កម្ពុជាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភូមិសាស្ត្រ តាមរយៈវឌ្ឍនភាពថ្មីៗនៃបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍

គម្រោងស្ថានីយវាស់វែងអចិន្ត្រៃយ៍ CORS សម្រេចបានសមិទ្ធផលសំខាន់ៗ និងបញ្ចប់ទៅតាមផែនការជាបន្តបន្ទាប់ ដើម្បីបម្រើដល់ការចុះបញ្ជីដីធ្លី ការរៀបចំទីក្រុងឆ្លាត និងការស្រាវជ្រាវវិទ្យាសាស្ត្រ

ព្រះរាជាណាចក្រកម្ពុជាកំពុងតែធ្វើទំនើបកម្មយ៉ាងសំខាន់លើហេដ្ឋារចនាសម្ព័ន្ធវាស់វែង និងភូមិសាស្ត្រជាតិ ខណៈដែលគម្រោងកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ឬហៅកាត់ថា CORS សម្រេចបាននូវវឌ្ឍនភាពជាបន្តបន្ទាប់។ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ នេះ ក្រុមការងារបច្ចេកទេសបាននិងកំពុងបន្តអនុវត្តការងារយ៉ាងសកម្មទៅតាមផែនការដែលបានកំណត់។ នៅក្នុងដំណាក់កាលចុងក្រោយនេះ សកម្មភាពការដ្ឋានបានផ្ដោតលើការចល័តការដ្ឋាន ការដោះពុម្ព ការថែទាំបេតុង និងការដំឡើងពុម្ពសំណង់សម្រាប់សាងសង់បង្គោលបេតុងនៅតាមស្ថានីយគោលដៅ។ ទន្ទឹមនឹងនេះ ក្រុមវិស្វករក៏បានបន្តជីកប្រឡាយបង្កប់ខ្សែភ្លើង ដំឡើងប្រព័ន្ធការពាររន្ទះ និងរៀបចំទូមេ ដើម្បីធានាបាននូវសុវត្ថិភាព និងនិរន្តរភាពនៃការប្រតិបត្តិការរបស់ស្ថានីយនីមួយៗ។

ឆ្លងកាត់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ គម្រោងយុទ្ធសាស្ត្រមួយនេះសម្រេចបាននូវតួលេខដ៏គួរឱ្យកត់សម្គាល់។ ជារួម គម្រោងសម្រេចបានការសាងសង់បង្គោលបេតុងសរុបចំនួន ៦៦ ស្ថានីយនៅទូទាំងប្រទេស។ លើសពីនេះ ការងារដំឡើងខ្សែភ្លើង ប្រព័ន្ធការពាររន្ទះ និងទូមេ ត្រូវបានបញ្ចប់ជាស្ថាពរចំនួន ៣៧ ស្ថានីយ ដែលនេះជាសញ្ញាណវិជ្ជមានបង្ហាញពីការខិតជិតទៅរកការបង្កើតបណ្ដាញទិន្នន័យឌីជីថលរួមមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។

គោលបំណងចម្បងនៃការបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបនេះ គឺដើម្បីជួយពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលសាធារណៈពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពឆាប់រហ័ស និងត្រឹមត្រូវច្បាស់លាស់។ ការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនានា។ ក្រៅពីការងារសុរិយោដី ស្ថានីយវាស់វែងទាំងនេះនឹងបម្រើដល់ផលប្រយោជន៍ជាច្រើនក្នុងវិស័យផ្សេងទៀត រួមមាន ការវាស់វែង ការកសាងទិន្នន័យផែនទីគោល ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការត្រួតពិនិត្យគុណភាពសំណង់ ការកសាងបណ្ដាញគមនាគមន៍ និងការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងឆ្លាតនាពេលអនាគត។

បើពិនិត្យលើទិដ្ឋភាពបច្ចេកទេស ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS គឺជាបណ្តាញបង្គោលប្រឹថពីវិភាគថ្នាក់ជាតិ ដែលដំណើរការវាស់វែងតាមរយៈផ្កាយរណប ដោយទទួលរលកសញ្ញាជាប្រចាំពីប្រព័ន្ធផ្កាយរណប GNSS។ សញ្ញាដែលទទួលបានពីប្រព័ន្ធសកលនេះ មិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ការវាស់វែង និងការកំណត់ទីតាំងភូមិសាស្ត្រទូទៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរតួជាឧបករណ៍ដ៏សំខាន់សម្រាប់ការត្រួតពិនិត្យចលនានៃស្រទាប់ផែនដី និងការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រកម្រិតខ្ពស់ដទៃទៀតផងដែរ។ (អានបន្ថែម) (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងតួកគី ចាប់ដៃគូអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរក្នុងខេត្តកែប

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការថ្មីបើកផ្លូវឱ្យមានការស្ថ […]

រដ្ឋរៀបចំផែនការប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរនិងដីតំបន់ជុំវិញបឹងទន្លេសាប

រាជរដ្ឋាភិបាលបានពិនិត្យ និងពិភាក្សាលើការកំណត់លក្ខខណ្ឌនៃ […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ […]