បច្ចុប្បន្នភាពនៃតម្លៃ និងនិន្នាការទីផ្សារអចលនទ្រព្យធំៗទាំង ៤ប្រភេទ សម្រាប់ត្រីមាសទី១ នៃឆ្នាំ ២០២១
បើទោះបីជាអ្នកជំនាញភាគច្រើនបានព្យាករណ៍កាលពីចុងឆ្នាំ ២០២០ ថាទីផ្សារនឹងមានការងើបឡើងវិញខ្លាំងនៅឆ្នាំ ២០២១ ក្ដី ការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យការព្យាករណ៍ មិនដូចក្ដីរំពឹង ហើយទីផ្សារប្រែជាគ្មានស្ថិរភាពជាងមុនទៅទៀត។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាញកាលពីថ្ងៃទី ៦ មេសា នេះ។
របាយការណ៍ដដែលបង្ហាញថា បញ្ហាធំៗដែលទីផ្សារកំពុងប្រឈមខ្លាំងរួមមាន ការផ្គត់ផ្គង់លើសតម្រូវការ ការថយចុះនៃរំហូរសាច់ប្រាក់ចូលក្នុងទីផ្សារ និងភាពយឺតយ៉ាវនៃការដ្ឋានសាងសង់របស់គម្រោងនានា។
សម្រាប់ត្រីមាសទី ១ នេះទៀតសោត ការផ្លាស់ប្តូរដែលគួរឱ្យកត់សម្គាល់បំផុត គឺតម្លៃលក់បុរីជាមធ្យមថយចុះប្រមាណ ១៥% បន្ទាប់ពីទីផ្សារមួយនេះ បានរក្សាលំនឹងយកឈ្នះឥទ្ធិពលកូវីដ ១៩ រយៈពេលជាងមួយឆ្នាំ។
ដោយឡែក ផ្សារទំនើប នៅរងផលប៉ះពាល់ធ្ងន់ជាងគេ ពោលគឺស្ថិតនៅកម្រិតជិត -៥០% ក្រោមបន្ទាត់គោលមុនព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ លើសពីនេះ ទីផ្សារការិយាល័យ បន្តរងសម្ពាធ ប៉ុន្ដែឃើញថាថ្លៃជួលចាប់ផ្ដើមមានស្ថិរភាព បន្ទាប់ពីធ្លាក់ចុះអស់ពេលជាងមួយឆ្នាំ។
យ៉ាងណាមិញ ទីផ្សារខុនដូកំពុងស្ថិតក្នុងដំណាក់កាលធ្លាក់ចុះ ដោយកំពុងប្រឈមនឹងបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ក៏ដូចជាបញ្ហាយឺតយ៉ាវ ឬការពន្យារពេលបញ្ចប់ការដ្ឋានគម្រោង។ បញ្ហានេះ ភាគច្រើនបណ្ដាលមកពីការបាត់បង់ទីផ្សារវិនិយោគិនបរទេសមួយចំណែកធំ។
របាយការណ៍ដដែល ក៏បានសង្ខេបស្ថានភាពលម្អិតនៃផ្នែកទីផ្សារនីមួយៗដូចខាងក្រោម៖
ខុនដូ
ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ មានគម្រោងចំនួន ៤ ដែលបានបញ្ចប់ការសាងសង់ ដោយបន្ថែមការផ្គត់ផ្គត់ប្រមាណ ៧៩៣ ទៅនឹងក្នុងទីផ្សារ ឬស្មើនឹង ៧% នៃចំនួនសរុបជាង ១០ ម៉ឺនយូនីត ដែលព្យាករថានឹងបង្ហាញខ្លួនក្នុងឆ្នាំ ២០២១។
តម្លៃលក់កើនឡើងប្រមាណ ៤,៨% និង ៣,៥% សម្រាប់ខុនដូកម្រិតខ្ពស់ និងខុនដូតម្លៃសមរម្យ ពោលគឺប្រមាណ ៣.០០០ ដុល្លារ និង ១.៥០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកតម្លៃលក់សម្រាប់ខុនកម្រិតមធ្យមវិញ ធ្លាក់ចុះ ០,៤% បើធៀបនឹងត្រីមាសមុន។
យ៉ាងណាមិញ សម្រាប់តម្លៃជួលវិញ ក៏កើនឡើងតិចតួចប្រមាណ ១,៧% សម្រាប់ខុនដូកម្រិតខ្ពស់ ១,៣% សម្រាប់ខុនកម្រិតមធ្យម និង ៥,៤% សម្រាប់ខុនដូតម្លៃសមរម្យ។

បុរី
តម្លៃអចលនទ្រព្យប្រភេទបូរី ជាមធ្យមធ្លាក់ចុះ ១៥% បន្ទាប់ពីទីផ្សារនេះមានលំនឹង និងអាចទប់ទល់នឹងវិបត្តិកូវីដបានជាងមួយឆ្នាំ។ យ៉ាងណាក្ដី ការធ្លាក់ថ្លៃនេះ មិនមែនដោយសារតែ វិបត្តិកូវីដមួយមុខទេ ប៉ុន្ដែក៏ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារ និងនិន្នាការនៃការផ្លាស់ប្តូរទីតាំងគម្រោងទៅជាយក្រុង។
នៅពេលដែលមានអ្នកអភិវឌ្ឍន៍កាន់តែច្រើនឡើង ទីផ្សារក៏មានជម្រើសច្រើន តម្លៃក៏មានទំនោរនឹងធ្លាក់ដែរ។ ដូចគ្នានេះ ដោយសារគម្រោងបូរីកាន់តែខិតចេញទៅជាយក្រុងកាន់តែឆ្ងាយ តម្លៃដីដ៏ទាបជាងមុន ទើបធ្វើឱ្យតម្លៃលក់ក៏ធ្លាក់ចុះផងដែរ។
ក្នុងរយៈពេល ៦ខែ ចុងក្រោយ មានគម្រោង ១១ ដែលបានបញ្ចប់ការសាងសង់ បន្ថែមជាង ៤.៥០០ផ្ទះ ក្នុងទីផ្សារ។ លើសពីនេះ ក៏មានការបើកលក់គម្រោងសរុប ២១ គម្រោង ដែលនឹងបន្ថែម ១៥.៥០០ផ្ទះ ទៀតទៅក្នុងទីផ្សារនាពេលអនាគត។

ការិយាល័យ
អត្រានៃជួល ឬកាន់កាប់មានសរុប ៧៤,៧% ដែលធ្លាក់ចុះ ២,៣% បើធៀបនឹងត្រីមាសមុន។ ក្នុងត្រីមាសទី ១ នេះ មានគម្រោងថ្មី ២ បញ្ចប់ការសាងសង់ ដោយបន្ថែមការផ្គត់ផ្គង់ជាង ១៨,០០០ ម៉ែត្រការ៉េ ទៅក្នុងទីផ្សារ។
តម្លៃជួលវិញ ឃើញថាកើនឡើងបន្តិចបន្តួច ពោលគឺកើនឡើងប្រមាណ ៣% សម្រាប់គ្រប់ប្រភេទការិយាល័យទាំងអស់។ ស្ថិរភាពនៃតម្លៃជួលនេះ គឺដោយសារតែតម្លៃជួល បានធ្លាក់ចុះអស់ពេលជាងមួយឆ្នាំរួចហើយ។
ទន្ទឹមនឹងនេះ តម្លៃលក់ការិយាល័យសហកម្មសិទ្ធិជាមធ្យមគឺ ៣.១២៩ ដុល្លារអាមេរិក ជាមួយនឹងអត្រាកំណើនផលចំណេញ ៧,៩%។

ទីផ្សារផ្សារទំនើប
វិស័យនេះនៅតែរងសម្ពាធខ្លាំងជាងគេ ពិសេសដោយសារតែការរីករាលដាលក្នុងសហគមន៍ថ្មីៗនេះ។ យោងតាម Google Mobility Tracker ត្រឹមចុងខែមីនា វិស័យនេះស្ថិតជិត -៥០ ភាគរយ ក្រោមបន្ទាត់គោលមុនព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ក្នុងត្រីមាសទី ១ នេះ មានផ្សារទំនើប ៤ កន្លែង បញ្ចប់ការសាងសង់រួមមាន Green Avenue នៅសែនសុខ Tk Central នៅទួលគោល View Park Mall នៅខណ្ឌដូនពេញ និងភូមិបឹងស្នោរ នៅច្បារអំពៅ។ ផ្សារទំនើបទាំង ៤ នេះបានបន្ថែម ផ្ទៃក្រឡាផ្គត់ផ្គត់សរុប ២៨,០០០ ម៉ែត្រការ៉េ ទៅក្នុងទីផ្សារ។

- Video Advertisement -