អភិបាលខេត្តត្បូងឃ្មុំកៀរគរក្រុមហ៊ុនម៉ាឡេស៊ីខ្នាតធំមកវិនិយោគលើគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនខ្នាតធំផ្នែកថាមពលកកើតឡើងវិញរបស់ម៉ាឡេស៊ី Sunview Group Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Fabulous Sunview Sdn ដើម្បីកៀរគរឱ្យក្រុមហ៊ុននេះមកវិនិយោគលើគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ និងគម្រោងនានាពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តត្បូងឃ្មុំ កាលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។

ជំនួបរវាងថ្នាក់ដឹកនាំខេត្តនិងធុរជនឆ្នើមៗរបស់ម៉ាឡេស៊ីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានចូលរួមដោយឥស្សរជនឆ្នើមៗ រួមមាន៖ ព្រះអង្គម្ចាស់ Tuanku Syed Faizuddin Putra Ibni Tuanku Syed Sirajuddin Jamalillail, ព្រះអង្គម្ចាស់ Perlis, ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ, លោក Dato’ Sohaimi Bin Shahadan នាយក និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sirage Energy Sdn Bhd ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន។

ជាលទ្ធផលនៃកិច្ចប្រជុំ ដោយមើលឃើញពីសក្តានុពលរបស់ខេត្តត្បូងឃ្មុំដែលត្រូវបានលើកឡើងដោយតំណាងរដ្ឋបាលខេត្ត ភាគីម៉ាឡេស៊ីបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តនេះ និងយល់ព្រមវិនិយោគលើសំណើគម្រោងដំឡើងស្ថានីយថាមពលកកើតឡើងវិញដែលមានសមត្ថភាពផលិតថាមពលបានចន្លោះពី ១០០ មេហ្កាវ៉ាត់ ទៅ ៥០០ មេហ្កាវ៉ាត់ ក្រោមទុនវិនិយោគប្រមាណពី ១០០ ទៅ ៥០០លានដុល្លារ។ សំណើគម្រោងនេះ គ្រោងនឹងអនុវត្តនៅក្នុងខេត្តត្បូងឃ្មុំ ក្នុងពេលដ៏ខ្លីខាងមុខនេះតែម្តង នេះបើយោងតាមប្រសាសន៍ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលទ្រព្យ។

“…ហើយទីពីរ ក្រុមហ៊ុនគេមានឆន្ទៈក្នុងការអភិវឌ្ឍហើយ…គេយល់ព្រមក្នុងការអភិវឌ្ឍហើយ ប៉ុន្តែយើងនៅធ្វើនីតិវិធី ដើម្បីស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ទៅរាជរដ្ឋាភិបាលទៀត ដើម្បីឱ្យ (គម្រោងមានដំណើរការអនុវត្ត) ស្របច្បាប់…” ប្រសាសន៍ឯកឧត្តមអភិបាលខេត្ត។

ជំនួបធុរកិច្ចដ៏សំខាន់នេះ គឺជាការបើកផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ភាគីម៉ាឡេស៊ីចូលមកក្នុងទីផ្សារកម្ពុជា ដោយប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងផ្នែកវិស្វកម្ម លទ្ធកម្ម សាងសង់ និងដំណើរការ (EPCC) នៅក្នុងដែនថាមពលកកើតឡើងវិញ​នៅកម្ពុជា។

ឯកឧត្តមបន្ត ជាមួយនឹងទំហំនៃសមត្ថភាពផ្គត់ផ្គង់ដ៏ធំនេះ គម្រោងនេះនឹងក្លាយជាវិភាគទានដ៏ធំមួយក្នុងការដោះស្រាយតម្រូវការនៃការប្រើប្រាស់ថាមពលក្នុងស្រុក និងជួយលើកកម្ពស់ទាំងប្រភពផ្គត់ផ្គង់ថាមពលស្អាតចូលទៅក្នុងប្រព័ន្ធថាមពលកម្ពុជា ​ ព្រមទាំងជួយសម្រួលដល់ជីវភាព និងកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

ដោយបង្ហាញពីការសាទរចំពោះកិច្ចសហការនេះ លោក HP Ong នាយកប្រតិបត្តិ នៃក្រុមហ៊ុន Sunview Group Berhad បានលើកឡើងថា យើងមានការសាទរចំពោះកិច្ចសហការនេះ ដោយសារកិច្ចសហការនេះនឹងផ្តល់ជាអំណាចដល់យើងក្នុងការពង្រីកទីតាំងភូមិសាស្ត្ររបស់យើងឱ្យលើសពីទីផ្សារក្នុងស្រុករបស់ខ្លួន។ ភាពស៊ីសង្វាក់គ្នានេះ គឺត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងជំហររបស់យើងនៅក្នុងឧស្សាហកម្មមួយនេះ និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។

លើសពីការដាក់ទុនវិនិយោគ កិច្ចសហការនេះបានបង្ហាញពីការយកចិត្តទុកដាក់រួមគ្នាក្នុងការជំរុញការអនុវត្តការរស់នៅប្រកបដោយនិរន្តរភាពផងដែរ។ លោក Ong បានបន្ថែមថា “និរន្តរភាពមិនមែនជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលតែមួយមុខនោះទេ វាទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីយើងម្នាក់ៗ។ នៅពេលយើងធ្វើដំណើរលើផ្លូវនេះ ខ្ញុំមានសុទិដ្ឋិនិយមដោយស្មោះថា កិច្ចសហការនេះនឹងផ្តល់ជាលទ្ធផលដ៏មានអត្ថន័យ រួមចំណែកជាវិជ្ជមានដល់បរិស្ថាន និងសហគមន៍ដែលយើងបានបម្រើដល់។

អ្វីដែលគួរកត់សម្គាល់ ក្រុមហ៊ុន Sunview មានកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍មួយ ជាមួយនឹងគម្រោងដ៏ធំបំផុតរបស់ខ្លួននាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពផលិតថាមពលកកើតឡើងវិញបានដល់ទៅ ១00មេហ្កាវ៉ាត់រួចមកហើយ។

ម្យ៉ាងទៀត Sunview Group គឺជាក្រុមហ៊ុនដែលមានយុទ្ធសាស្ត្រផ្តោតលើប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងបានប្តេជ្ញាចិត្តយ៉ាងច្បាស់ដើម្បីធ្វើពិពិធកម្មទៅក្នុងប្រភពថាមពលស្អាតផ្សេងៗលើសពីថាមពលចេញពីពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុននេះ មានដំណើរការឧបករណ៍សូឡាចំនួន ២១ស្ថានីយរួចមកហើយ នៅក្នុងប្រទេសម៉ាឡេស៊ី និងមានគោលបំណងចម្លងភាពជោគជ័យរបស់ខ្លួនមកប្រទេសកម្ពុជា ជាពិសេសជាងនេះទៅទៀតនោះគឺចង់លើកកម្ពស់ការអនុវត្តថាមពលប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោកថែមទៀតផង៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]