ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា
ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីចេតនាចង់វិនិយោគលើវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងពិភាក្សាលើរឿងនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek កាលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ លោកប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ លោកបន្តថា អាជីវកម្មរបស់ក្រុមហ៊ុន Salmon Group គឺជាគំរូអាជីវកម្មដែលផ្តោតលើហិរញ្ញវត្ថុឌីជីថល និងសារៈសំខាន់នៃបទប្បញ្ញាត្តិដែលមានភាពអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍនវានុវត្តហិរញ្ញវត្ថុថែមទៀត។
ជាការឆ្លើយតប លោកជំទាវ ជា សិរី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើដែលចង់វិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ខណៈលោកជំទាវក៏បានលើកឡើងពីច្បាប់ស្តីពីវិនិយោគកម្ពុជាដែលមានលក្ខណៈបើកចំហរសម្រាប់វិនិយោគិនបរទេស ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលមានលក្ខណៈអំណោយផល។
លើសពីនេះ លោកជំទាវបានណែនាំ និងផ្តល់អនុសាសន៍ពីជម្រើសសំខាន់ៗមួយចំនួនសម្រាប់ការចូលមកវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាលើកដំបូងឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ជាសារដ៏សំខាន់ក្នុងការផ្តល់ទំនុកចិត្តនិងការទាក់ទាញវិនិយោគបន្ថែមទៀតមកកម្ពុជា។
តាមរយៈជំនួបនោះដែរ ធនាគារជាតិកម្ពុជា ក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តទំនាក់ទំនងជាមួយមន្រ្តីជំនាញដើម្បីផ្លាស់ប្តូរព័ត៌មាន សំដៅធ្វើការសម្រេចចិត្តវិនិយោគត្រឹមត្រូវ ព្រមទាំងបានជំរុញឱ្យក្រុមវិនិយោគិនទៅទស្សនាសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ.) ដើម្បីឈ្វេងយល់ពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជាផងដែរ៕
- Video Advertisement -