គម្រោង​​បែងចែក​ដី LASED គឺជាអ្វី? មានអត្ថប្រយោជន៍ដូចម្ដេច ពិសេសក្នុងអំឡុងវិបត្តិកូវីដ? ​

គម្រោងបែងចែក​ដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ​ប្រជាជនក្រីក្រ និង​ជនជាតិដើមភាគតិច​នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។

គម្រោងនេះជាការសហការគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាធនាគារពិភពលោក ដែលមកទល់មកបច្ចុប្បន្នបានដំណើរការមកដល់ជំហានទី ៣ ហើយ។

តាំងពីចាប់ផ្ដើមគម្រោងកាលពីឆ្នាំ ២០០៨ មកទល់បច្ចុបន្ន ដីធ្លីសរុបយ៉ាងហោចជាង ៣ ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០ លានដុល្លារ។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានលំនៅឋាន គម្រោងបែងចែក​ដី LASED ទី១ (២០០៨-២០១៣) បានប្រើប្រាស់ថវិកាអស់ ១១,៥ លានដុល្លារអាមេរិក ដោយចែកដីសរុប ១៤ ១២៦ ហិកតា ដល់ប្រជាពលរដ្ឋចំនួន ៤៦ ៩៧៦ គ្រួសារ។

ចំណែក គម្រោង LASED II (២០១៦-២០២១) វិញ បានប្រើប្រាស់ឥណទានធនាគារពិភពលោក ២៥ លានដុល្លារ និងថវិការដ្ឋ ១,៨ លាន ដើម្បីកាត់ដីសរុប ១៧ ០៤២ ហិកតា ដល់ប្រជាពលរដ្ឋចំនួន ៥១៤១ គ្រួសារ។

កាលពីខែ មិថុនា ឆ្នាំ ២០២០ កន្លងមកនេះ ធនាគារពិភពលោក ក៏ទើប​បាន​អនុម័ត​ទឹកប្រាក់ ៩៣ លានដុល្លារ ដើម្បីអនុវត្តកិច្ចជំហានទី៣ រយៈពេល ៦ ឆ្នាំបន្តទៀត។ ជំហានទី៣ នេះ​ នឹងមានទ្រង់ទ្រាយធំជាងមុន ដោយនឹងគ្របដណ្តប់លើសហគមន៍ចំនួន ៧១ តំបន់ នៅគ្រប់ខេត្តទាំងអស់លើកលែងតែរាជធានីភ្នំពេញ។

លើសពីនេះ គម្រោងនេះនឹងគាំទ្រដល់ការកសាងផ្លូវជនបទ ប្រព័ន្ធធារាសាស្រ្តខ្នាតតូច ការផ្គត់ផ្គង់ទឹកនិងអនាម័យ សាលារៀន ផ្ទះគ្រូបង្រៀន មណ្ឌល​សុខភាពក្នុង​តំបន់ និងមជ្ឈមណ្ឌលសម្រាប់​សហគមន៍ផងដែរ​។

បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក កន្លងមកគម្រោងនេះ បានជួយស្ដារជីវភាពរបស់ប្រជាជនក្រីក្របានយ៉ាងមានប្រសិទ្ធភាព តាមរយៈការប្រើប្រាស់ដីធ្វើស្រែចំការ។ លើសពីនេះ ក្នុងអំឡុងវិបត្តិកូវីដ កម្មវិធី LASED ក៏បានដើរតួរកាន់តែសំខាន់ ដើម្បីជួយកម្មករដែលបាត់បង់ការងារ ឱ្យមានមុខរបរដើម្បីចិញ្ចឹមជីវិត។

របាយការណ៍ដដែលបានឱ្យដឹងថា ក្នុងអំឡុងឆ្នាំ ២០២០ ប្រជាជនយ៉ាងហោច ៥០ គ្រួសារបានវិលត្រឡប់មកដីស្រែចំការដែលពួកគេទទួលបានពីកម្មវិធី LASED វិញ ព្រោះពួកគេបានបាត់បង់ការងារដែលធ្វើនៅទីក្រុង។

ឧទាហរណ៍ដូចជា លោកយូធី និងភរិយា បានវិលត្រឡប់មកស្រុកកំណើតនៅខេត្តត្បូងឃ្មុំវិញ កាលពីមិថុនា ឆ្នាំ ២០២០ ក្រោយបាត់បង់ការងារ ក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ ពួកគេទាំង ២ បានដាំបន្លែ ចិញ្ចឹមត្រី និងមាន់ ដែលបានផ្ដល់ចំណូលឱ្យពួកគេ ២០០ ទៅ ៣០០ ដុល្លារក្នុងមួយខែ។

ដូចគ្នាដែរ អ្នកស្រីយ៉ុន ឡេងសុង និងស្វាមី ក៏ជាក្រុមគ្រួសារមួយក្នុងខេត្តក្រចេះដែលបានទទួលដីគម្រោង LASED ។ ក្រោយបាត់បង់ការងារជាកម្មករនៅប្រទេសថៃ អ្នកទាំង ២ បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីដាំដំណាំដំឡូងមី។ ពួកគេរំពឹងថា ឆ្នាំនេះដំឡូងនឹងអាចប្រមូលផលបានប្រមាណ ១០ តោន ឬស្មើនឹងចំណូលបានជាង ៤ លានរៀលដែរ។

គួរបញ្ជាក់ផងដែរថា ដោយសារតែឃើញសមិទ្ធផលជាផ្លែផ្កាដូច្នេះ ធនាគារពិភពលោក ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបេជ្ញាថានឹងអនុវត្តការងារជាបន្តបន្ទាប់ ពោលគឺដើម្បីសម្រេចឱ្យបាននូវគោលដៅធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ ២០៣០។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley និង NXT BLD រួមានគ្នាផ្ដល់ជំនួយ ៣លានដុល្លារដល់វិស្វករច្នៃប្រឌិតជំនាន់ថ្មី

Bentley Systems និង NXT BLD បានសហការគ្នាបង្កើតកម្មវិធីម […]

ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្ល […]

ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុ […]

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ​រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ

គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបាន […]