ក្រុមហ៊ុន SCA បង្ហាញទិសដៅចង់ពង្រីកវិនិយោគក្នុងវិស័យព័ស្តុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់នៅកម្ពុជា

លោក Julien Bert នាយកប្រតិបត្តិដែលទើបតែងតាំងថ្មី ជួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាអំពីការអភិវឌ្ឍអាកាសយានដ្ឋានក្រុងព្រះសីហនុ និងការធ្វើសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ខណៈដែលកម្ពុជាពង្រឹងទំនុកចិត្តវិនិយោគិន

ក្រុមហ៊ុន SOCIETE CONCESSIONAIRE DE L’AEROPORT (SCA) មានបំណងចង់ពង្រីកការវិនិយោគក្នុងវិស័យព័ស្តុភារកម្មនៅកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ។ នេះបើតាមជំនួបនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ រវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​​ជាមួយលោក Julien BERT នាយកប្រតិបត្តិនៃក្រុមហ៊ុន SCA ក្នុងឱកាសដែលលោកទើបត្រូវបានតែងតាំង។

នាឱកាសនោះ លោក Julien BERT បានធ្វើបច្ចុប្បន្នភាពអំពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ព្រមទាំងបានចែករំលែកពីទិសដៅរបស់ក្រុមហ៊ុនខ្លួន ក្នុងការពង្រីកការវិនិយោគទៅក្នុងវិស័យព័ស្តុភារកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

ក្នុងជំនួបនេះ លោកអគ្គលេខាធិការ បានសម្តែងការគាំទ្រចំពោះផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងបានជម្រាបជូនពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងប្រព័ន្ធព័ស្តុភារកម្ម សំដៅលើកកម្ពស់ការប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកឡើងពីវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលបានរួមចំណែកស្តារទំនុកចិត្ត និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងពង្រឹងបរិយាកាសវិនិយោគ និងធានាសុវត្ថិភាពជូនវិនិយោគិន និងភ្ញៀវទេសចរដែលអញ្ជើញមកកម្ពុជាផងដែរ។

គួររំឭកដែរថា កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន Cambodia Airports ដែលជាបុត្រសម្ព័ន្ធរបស់ VINCI Airports បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសិក្សារួមគ្នាអំពីសក្តានុពលនៃការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឃ្លាំងស្តុកទំនិញ និងសកម្មភាពអាជីវកម្មពាក់ព័ន្ធ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៤ខែ ដើមឆ្នាំ២០២៦៖ អាកាសយានដ្ឋានកម្ពុជាចំនួន៣ ទទួលបានជើងហោះហើរទ្វេទិស ចំនួន២៣,២០៤ ជើង

អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ចំនួន៣ (តេជោ-សៀមរាបអង […]

១០ ខែ ឆ្នាំនេះ ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស រហូតជាង ៥,៦លាននាក់ កើន១៤%

ក្នុងរយៈ១០ខែ ចាប់ពីខែមករា ដល់ឆ្នាំ២០២៥ នៃឆ្នាំ២០២៥ កម្ព […]