រដ្ឋអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍបៃតង
សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានរៀបចំជា ១២គន្ថី និង៨៦៥មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចឯកភាពហើយ ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
សេចក្តីព្រាងក្រមនេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងប្រមូលផ្តុំសំយោគនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបន្ស៊ីទៅនឹងតួនាទី ភារកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ងាយស្រួលក្នុងការអនុវត្តមុខងាររបស់ខ្លួន ស្របតាមការរីកចម្រើននៃសង្គមជាតិ។
ក្នុងន័យនេះ សេចក្តីព្រាងក្រមនេះ បានបំពេញបន្ថែមនិងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់និង លិខិតបទដ្ខានពាក់ព័ន្ធជាធរមាន មានជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ក្នុងគោលដៅបន្តជំរុញដំណើរការ អភិវឌ្ឍប្រទេសជាតិនិងការពង្រឹងនីតិរដ្ឋ ទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងប្រកបដោយចីរភាព។
ចំណែកអត្ថប្រយោជន៍សំខាន់ៗ ដែលនឹងទទួលបានពីសេចក្តីព្រាងនេះ រួមមាន៖
- ពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស និងការស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព
- កំណត់ទិសដៅរួមជា យុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ
- ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់បណ្តាក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ ក្នុងការចូលរួមកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ
- បង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង ការពារ អភិរក្ស និងស្ដារឡើងវិញនូវ ធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិនិងវប្បធម៌ សំដៅធានាបាននូវការអភិវឌ្ឍប្រកប ដោយចីរភា ព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់
- ផ្តល់យន្តការជំរុញ និងលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវអំពីបរិស្ថានដល់គ្រប់មជ្ឈដ្ឋានសង្គម
- ដើរតួជាបទប្បញ្ញត្តិគោលមួយដ៏រឹងមាំសម្រាប់មន្រ្តីអនុវត្តច្បាប់ ជាពិសេសមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសបរិស្ថាន និងធនធានធម្មយតិ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់។
ក្រៅពីការអនុវត្តនូវសេចក្តីព្រាងក្រមខាងលើនេះ រាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តនៅជុំវិញបឹងទន្លេសាប សិក្សាស្រាវជ្រាវ និងពិនិត្យលទ្ធភាពក្នុងការសាងសង់ទ្វារទឹកផ្នែកណាមួយនៅបឹងទន្លេសាប ដើម្បីតម្កល់ទឹកទុកក្នុងបឹងទន្លសាបកុំឱ្យទឹកហូរចេញលឿនពេក ដោយត្រូវសិក្សាអំពីផលប៉ះពាល់ផ្សេងៗ លើទិដ្ឋភាពច្បាប់ បរិស្ថាន ដីធ្លី និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។
- Video Advertisement -