ត្រឹម៣ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាស្រូបភ្ញៀវទេសចរអន្តរជាតិជិត ២លាននាក់ កើនឡើង១៦%
ក្នុងការចាប់ផ្តើមដ៏គួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ២លាននាក់ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ពោលគឺមានការកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ការកើនឡើងនេះត្រូវបានលើកឡើងដោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ ក្នុងគោលបំណងជំរុញយុទ្ធនាការទេសចរណ៍សម្រាប់រដូវបៃតង ដែលធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។
ភ្ញៀវទេសចរដែលសម្រុកមកកម្ពុជាទាំងនេះបានរួមចំណែកជាង ២៣លានដុល្លារ ដល់សេដ្ឋកិច្ចក្នុងស្រុក តាមរយៈការទៅទស្សនាតំបន់វប្បធម៌សំខាន់ៗមួយចំនួនដូចជា ប្រាសាទអង្គរវត្ត, ប្រាសាទកោះកែរ,ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន, និងការជិះទូកកម្សាន្តដ៏គួរឱ្យទាក់ទាញ ដែលនេះជាការបង្កើននូវបទពិសោធន៍ដល់អ្នកទស្សនាបន្ថែមទៀត។ ទាំងអស់នេះបានបង្ហាញថាប្រទេសកម្ពុជាមិនត្រឹមតែជាគោលដៅទេសចរណ៍វប្បធម៌ប៉ុណ្ណោះទេ តែវាជាបទពិសោធន៍ផ្សងព្រេងដែលអ្នកទេសចរជាច្រើនកំពុងស្វែងរក។(អានបន្ថែម)
ជាមួយគ្នានេះដែរ តាមរយៈរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបង្ហាញពីនិន្នាការវិជ្ជមានបន្ថែមទៀតថា៖ ក្នុងរយៈពេល ៤ខែ ចុងក្រោយនេះ ក៏មានការកើនឡើងនូវជើងហោះហើរចេញ-ចូល(ទ្វេទិស)ឆ្លងកាត់ប្រទេសកម្ពុជាតាមរយៈ(អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ) មានជាង ២.២ ម៉ឺនជើង ពោលគឺកើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ក្នុងនោះដែរ ឃើញថា ចំនួនអ្នកដំណើរចេញ-ចូល(ទ្វេទិស) មានរហូតដល់ ២.៥២៥.២០៨នាក់ កើនឡើង ១៨% និងទំនិញដឹកជញ្ជូនតាមផ្លូវអាកាសចេញ-ចូល(ទ្វេទិស) មានសរុប ២២.៣៥០តោន កើនឡើង ៨%។
របាយការណ៍ដដែលបន្ថែមថា ប្រទេសចំនួន៦ (Top 6 countries) ក្នុងចំណោមប្រទេសទាំង ១២ ដែលមានចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលកម្ពុជាច្រើនជាងគេ គឺប្រទេសថៃ ចិន វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសកូរ៉េ។ ដោយសារប្រទេសទាំងនេះនាំមុខគេលើជើងហោះហើរ និងចំនួនអ្នកដំណើរ កម្ពុជាត្រូវបានដាក់ជាគោលដៅទេសចរណ៍អន្តរជាតិដែលមិនគួរមើលរំលង ដើម្បីស្វែងរកបទពិសោធន៍វប្បធម៌ប្លែកៗ និងធម្មជាតិដ៏សម្បូរបែប។
ជាមួយនឹងស្ថិតិដ៏ជោគជ័យ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់វិស័យទេសចរណ៍ ឆ្នាំ២០២៥ កំពុងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។
- Video Advertisement -