តើ AI ការប្រែប្រួលអាកាសធាតុ និង Open Data ជះឥទ្ធិពលលើវិស័យសំណង់ដូចម្ដេច?

ក្រុមហ៊ុនបង្កើតកម្មវិធីវិស្វកម្មសំណង់លំដាប់ពិភពលោក Bentley Systems ថ្មីៗនេះ បានបង្ហាញថាឧស្សាហកម្មសំណង់ជុំវិញពិភពលោកកំពុងប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរពីគ្រោះធម្មជាតិដែលមិនបានរំពឹងទុក ខណៈក៏បានបង្ហើបពីវិធីសាស្ដ្រនៃការផ្លាស់ប្ដូរបច្ចេកទេសសាងសង់ដោយប្រើជំនួយពី AI និង Open Data ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីបញ្ហាបម្រែបម្រួលអាកាសធាតុនេះ។

គ្រោះធម្មជាតិដូចជាការរំជួយផែនដី ទឹកជំនន់ និងខ្យល់ព្យុុះបាន និងកំពុងបំផ្លេចបំផ្លាញគម្រោងសំណង់ជាច្រើន ហើយការគំរាមកំហែងនេះគឺកាន់ធ្ងន់ធ្ងរជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ។

អ្នកស្រី Oana Crisan អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ Bentley បានបញ្ជាក់ថា កម្មវិធីឆ្លាតវៃដូចជា Digital Twins, Artificial Intelligence (AI) និងកម្មវិធីគំរូឌីជីថល នឹងក្លាយជាដំណោះស្រាយថ្មីសម្រាប់រាល់គម្រោងដែលយើងនឹងសាងសង់នាពេលអនាគត នៅជុំវិញពិភពលោក។

អ្នកស្រីបានលើកឡើងថា គំរូឌីជីថលដែលយើងប្រើនៅថ្ងៃនេះ នឹងកំណត់ភាពធន់ និងយូរអង្វែងនៃអាយុនៃគម្រោងសំណង់នាពេលអនាគត ហើយមិនថាប្រទេសថានោះទេ គ្រោះធម្មជាតិគឺមិនអាចរំពឹងទុកបាន ដូច្នេះការការពារគឺតែងប្រសើរជាង ការព្យាបាល។

លើសពីនេះ ការប្រើគំរូឌីជីថលក៏ជួយកាត់បន្ថយចំណាយលើការជួសជុស ថែទាំ និងគ្រប់គ្រងគម្រោងសំណង់នោះផងដែរ ពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក្នុងករណីដែលយើងជួបគ្រោះធម្មជាតិ។

គំរូឌីជីថល ឬ Digital Twin បើពន្យល់ឱ្យងាយយល់គឺគំរូប្លង់នៃគម្រោងសំណង់ដែលរស់រវើកដូចពិតជាក់ស្ដែង។ វាមិនមែនគ្រាន់តែជាប្លង់បែបធម្មតាដូចដែលយើងស្គាល់នោះទេ តែវាគឺជាគម្រោងពិតៗ ប៉ុន្តែស្ថិតនៅក្នុងប្រព័ន្ធកុំព្យូទ័រ។ ទិន្នន័យទៅធ្វើបច្ចុប្បន្នភាពភ្លាមទៅមក រវាងការដ្ឋានពិត​ និងគំរូឌីជីថល គ្រប់ពេលដែលមានការអនុវត្តការងារណាមួយ។

កត្តានេះអាចជួយឱ្យម្ចាស់គម្រោងសាកល្បងសាងសង់ ឬអនុវត្តការងារណាមួយ ហើយដឹងពីលទ្ធផល ដោយមិនចាំបាច់សាកល្បងនៅការដ្ឋានជាក់ស្ដែងនោះទេ ប៉ុន្តែការអនុវត្តនោះគឺស្ទើរតែដូចជាក់ស្ដែងទាំងស្រុង។ ឧទាហរណ៍ អ្នកអាចធ្វើតេស្ដថាបើមានការរំជួយផែនដី ឬទឹកជំនន់ខ្លាំង គម្រោងសំណង់នេះនឹងទៅជាយ៉ាងណា ហើយកម្មវិធីក៏នឹងជួយពន្យល់ថាត្រូវបន្ថែមបច្ចេកទេសអ្វីដើម្បីការពារការខូចខាត។

កម្មវិធីនេះធ្វើដូច្នេះបាន គឺដោយសារតែមានការច្របាច់បញ្ចូលគ្នានៃទិន្នន័យគ្រប់យ៉ាងដូចជា កញ្ចប់ហិរញ្ញវត្ថុ ចំនួនពលករ តារាងពេលវេលា សម្ភារៈសំណង់ ទិន្នន័យទីតាំង អាកាសធាតុ និងគ្រប់អថេរទាំងអស់ដែលពាក់ព័ន្ធនឹងគម្រោង ទៅក្នុងកម្មវិធីតែមួយ ដោយប្រើជំនួយ AI និង Open Data។

លោកស្រីបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធដែលរចនាបានល្អគ្រប់ជ្រុងជ្រោយ នឹងធ្វើឱ្យយើងចំណេញពេលវេលា ចំណេញថវិកា និងពិសេសគឺធន់នឹងគ្រោះធម្មជាតិ។

លោកបណ្ឌិត Thomas Krom ដែលជាអ្នកជំនាញមកពីក្រុមហ៊ុនគំរូប្លង់ដ៏ល្បីមួយនៅអាមេរិក​ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់ឧបករណ៍ Digital Twin ដើម្បីគ្រប់គ្រងផ្ទៃផែនដីឱ្យកាន់តែប្រសើរឡើង។

លោកបានលើកឡើងនៅក្រោមដីគឺមានធនធានជាច្រើនដែលកំពុងផ្ដល់អត្ថប្រយោជន៍ដល់យើង ប៉ុន្តែវិធីដែលយើងយកធនធាននោះមកប្រើក៏នឹងបង្កហាន័យផងដែរ។ ដូច្នេះ ការប្រើឧបករណ៍ Digital Twin ដើម្បីគ្រប់គ្រងការជីករករ៉ែ ក៏នឹងជួយធ្វើឱ្យសកម្មភាពនោះ ប្រព្រឹត្តិទៅដោយប៉ះពាល់ដល់ពិភពលោកតិចតួចបំផុត។

អ្នកជំនាញម្នាក់ទៀតដែលជឿជាក់លើ AI និងបច្ចេកវិទ្យា Open Data គឺពិតមានអត្ថប្រយោជន័ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគតរបស់ពិភពគឺលោក Tom Kurke ដែលជាអនុប្រធានផ្នែក Ecosystem and Ventures របស់ក្រុមហ៊ុន Bentley។

លោកបានឱ្យដឹងថាឧស្សាហកម្មនេះកំពុងឈានចូលដំណាក់កាលថ្មីមួយដែល AI និង ទិន្នន័យ នឹងដើរតួយ៉ាងសកម្ម។

Digital Twin នឹងជួយណែនាំម្ចាស់គម្រោងសំណង់អំពីរបៀប ថែទាំ និងបង្ការហានិភ័យដែលបង្ករពីគ្រោះធម្មជាតិ។ ម្ចាស់គម្រោងមិនត្រឹមតែគ្រប់គ្រងវឌ្ឍនភាពដោយរលូន និងច្នៃប្រឌិតនោះទេ តែក៏អ្វីដែលសំខាន់ជាងនេះ គឺសុវត្ថិភាព និងការប្រើប្រាស់បានយូរអង្វែងនៃគម្រោង។

ការប្រើប្រាស់ Digital Twin  ដើម្បីដឹងពីបញ្ហាមុន នឹងជួយឱ្យម្ចាស់គម្រោងបញ្ចៀសនូវបញ្ហាដែលមិនរំពឹងទុក ហើយដោះស្រាយវាបានទាន់ពេលវេលា ដោយមិនចាំបាច់ចុះត្រួតពិនិត្យការដ្ឋានដោយផ្ទាល់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្វែងយល់ពីបច្ចេកទេសត្រួតពិនិត្យសំណង់លំហសមុទ្របែបឌីជីថល!

ក្រុមហ៊ុនវិស្វកម្មអន្តជាតិខ្នាតធំ Haskoning បានធ្វើបដិវ […]

តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?

ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិ […]

អ្នកជំនាញ ៖ មានគន្លឹះ ២ សំខាន់ៗ ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធអឺរ៉ុប

នៅក្នុងសន្និសីទ Bentley Illuminate 2026 ថ្នាក់ដឹកនាំក្ន […]

អាមេរិកប្រើដ្រូន AI ដើម្បីពិនិត្យស្ពានខូច ​៦០០,០០០ កន្លែង សន្សំថវិការាប់លានដុល្លារ

សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរពីការប្រើប្រាស់មនុស្សឱ្យឡើ […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់ […]