តើកម្មវិធី AssetWise ជួយដោះស្រាយបញ្ហាគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដូចម្ដេច?
អាជ្ញាធរគ្រប់គ្រងផ្លូវជាតិរបស់ប្រទេសអង់គ្លេស ថ្មីៗនេះបានងាកមកប្រើប្រាស់កម្មវិធី Bentley AssetWise ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទិន្នន័យវិស្វកម្ម ក្នុងគោលបំណងដើម្បីគាំទ្រដល់សុវត្ថិភាពផ្លូវថ្នល់ និងបង្កើនប្រសិទ្ធភាពការថែទាំ។
ការងាកទៅប្រើកម្មវិធីឌីជីថលនេះកំពុងផ្លាស់ប្ដូរវិធីគ្រប់គ្រងផ្លូវថ្នល់របស់អង់គ្លេសឱ្យកាន់តែមានប្រសិទ្ធភាព។ តើកម្មវិធីនេះជួយដោះស្រាយបញ្ហាអ្វីខ្លះ ហើយមានអត្ថប្រយោជន៍ដូចម្ដេច។
កាលពីមុន ព័ត៌មានផ្លូវថ្នល់នានាត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធផ្សេងៗគ្នាជាច្រើន ដែលធ្វើឱ្យវិស្វករពិបាកស្វែងរកទិន្នន័យទ្រព្យសម្បត្តិដែលត្រឹមត្រូវ និងសម្របសម្រួលការងារថែទាំឱ្យមានប្រសិទ្ធភាព។
ប៉ុន្តែ Bentley AssetWise បានផ្តល់នូវវេទិកាគ្រប់គ្រងព័ត៌មានឌីជីថលកណ្តាល ដែលរួមបញ្ចូលឯកសារវិស្វកម្ម ទិន្នន័យទ្រព្យសម្បត្តិ និងកំណត់ត្រាការថែទាំទាំងអស់ចូលក្នុងបរិយាកាសឌីជីថលតែមួយដែលមានការតភ្ជាប់គ្នា។
ការទទួលបានព័ត៌មានដែលមានភាពជឿជាក់ និងធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ បានជួយឱ្យក្រុមវិស្វករធ្វើការសម្រេចចិត្តបានលឿនជាងមុន កាត់បន្ថយការងារស្ទួន និងរៀបចំផែនការត្រួតពិនិត្យ និងថែទាំបណ្តាញផ្លូវហាយវេបានកាន់តែមានប្រសិទ្ធភាព។
កម្មវិថីនេះក៏ជួយពង្រឹងការសហការរវាងនាយកដ្ឋាននានា ដោយធានាថាគ្រប់ភាគីទាំងអស់ប្រើប្រាស់ព័ត៌មានគម្រោងដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតដូចគ្នា។
លើសពីនេះ កម្មវិធីក៏បានជួយអាជ្ញាធរផ្លូវថ្នល់បង្កើនប្រសិទ្ធភាពប្រតិបត្តិការ ខណៈដែលគាំទ្រដល់បណ្តាញផ្លូវដែលមានសុវត្ថិភាព និងភាពជឿជាក់កាន់តែខ្ពស់។
ដំណោះស្រាយនេះក៏បង្កើតមូលដ្ឋានរឹងមាំសម្រាប់ការគ្រប់គ្រងវដ្តជីវិតនៃគម្រោងឱ្យវែងជាងមុន ដោយជួយម្ចាស់គម្រោងពន្យារអាយុកាលប្រើប្រាស់គម្រោងតាមរយៈការថែទាំបែបឌីជីថល បង្កើនប្រសិទ្ធភាពការវិនិយោគលើការថែទាំ និងផ្តល់សេវាកម្មកាន់តែល្អប្រសើរដល់អ្នកប្រើប្រាស់ផ្លូវថ្នល់។
- Video Advertisement -