ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់៖ កម្ពុជាចូលរួមកិច្ចប្រជុំយន្តការពិគ្រោះយោបល់ផ្លូវសមុទ្រអាស៊ាន-ចិន លើកទី១៥ និងសិក្ខាសាលាថ្នាក់តំបន់ស្តីពីសុវត្ថិភាពនាវាចម្លងនៅប្រទេសចិន
ភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងនាមជាសហប្រធានកិច្ចប្រជុំ ACMCM លើកទី១៥ និងការជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផ្លូវទឹកនិងផ្លូវសមុទ្រប្រកបដោយចីរភាព
កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិលើវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រត្រូវបានយកចិត្តទុកដាក់ តាមរយៈការចូលរួមរបស់គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំយន្តការពិគ្រោះយោបល់ផ្លូវសមុទ្រអាស៊ាន-ចិន លើកទី១៥ (15th ACMCM) និងសិក្ខាសាលាថ្នាក់តំបន់ស្តីពីសុវត្ថិភាពនាវាចម្លង លើកទី៦ (6th ARF Workshop on Ferry Safety) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអមដំណើរដោយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ដើម្បីផ្លាស់ប្តរបទពិសោធន៍ និងស្វែងរកដំណោះស្រាយរួមគ្នាលើសុវត្ថិភាពនាវាចរណ៍។
តាមរយៈសំណើរបស់ភាគីចិន ឯកឧត្តម ហេង សុធី ត្រូវបានផ្តល់កិត្តិយសឱ្យបំពេញតួនាទីជាសហប្រធានកិច្ចប្រជុំយន្តការពិគ្រោះយោបល់ផ្លូវសមុទ្រអាស៊ាន-ចិន លើកទី១៥ ខណៈដែលលោក សួន វ៉ាន់ស ប្រធាននាយកដ្ឋាននាវាជំនួញសមុទ្រ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមជាសហប្រធានដឹកនាំវគ្គក្នុងសិក្ខាសាលាស្តីពីសុវត្ថិភាពនាវាចម្លង លើកទី៦ ផងដែរ។ កិច្ចប្រជុំ និងសិក្ខាសាលាទាំងនេះបានដើរតួនាទីជាវេទិកាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹងបច្ចេកទេស និងការធានាឱ្យបាននូវសុវត្ថិភាពនាវាចរណ៍ក្នុងតំបន់អាស៊ាន និងប្រទេសចិន។
បន្ថែមពីលើនេះ នាព្រឹកថ្ងៃដដែល ឯកឧត្តមអគ្គនាយកក៏បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Xu Wei អគ្គនាយកនៃរដ្ឋបាលសុវត្ថិភាពនាវាចរណ៍សមុទ្រចិន (China MSA) ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងសុវត្ថិភាពនាវាចរណ៍ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាកាលពីខែសីហា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនផ្លូវសមុទ្ររវាងប្រទេសទាំងពីរ និងបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងការសម្តែងការគាំទ្ររបស់កម្ពុជាក្នុងនាមជាសហប្រធានចំពោះឯកសារ Concept Note and ToR on ASEAN-China Maritime Development Cooperation Center។
ក្នុងឱកាសនៃកិច្ចបេសកកម្មនេះដែរ ឯកឧត្តម ហេង សុធី ក៏បានផ្តល់កិច្ចសម្ភាសន៍ដល់បណ្តាញសារព័ត៌មានអន្តរជាតិ ដោយបានលើកឡើងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក គម្រោងស្រាវជ្រាវបច្ចេកទេសស្តីពីប្រភេទនាវាចម្លងស្តង់ដារ (Standardized Ferry Types) និងទិសដៅអនាគតក្នុងការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។
ការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងកិច្ចប្រជុំយន្តការពិគ្រោះយោបល់ផ្លូវសមុទ្រអាស៊ាន-ចិន និងសិក្ខាសាលាថ្នាក់តំបន់ស្តីពីសុវត្ថិភាពនាវាចម្លង បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តដ៏មុតស្រួចក្នុងការលើកកម្ពស់ស្ដង់ដារសុវត្ថិភាពនាវាចរណ៍ និងការពង្រឹងទំនាក់ទំនងការទូតសេដ្ឋកិច្ចតំបន់។ ការផ្លាស់ប្តូរយកបទពិសោធន៍ ការកសាងសមត្ថភាពបច្ចេកទេស និងការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្តែង នឹងបន្តជាកាតាលីករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឱ្យឈានទៅរកភាពរីកចម្រើនប្រកបដោយប្រសិទ្ធភាព និងចីរភាពខ្ពស់។ (អានបន្ថែម)

- Video Advertisement -