដាំបានជិត ២ម៉ឺនហើយ

​ក្រសួងបរិស្ថាន គ្រោងដាំកូនត្នោត ៣ម៉ឺនដើមបន្ថែមទៀត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីដាំបានប្រមាណជិត ២ម៉ឺនដើមរួចហើយ ដែលជាអត្តសញ្ញាណជាតិ និងផលប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច រាប់តាំងពីគល់ដល់ស្លឹក។ នេះបើតាមវិទ្យុជាតិកម្ពុជា បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។

ប្រភពនេះ បានដកស្រង់សម្តីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា កូនត្នោតចំនួនជាង ៣ម៉ឺនដើមបន្ថែមទៀត នឹងផ្តល់ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីដាំនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីខែសីហានេះ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការដាំកូនត្នោត  ជាការបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។(អានបន្ថែម)

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានបន្តថា ត្នោត គឺជាដើមរុក្ខជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោតនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សធនធានធម្មជាតិ  ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។

ក្រៅពីខេត្តត្បូងឃ្មុំ អាជ្ញាធរខេត្តកំពត ក៏បានប្រកាសពីយុទ្ធនាការដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ ដែលស្ថិតនៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសឱ្យយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ព្រៃឈើ និងដើមត្នោត។ (អានបន្ថែម)

ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តកំពង់ស្ពឺ ក៏ធ្លាប់បានប្រកាសថា នឹងធ្វើការដាំដើមត្នោតរាប់ម៉ឺនដើមនៅអមសងខាងស្ទឹងព្រែកត្នោត និងអមតាមផ្លូវទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ ពិសេសឱ្យសាកសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅប្រទេសកម្ពុជា។  (អានបន្ថេម)

គួរបញ្ជាក់ថា ដើមត្នោត ត្រូវបានចាត់បញ្ចូលជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ កន្លងទៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]