រដ្ឋតម្រូវឱ្យអ្នកដំឡើងសូឡាត្រូវធ្វើស្វ័យប្រកាស គឺដើម្បីរក្សាតុល្យភាពរវាងអ្នកប្រើអគ្គិសនីជារួមនៅទូទាំងប្រទេសកម្ពុជា

ថ្មីៗនេះអាជ្ញាធរអគ្គិសនីកម្ពុជា បានតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យនៅលើដំបូលដែលមិនមានការអនុញ្ញាត អញ្ជើញទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យរបស់ខ្លួន។ នេះបើយោងតាមលិខិតលេខ ០៨៥.ផក.២៤. អអក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

លិខិតនេះ បានតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់ ត្រូវដាក់ពាក្យនៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន ដែលស្ថិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនី ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតុល្យភាពរបស់អ្នកប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជាទាំងអស់ គឺមិនសំដៅចំពោះតែអ្នកដែលកំពុងប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធបណ្តាញជាតិប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកដែលកំពុងប្រើអគ្គិសនីតាមប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (សូឡា)ផងដែរ។

ក្នុងន័យនេះ អាជ្ញាធរអគ្គិសនីកម្ពុជាចង់បង្ហាញថា ការដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អគ្គិសនីក្នុងប្រព័ន្ធបណ្តាញជាតិ អាចដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលបានក្នុងពេលតែមួយ នឹងកាត់បន្ថយលទ្ធភាពនៃការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យខ្នាតស្ថានីយ ដែលកំពុងមានប្រសិទ្ធភាពថ្លៃ និងកំពុងជួយបន្ថយថ្លៃលក់អគ្គិសនីឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ជារួម។

ជាងនេះទៅទៀតនោះគឺក្នុងប្រព័ន្ធនៃការកំណត់ថ្លៃអគ្គិសនីនៅកម្ពុជាបច្ចុប្បន្ន នៅពេលដែលអ្នកប្រើប្រាស់ខ្លះដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងអ្នកខ្លះទៀតមិនបានដំឡើង វាជាការចាំបាច់មួយត្រូវរៀបចំយន្តការដើម្បីរក្សារតុល្យភាពរវាងភាគីទាំងពីរ។ ពីព្រោះនៅពេលដែលអ្នកប្រើប្រាស់ណាមួយបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ទៅនឹងប្រព័ន្ធបណ្ដាញជាតិ អ្នកប្រើប្រាស់នោះនឹងប្រើថាមពលចេញពីពន្លឺព្រះអាទិត្យនៅពេលដែលមានពន្លឺព្រះអាទិត្យ និងទាញយកមកបំពេញបន្ថែមតម្រូវការនូវសមតុល្យអគ្គិសនីជំនួសពន្លឺព្រះអាទិត្យដែលថយចុះ និងពុំមាន ចេញពីបណ្ដាញជាតិ។

ដូចេ្នះ ការធ្វើបែបនេះ នឹងធ្វើឱ្យសមត្ថភាពផលិតអគ្គិសនីរបស់បណ្ដាញជាតិនៅទំនេរ ដែលនឹងបង្កើនថ្លៃនៃការផលិតអគ្គិសនីក្នុងប្រព័ន្ធបណ្ដាញជាតិ នាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ដទៃទៀតដែលមិនបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (សូឡា)។

ហេតុនេះ វាជាការចាំបាច់ដែលអាជ្ញាធរអគ្គិសនីកម្ពុជា តម្រូវឱ្យអ្នកប្រើប្រាស់ថាមពលចេញពីពន្លឺព្រះអាទិត្យទាំងនោះត្រូវបង់ថ្លៃប៉ះប៉ូវ ដើម្បីរក្សារសមធម៌ឱ្យទៅអ្នកប្រើប្រាស់ដទៃទៀតដែលមិនបានដំឡើង។

ជាមួយគ្នានេះដែរ ចំពោះការប៉ះប៉ូវខាងលើ អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងអនុវត្តនៅពេលខាងមុខ គឺនឹងត្រូវអនុវត្តចំពោះតែអ្នកប្រើប្រាស់ធំៗ ដូចជារោងចក្រឧស្សាហកម្ម ពាណិជ្ជកម្ម សណ្ឋាគារ ឬអគារធំៗ ដែលចង់ដាក់ដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យធុនមធ្យម និងធំប៉ុណ្ណោះ ខណៈនឹងមិនយកថ្លៃប៉ះប៉ូវចំពោះពលរដ្ឋទូទៅដែលដាក់ដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលគេហដ្ឋាន ឬទីតាំងអាជីវកម្ម ដែលមានអានុភាពមិនលើសពី ១០គីឡូវ៉ាត់ ឬដែលស្មើនឹងការដាក់ដំឡើងផ្ទាំងសូឡាធុនធំប្រហែល ១៦ផ្ទាំង ឬធុនមធ្យមប្រហែល ២០ផ្ទាំង ដែលគ្របដណ្ដប់លើផ្ទៃដំបូលទីតាំងប្រហែលពី ១២០ ទៅ ២០០ម៉ែត្រការ៉េឡើង។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី០៦ កក្ដដា ២០២៤

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]