អគារទីស្នាក់ការកណ្តាលដ៏ធំស្កឹមស្កៃ របស់គណបក្សប្រជាជនកម្ពុជា សម្រេចបាន ៩៥%

គិតត្រឹមថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០ នេះ អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាថ្មី លើផ្ទៃដី ១, ៦ ហិកតា សម្រេចការសាងសង់បានប្រមាណ ៩៥% បន្ទាប់ពីដំណើរការសាងសង់បានជាងមួយឆ្នាំកន្លះរួចមក។ នេះបើយោង ទំព័រហ្វែសបុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

យោងតាមប្រភពដដែលបានឱ្យដឹងថា អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាថ្មីនេះ  ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ១, ៦ ហិកតា ដែលមានកម្ពស់ ៥ ជាន់។ បើគិតពីទីលានមហាជនខាងមុខ រហូតទៅដល់កំពូលពេជ្រ មានកម្ពស់ ៤៨ ម៉ែត្រ និងទំហំសំណង់អគារជាង ៥០.០០០ ម៉ែត្រក្រឡា បណ្ដោយ ១៥០ ម៉ែត្រ ទទឹង ៧៤ ម៉ែត្រ ។

ចំពោះលក្ខណៈពិសេសនៃអគារនេះវិញ នៅជាន់ផ្ទាល់ដី មានចំណតរថយន្តជាង ៥០០ ចំណត និងទីធ្លាមុខអគារសម្រាប់មហាជន អាចចតរថយន្តបាន ៣០០ គ្រឿង។ រីឯនៅជាន់លើ មានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញ (Meeting) ដែលមានសមត្ថភាពអាចដាក់មនុស្សបានចំនួនប្រមាណជា ១ ម៉ឺននាក់។

ចំពោះផ្នែកនៅក្នុងអគារ មានសាលបដិសណ្ឋារកិច្ច ដែលមានទំហំ ៣ ពាន់ម៉ែត្រក្រឡា អាចដាក់មនុស្សអង្គុយបានប្រមាណជាង ៤.០០០ នាក់។  ភ្ជាប់ជាមួយនោះ នៅផ្នែកខាងត្បូងអគារ មានអាហារដ្ឋានមួយកន្លែង ដែលអាចបម្រើសេវាមនុស្សបានចំនួន ១២០ នាក់ក្នុងមួយពេលៗ។

បន្ថែមពីនេះ អគារនេះ មានបន្ទប់សោតទស្សន៍ បន្ទប់កាត់សក់ បន្ទប់រដ្ឋបាល បន្ទប់សម្រាប់ជនពិការ ឃ្លាំង មានបន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ មានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់សម្ដេចប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ។

ចំណែកនៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអី អាចដាក់មនុស្សបានប្រមាណ ៣.៤៧៤ នាក់ មានទីសម្រាកនៅសងខាងដែលអាចដាក់មនុស្សបាន ៣.៤៧០ នាក់ផងដែរ។

ចំពោះសោភ័ណភាពនៃការរចនាអគារ ដ៏ធំសម្បើមនេះ តុបតែងឡើងជាមួយក្បូរក្បាច់ ដែលទំព័រហ្វែសបុកសម្តេចឱ្យឈ្មោះថា “រចនាបថរួមសម័យ” ដោយមានរចនាបថបីរួមចូលគ្នាគឺ រចនាបថប្រាសាទអង្គរវត្ត រចនាបថបន្ទាយស្រី និងរចនាបថសម័យកណ្ដាល។

គួរបញ្ជាក់ផងដែលថា អគារនេះត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមានព្រឹទ្ធសភា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]

កម្ពុជាទទួលបានគម្រោងជលផលសមុទ្រ​ និង​តំបន់ឆ្នេរប្រកបដោយចីរភាព មានតម្លៃ ៧៣លានដុល្លារ

កម្ពុជា ទទួលបានគម្រោង ជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]

វិស័យឯកជនកម្ពុជា-បារាំង នឹងដំណើរការគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

កិច្ចសហការ​ដ៏​មាន​ចក្ខុវិស័យ​មួយ​ពី​កសិដ្ឋាន​ដល់​តុ​អាហ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ជប៉ុនផ្តល់ឥណទាន ១១៩ លានដុល្លារ ជួយគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅខេត្តព្រះសីហនុ

ភាពជាដៃគូហិរញ្ញវត្ថុ រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យ […]