ធុរកិច្ចចិនចំនួន ២៥ស្ថាប័ន មកស្វែងយល់សក្តានុពល និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា
វិទ្យាស្ថាន CIIDS នៃទីក្រុងប៉េកាំង ក្រោមគំនិតផ្តួចផ្តើម CamTIPA បានដឹកនាំគណៈប្រតិភូជួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីវាយតម្លៃឱកាសយុទ្ធសាស្ត្រដែលគាំទ្រដោយការលើកទឹកចិត្តវិនិយោគថ្មីៗ
អ្នកធុរកិច្ចចិន ចំនួន ២៥ស្ថាប័ន បានសិក្សាស្វែងយល់ពីសក្តានុពល និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា ដើម្បីជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់។ នេះបើតាមជំនួបពិភាក្សាកាលថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ រវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូធុរកិច្ចនិងវិនិយោគចិន ចំនួន ២៥ស្ថាប័ន ដឹកនាំដោយលោក Wang Boyong អនុប្រធាន និងជាអគ្គលេខាធិការន វិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍(CIIDS)។
នាជំនួបនេះ គណៈប្រតិភូធុរកិច្ចចិនបានឱ្យដឹងថា ជំនួបនេះធ្វើឡើងដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ឱ្យបានលម្អិតពីកាលានុវត្តភាពយុទ្ធសាស្ត្រ និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា។ វិនិយោគិនចិន ក៏បង្ហាញពីគម្រោងផែនការជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់ផងដែរ។
ជាមួយគ្នានោះ គណៈប្រតិភូធុរកិច្ច និងវិនិយោគចិនក៏បានសម្តែងអំណរគុណ ភាគីកម្ពុជាដែលបានទទួលជួប និងផ្តល់នូវអនុសាសន៍ណែនាំព្រមទាំងបានសម្តែងនូវទំនុកចិត្តយ៉ាងមុតមាំចំពោះសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាក្នុងការឈានទៅសម្រេចបាននូវកិច្ចសហប្រតិបត្តិការវិនិយោគជាក់ស្តែងនាពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍ប្រតិភូចិន ដែលមកស្វែងយល់ផ្ទាល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ ក្នុងគោលបំណងពិចារណាជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់របស់ខ្លួន។ ឯកឧត្តម ក៏បញ្ជាក់ពីបរិយាកាសវិនិយោគប្រអំណោយផលរបស់កម្ពុជា រួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់វិនិយោគថ្មីដែលផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តខ្ពស់។
សូមជម្រាបថា CIIDS គឺជាវិទ្យាស្ថានស្រាវជ្រាវ និងគោលនយោបាយ (Think Tank) ដ៏លេចធ្លោមួយ មានទីស្នាក់ការនៅក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ CIIDS ផ្តោតការសិក្សាស្រាវជ្រាវលើការអភិវឌ្ឍ និងការច្នៃប្រឌិត ស្វែងយល់ និងគាំទ្រដល់មាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ប្រទេសចិន ក៏ដូចជាផ្តល់នូវការប្រឹក្សាយោបល់ផ្នែកគោលនយោបាយ និងការគាំទ្រផ្នែកបញ្ញាញាណដល់រដ្ឋាភិបាលចិន។ ដោយឡែក ដែលថាកម្ពុជាជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់ ជាការបង្ហាញថា កម្ពុជាត្រូវបានវិនិយោគិនចិនពិចារណាជាប្រទេសសំខាន់បន្ទាប់សម្រាប់បោះទុនវិនិយោគ ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគល្អ ស្ថិរភាពនយោបាយ និងច្បាប់វិនិយោគដែលផ្តល់ការលើកទឹកចិត្ត។ ជារួម វិនិយោគិនចិនកំពុងមើលកម្ពុជា ជាទីតាំងអាទិភាពបន្ទាប់ សម្រាប់ពង្រីកអាជីវកម្ម ឬវិនិយោគទ្រង់ទ្រាយធំបន្ទាប់ពីការវិនិយោគក្នុងប្រទេសរបស់ខ្លួន៕ (អានបន្ថែម)

- Video Advertisement -