គិតត្រឹមខែមេសា ឆ្នាំ២០២៥ រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ
គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាសរុបជាង ១០៨,២២លានដុល្លារ សម្រាប់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ នេះបើតាមឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងវេទិកាផ្សព្វផ្សាយស្តីពីប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បាន និងកំពុងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលជូនគ្រួសារមានបណ្ណសមធម៌សរុប ចំនួន ៧១៥.៣៤៧គ្រួសារ និងបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់សមាជិកគ្រួសារដែលមានភាពងាយរងគ្រោះមានដូចជា ស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុ ៦០ឆ្នាំឡើង អាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សានិងមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដោយរដ្ឋបានចំណាយថវិកាសរុប ៤៣២.៩០៩.៤៤២.០០០ ស្មើនឹងប្រមាណជាង ១០៨,២២លានដុល្លារ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម ជា សុមេធី ក៏បានបន្ថែមដែរថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបើកផ្តល់ប្រាក់របបសន្តិសុខសង្គម នៃមូលនិធិជំនួយសង្គម ជូនអតីតមន្រ្តីរាជការស៊ីវិលសរុបចំនួន ៥៦.៤៧៥នាក់ និងអតីតយុទ្ធជនសរុបចំនួន ១១៥.២៩៦នាក់ ដោយការបើកផ្តល់នេះធ្វើឡើងចំនួន ០២លើក ក្នុងមួយខែតាមរយៈប្រព័ន្ធធនាគារ កាណាឌីយ៉ា និងធនាគារអេស៊ីលីដា។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរតម្លើងប្រាក់របប សោធន ជូនអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន។ គិតត្រឹមខែ មេសាឆ្នាំ២០២៥នេះដែរ ប្រាក់សោធននិវត្តន៍ទាបបំផុតចំនួន ៨៤៥.០០០រៀល និងបន្ថែម ២០.០០០រៀល សម្រាប់និវត្តន៍ជនដែលបានចូលនិវត្តន៍មុនឆ្នាំ២០២៤។
នៅពេលដែលប្រទេសកម្ពុជាកំពុងបោះជំហានទៅមុខក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគាំពារសង្គមរបស់ខ្លួន ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការលើកស្ទួយប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅតែជាអាទិភាពកំពូល ដោយបង្ហាញពីវិធីសាស្រ្តយ៉ាងសកម្មចំពោះសុខុមាលភាព និងជំនួយដ៏គួរឱ្យសរសើរ និងចាំបាច់សម្រាប់ការរីកចម្រើនរបស់ប្រទេសជាតិ។
- Video Advertisement -