អនាគតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិព្រះសីហនុ ក្រោមចក្ខុវិស័យវែងឆ្ងាយនាយករដ្ឋមន្ត្រីខ្មែរ

តើខេត្តព្រះសីហនុ ១០ ឆ្នាំក្រោយនឹងទៅជាយ៉ាងណា?

“ទីក្រុងពហុបំណង” ដែលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កាលពីសប្ដាហ៍មុននេះ បានកំណត់គោលដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលអភិវឌ្ឍន៍ជាតិ រួមជាមួយនឹងការអភិវឌ្ឍខ្លួនក្លាយជា ក្រុងពហុបំណងក្នុងល្បឿនដ៏លឿន។

គម្រោងជាច្រើន បើរាប់ត្រួសៗរួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ទីតាំង ស្ថិតនៅលើផ្ទៃដីសរុបប្រមាណ ២៥៨៦,២៦ ហិកតា ដែលមានទំហំទុនវិនិយោគសរុបជាង១ ៤៨១លានដុល្លារ។ ក្រៅពីនេះ ផែនការមេពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុដល់ឆ្នាំ ២០៤០ ផែនការមេទីក្រុងរាម និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ជាដើម។

ក្បែរៗជិតខាងខេត្តនេះ គឺកំពង់ផែទឹកជ្រៅខេត្តកំពត និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកែបដែលកំពុងរូតរះបង្ហើយដែរ។ ងាកទៅខាងលិចបន្តិច នៅកោះកុង ផ្លូវជាតិលេខ ៥៥ ដែលទើបបង្ហើយ និងផ្លូវជាតិលេខ ១០ ដែលកំពុងពន្លាតខ្លួន ដើម្បីងាយដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសពីឡាវ ថៃ និងភាគខាងជើងវៀតណាម ចុះទៅសមុទ្រអន្តរជាតិ តាមកំពង់ផែទឹកជ្រៅ ដែលឮថាគ្រោងនឹងសាងសង់ពីរទៀតនៅកោះកុង បូកនឹងព្រលានយន្តហោះអន្តរជាតិតារាសាគរ។

សមិទ្ធផលយក្សៗ ដែលបើមើលតាមផែនការវិនិយោគ ភាគច្រើនគ្រោងនឹងសម្រេចមិនដល់ ១០ ឆ្នាំផងទាំងនេះ សំណួរសួរថា ជាមួយនឹងចំនួនប្រជាពលរដ្ឋត្រឹម ១៦ លាននាក់ប៉ុណ្ណេះនេះ ដែលនឹងអាចកើនអស់ណាស់ត្រឹម ២៥ លាននាក់ប៉ុណ្ណោះ នៅឆ្នាំ ២០៥០  តើសមិទ្ធផលទាំងអស់នេះ ប្រុងនឹងយកទៅប្រើប្រាស់យ៉ាងដូចម្តេច?

យើងលើកទុកសុំមិននិយាយអំពីមូលដ្ឋានយោធា ត្បិតរដ្ឋាភិបាលបានច្រានចោលម្តងហើយម្តងទៀត ចំពោះចំណោទដែលគ្មានមូលដ្ឋានច្បាស់លាស់នេះ។ តែបើនិយាយអំពីសេដ្ឋកិច្ចវិញ គេអាចមើលឃើញព្រាលៗបានថា ខេត្តព្រះសីហនុ កំពុងរំកិលខ្លួនវិវត្តទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ ដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់ ដែលនឹងមានមុខងារជាច្រកសេដ្ឋកិច្ចដ៏សំខាន់ក្នុងការភ្ជាប់ទីផ្សារអាស៊ានដ៏ធំ ទៅនឹងអនាគតមហាអំណាចទីមួយរបស់ពិភពលោក។

ទីផ្សារអាស៊ានសម្រាប់អនាគតមហាអំណាចសេដ្ឋកិច្ចទី១

ចង់ច្បាមទីផ្សារសេដ្ឋកិច្ចអាស៊ាន ចិនត្រូវការកម្ពុជាជាមិត្តជួយ។ បើនិយាយពីនយោបាយការបរទេស ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម និងម៉ាឡេស៊ី ជាពិសេសឥរិយាបថនាយករដ្ឋមន្ត្រីមហាម៉ាត់មហាធា ចំពោះឥទ្ធិពលវិនិយោគចិន បង្ហាញជំហររៀងមានកម្រិតបន្តិចសម្រាប់ចិន។ ឡាវ ជាប្រទេសគោកគ្មានសមុទ្រ (Land locked country) និងមានឥទ្ធិពលតិចតួចក្នុងអាស៊ាន ដូច្នេះដូចជាមិនសំខាន់ពេកទេសម្រាប់ចិន អាចថាត្រឹមកសាងផ្លូវដែកមួយខ្សែពីរ ដើម្បីឆ្លងកាត់ ក្នុងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ចាត់ទុកថាធំពេកណាស់ទៅហើយ។ ចំណែក មីយ៉ាន់ម៉ា ងាយស្រួលសម្រាប់ចិនដែរ តែភូមិសាស្ត្រនយោបាយមិនសូវល្អ។

រីឯសិង្ហបុរី ត្បិតថា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយរួចស្រេចទៅហើយក្តី តែជាប្រទេសតូចពេក ក្រៅតែពីធនធានមនុស្សខ្លាំង តែត្បិតថាខ្លាំងមែនតែតិចពេក ដីក៏តូច សម្បត្តិធនធានធម្មជាតិក៏គ្មាន។ ម្យ៉ាងទៀត ប្រទេសអ្នកមានមួយនេះ មានសេដ្ឋកិច្ចលំដាប់អ្នកអភិវឌ្ឍ (Already a developed country) ស្រេចទៅហើយនោះ ក្នុងក្រសែភ្នែកអ្នកវិនិយោគ គឺជាកន្លែងពិបាករកស៊ីជាងនៅប្រទេសកំពុងអភិវឌ្ឍដែលនៅសល់ឱកាសច្រើន។

កម្ពុជាជាជម្រើសល្អបំផុត សម្រាប់ចិន។ និយាយពីភូមិសាស្ត្រ កម្ពុជាគឺជាប្រទេសស្ថិតនៅចំកណ្តាលអាស៊ានទាំងមូលតែម្តង ទាំងកណ្តាលប្រទេសអាស៊ានដីគោក និងទាំងកណ្តាលប្រទេសអាស៊ានទឹក។ វិនិយោគនៅកម្ពុជា គឺស្មើនឹងអនុញ្ញាតឱ្យលំហូរទំនិញចូលទីផ្សារអាស៊ានដទៃទៀត ដោយមិនបាច់បង់ពន្ធផ្សេងៗជាច្រើនដូចដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានបានចារទុកស្រាប់។

មានហេតុផលច្រើនដែលអាចបញ្ជាក់បានថា កម្ពុជា ជាជម្រើសល្អបំផុត មានសក្តានុពលដែលមិនចេះរីកស្ងួតច្រើន ដែលវិនិយោគចិននៅតែនឹកអាល័យទឹកដីភាគនិរតីនៃប្រទេសតូចតែសម្បូរមួយនេះ។

កម្ពុជានិវត្តន៍ នៃមូលធនចិន

មានកត្តាវិភាគច្រើន ដែលអាចសន្និដ្ឋានបានថា និវត្តន៍វិនិយោគិនចិន មកកម្ពុជា អាចនឹងមានឡើងវិញ ក្នុងទំហំ និងឥរិយាបថមួយថ្មី បន្ទាប់ពីសម័យកាលកូវីដ១៩ទៅ៖

១) មិត្តចាស់ម៉ឺនឆ្នាំ៖ ការរឹតបន្តឹងចំណងមេត្រីក្នុងន័យងាយស្រួលរកស៊ីរបស់ចិនជាមួយអាស៊ាននេះ ច្រកចូលយុទ្ធសាស្ត្រដ៏សំខាន់មួយគឺកម្ពុជា។ កម្ពុជាគឺជាមិត្តដ៏ចំណាស់ និងអាចថាយល់ចិត្តចិនបំផុតក្នុងចំណោមមិត្តអាស៊ាន យោងលើសាវតារមិត្តភាពតាំងពីជំនាន់ជីវតាក្វាន់សម័យអង្គររហូតមកដល់ពេលនេះ មិត្តភាពម៉ឺនឆ្នាំកម្ពុជា-ចិន ហាក់ពុំដែលឃើញមានភាពល្អក់កករនឹងគ្នាមួយគ្រាសោះ។

២) អនាគតពិភពលោក គឺជាសម័យកាលអរិយធម៌អាស៊ី មិនមែនជាសម័យកាលបស្ចិមប្រទេសទៀតទេ៖

នរណាៗក៏ដឹងដែរអំពីការធ្លាក់កូតនៃប្រជាប្រិយភាពមហាអំណាចអាមេរិក ចាប់តាំងពីដូណាល់ត្រាំឡើងកាន់អំណាច និងការដកឥទ្ធិពលនយោបាយការបរទេសពីតំបន់អាស៊ីបាស៊ីហ្វិច និងការងើបឡើងនៃអនុត្តរភាព (Hegemony) មហាអំណាចចិនទៅជាមេដឹកនាំពិភពលោកថ្មី។ អនុត្តរភាពនៃមហាអំណាចថ្មី ដែលគំាទ្រដោយប្រេងថ្មី គឺទិន្នន័យឌីជីថល ចិនត្រូវការធនធានទ្រទ្រង់សេដ្ឋកិច្ច ហើយអាស៊ានអាចបំពេញតម្រូវការនេះបាន ដោយសារនៅមានសក្តានុពលដែលនៅមិនទាន់ទាញយកមកប្រើអស់នៅឡើយ លាតសន្ធឹងលើផ្ទៃដីដល់ទៅ ៤ ៤០២ ៩៧៩ គ.មពោលគឺជិត ១ ភាគ ៣ នៃទ្វីបអាស៊ីទាំងមូល។

៣) កូវីដ១៩ បានជួយជំរុលភាពតានតឹងសង្គ្រាមពាណិជ្ជកម្មចិន និងអាមេរិក៖ និងបានជួយវៀតទីឥទ្ធិពលសេដ្ឋកិច្ចចិនឱ្យខិតមកអាស៊ានខ្លាំងជាងមុន។ ជាមួយនឹងចំនួនប្រជាពលរដ្ឋសរុប ៦២២ លាននាក់ ត្រឹមឆ្នាំ ២០២០ នេះ អាស៊ាន គឺជាទីផ្សារសេដ្ឋកិច្ចដ៏ធំមួយរបស់ពិភពលោក ដែលមានសក្តានុពលសេដ្ឋកិច្ចអាចថានៅសល់ច្រើនមិនទាន់ប្រើអស់ ជាពិសេសបើធៀបទៅអ៊ឺរ៉ុប ដែលសឹងតែរីកស្ងួតអស់ទៅហើយនោះ។ ទីផ្សារដ៏ធំសម្រាប់ចិញ្ចឹមសេដ្ឋកិច្ចមហាយក្សចិននេះ នឹងរីកកាន់តែធំថែមទៀត ពោលគឺត្រឹមឆ្នាំ ២០៥០ អាស៊ាន នឹងក្លាយជាទីផ្សារធំបំផុតទី ០៤ នៃពិភពលោក។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមានឆន្ទៈពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគ និងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន។

ថ្លែងទៅកាន់សន្និសីទកាសែតអ្នកនាំពាក្យក្រសួង លោក Gao Feng បាននិយាយថា “ប្រទេសចិនមានបំណងធ្វើការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីប្រើប្រាស់ឱ្យបានពេញលេញនូវការរៀបចំពាណិជ្ជកម្មសេរីក្នុងតំបន់ដែលពាក់ព័ន្ធ និងគាំទ្រដល់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីក្នុងចំណោមក្រុមហ៊ុន។”

៤) FTA រវាងចិនកម្ពុជាកំពុងចរចា៖ យ៉ាងយូរប្រហែលជាចុងឆ្នាំនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាចិន អាចនឹងឈានដល់ការចុះហត្ថលេខាបញ្ចប់ចុងក្រោយ។ កិច្ចព្រមព្រៀងនេះ មានន័យធំធេងសម្រាប់ដង្ហើមសេដ្ឋកិច្ចកម្ពុជា ដែលក្បាលម៉ាស៊ីនសេដ្ឋកិច្ចត្រូវបានវាយឡើងទ្រោមដោយសារមេរោគកូវីដ១៩ នេះ កម្ពុជាក៏នៅត្រូវការចិនដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដែរ។

សម្តេចតេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា “ពេលណាកម្ពុជា​មាន​ពាណិជ្ជកម្មសេរីជាមួយចិន នោះទីផ្សារ​ចិន នឹងបើកចំហរទីផ្សារ​សម្រាប់ផលិតផល​កម្ពុជា ដែលវា​ជាផលប្រយោជន៍​សេដ្ឋកិច្ចដ៏សំខាន់។​”

កាលណាមានកិច្ចព្រមព្រៀងនេះ ប្រាកដណាស់ លំហូរវិនិយោគិនដោយផ្ទាល់ពីបរទេស ដែលធ្លាប់មានបទពិសោធន៍ និងមូលដ្ឋាន ទាំងធនធាន ទ្រព្យ និងបណ្តាញនៅក្នុងទីផ្សារសេដ្ឋកិច្ចកម្ពុជារួចទៅហើយនោះ នឹងកាន់តែមានខ្លាំង និងច្រើនជាងមុន។

អនាគតដែលមិនយូរពេក ហើយក៏មិនឆាប់ពេក

តាមរយៈទឡ្ហីករណ៍ដែលបានលើកមកត្រួសៗនេះ យើងអាចស្រមៃបានខ្លះៗអំពីអនាគតក្រុងព្រះសីហនុដែលអាចនឹងក្លាយជា “មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិព្រះសីហនុ” ។ អនាគត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិក្រុងព្រះសីហនុ ដែលនាយករដ្ឋមន្ត្រីខ្មែរ បានព្រលយពាក្យនេះ កាលពីពេលចុះពិនិត្យវឌ្ឍនភាពផ្លូវ ៣៤ ខ្សែកន្លងទៅនេះ ពាក្យនេះបង្កប់មហិច្ឆតាធំជាង ត្រឹមតែជាគម្រោងអភិវឌ្ឍទីក្រុងធម្មតា។

“…នេះ គឺជាការស្រមៃ។ ប្រហែលជាត្រូវការមនុស្សជំនាន់ក្រោយ ដែលគេត្រូវធ្វើរឿងនេះបន្តទៀត…”​​ ប្រសាសន៍
សម្តេច។

ចំពោះសំណួរថា តើអភិវឌ្ឍនកម្មទីក្រុងពហុបំណងនេះ នឹងនាំមកនូវអត្ថប្រយោជន៍អ្វីខ្លះដល់ជាតិមាតុភូមិ ជាពិសេសប្រជាពលរដ្ឋម្ចាស់ស្រុកមូលដ្ឋាននោះ វាអាស្រ័យលើថា តើនៅពេលនោះ យើងមានហេដ្ឋារចនាសម្ព័ន្ធច្បាប់ រដ្ឋបាល និងធនធានមនុស្សគ្រប់គ្រាន់ដែរឬទេ សម្រាប់ស្រូបទាញយកផលប្រយោជន៍ទាំងនោះ។

ធនធានមនុស្ស គឺជាវិស័យគន្លឹះដែលត្រូវវិនិយោគ។ គន្លឹះនៅត្រង់ថា​ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ទាមទារសមត្ថភាពយ៉ាងហោចណាស់ក៏ក្បែរសិង្ហបុរីដែរ ដើម្បីយកមកប្រើការកើត។ នៅពេលនោះ កម្ពុជាអាចនឹងប្តូរក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ខ្លួន ដែលធ្លាប់តែពឹងលើវិស័យ៣ធំៗ គឺទេសចរណ៍ សំណង់ និងវាយនភណ្ឌ មកពឹងលើទេសចរណ៍ បច្ចេកវិទ្យា និងឧស្សាហកម្មធុនធ្ងន់វិញបានហើយ។ ធ្វើដូចនេះបាន នោះគោលនយោបាយដំឡើងឋានៈសេដ្ឋកិច្ចប្រទេសពីកម្រិតចំណូលទាបមធ្យមទៅ ចំណូលមធ្យមកម្រិតខ្ពស់ (Upper Middle Income) នៅឆ្នាំ ២០៣០ និងទៅជាប្រទេសចំណូលខ្ពស់ (High income country) នៅឆ្នាំ ២០៥០ របស់រដ្ឋាភិបាលនោះ នឹងអាចសម្រេចបានជាក់ជាពុំខាន។

វិស័យអចលនទ្រព្យនឹងនៅតែដើរតួសំខាន់ ក្នុងដំណើរនគរូបនីយកម្មទីក្រុងពហុវិស័យដ៏យូរឆ្នាំនេះ ចាប់ពីពេលនេះតទៅ។ អ្វីដែលវិនិយោគិនខ្មែរ និងអ្នកមានលទ្ធភាពទូទៅ គួរត្រៀមខ្លួន គឺការចាប់ផ្តើមចូលរួមវិនិយោគឱ្យហើយ ពុំនោះទេឱកាសទទួលផលប្រយោជន៍ លើភាគផលកើតចេញពីជោគជ័យនៃអនាគតទីក្រុងពហុវិស័យអាចនឹងកាន់តែចង្អៀតពិបាកចូលចុះ។

ទោះយ៉ាងណាក្តី គេសង្កេតឃើញកម្ពុជាហាក់មានភាពចាស់ទុំជាងមុនក្នុងការរកស៊ីជាមួយបរទេស រាប់ទាំងជាមួយចិន ជាពិសេសគឺបទពិសោធន៍ជាមួយចិនកាលពីមុនបិទល្បែងអនឡាញ និងមេរៀនដែលគ្រប់ប្រទេសទទួលបានពីកូវីដ ១៩ ថ្មីៗនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ទិញយកបច្ចេកវិទ្យាថ្មីដើម្បីពង្រឹងសមត្ថភាពវិភាគសំណង់ហេដ្ឋារចនាសម្ព័ន្ធ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានទិញយកក្រុមហ៊ុន Tal […]

Bentley ធ្វើទំនើបកម្ម Labs XR៖  អាចមើលផែនការគម្រោងហេដ្ឋារចនាសម្ព័ន្ធបែបរស់រវើក

ឧបករណ៍ថ្មីមួយពី Bentley Labs កំពុងផ្លាស់ប្ដូរវិធីដែលមនុ […]

អាមេរិកសម្រេចផ្តល់ថវិកា ១០០លានដុល្លារ គាំទ្រដល់ការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិតេជោ

ត្រូវ​បាន​អនុម័ត​ដោយ DFC មូលនិធិ​យុទ្ធសាស្ត្រ​នេះ​មាន​គ […]

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប សម្រេចជាង ៩០% ហើយ

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) […]

កម្ពុជា និងវៀតណាម ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឆ្លងដែន ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ប៉េង ពោធិ៍នា និ […]