Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយឱ្យវិស្វករធ្វើការបានលឿន និងមានប្រសិទ្ធភាពជាងមុន ខណៈដែលនៅតែរក្សាជំនាញ និងការសម្រេចចិត្តរបស់មនុស្សជាចំណុចសំខាន់។

ការងាកមក AI នេះ គឺដើម្បីឆ្លើយតបនឹងបញ្ហាវិស័យហេដ្ឋារចនាសម្ព័ន្ធដែលកំពុងប្រឈមមុខនឹងការខ្វះខាតវិស្វករកាន់តែខ្លាំង ខណៈតម្រូវការសម្រាប់ស្ពាន ផ្លូវ បណ្តាញអគ្គិសនី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅតែបន្តកើនឡើង។

វិធីសាស្ត្ររបស់ Bentley គឺរួមបញ្ចូលសមត្ថភាពរបស់ AI ដែលយល់ភាសាធម្មតាៗ ហើយក៏ចេះវិភាគបញ្ហា និងផ្ដល់ការណែនាំទាក់ទងនឹងវិធីប្រើកម្មវិធីវិស្វកម្មឌីជីថលដែលស្មុគស្មាញឱ្យទៅជាងាយស្រួល។

តាមរយៈ Model Context Protocol (MCP) ជំនួយការ AI អាចទំនាក់ទំនងដោយផ្ទាល់ជាមួយកម្មវិធីរបស់ Bentley ដែលជួយឱ្យវិស្វករគ្រប់គ្រងដំណើរការការងារស្មុគស្មាញតាមរយៈការបញ្ជាដោយប្រើភាសាធម្មតា។

គម្រោងដំបូងៗបានបង្ហាញពីសក្តានុពលរបស់បច្ចេកវិទ្យានេះ។ AI បានជួយកំណត់អត្តសញ្ញាណការរចនាសំណង់មួយដែលអាចកាត់បន្ថយការប្រើប្រាស់ដែកបាន ៤០% ខណៈការពិសោធន៍ផ្សេងទៀតបានកាត់បន្ថយពេលវេលាដែលត្រូវចំណាយលើការងារវិស្វកម្មដែលស្មុគស្មាញ និងចំណាយពេលយូរ។

ទោះជាយ៉ាងណា វិស្វករនៅតែមានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផល។

បច្ចេកវិទ្យានេះកំពុងត្រូវបានសាកល្បងនៅក្នុងវិស័យផ្សេងៗទៀតក្នុងវិស័យ។ ភ្នាក់ងារ AI បានជួយបង្កើតឡើងវិញនូវសំណង់ល្បីៗ ដូចជា អគារ Gherkin នៅទីក្រុងឡុងដ៍ និងស្ពាន Quebec ខណៈក្រុមហ៊ុន Stantec កំពុងប្រើប្រាស់កម្មវិធីដែលដំណើរការដោយ AI ដើម្បីធ្វើស្វ័យប្រវត្តិកម្មផ្នែកខ្លះនៃការរចនាការរៀបចំផ្ទៃដី។

លើសពីនេះ Bentley និង Collins Engineers ក៏បានបង្កើតកម្មវិធីបណ្តុះបណ្តាលសម្រាប់ការត្រួតពិនិត្យស្ពានក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃ ដោយមានជំនួយពី AI សម្រាប់សរសេរកូដ។

លើសពីការរចនា AI ក៏កំពុងត្រូវបានប្រើប្រាស់សម្រាប់តាមដានហេដ្ឋារចនាសម្ព័ន្ធផងដែរ។ នៅតំបន់ Western Cape ប្រទេសអាហ្វ្រិកខាងត្បូង ប្រព័ន្ធ Blyncsy របស់ Bentley កំពុងស្កេនផ្លូវប្រវែង ៥,០០០ គីឡូម៉ែត្រ ដើម្បីស្វែងរកគ្រោះថ្នាក់ ដូចជា របាំងការពារផ្លូវដែលខូច ផ្លាកសញ្ញាដែលបាត់ និងកាកសំណល់នៅលើផ្លូវ។

ម្យ៉ាងវិញទៀត ឧបករណ៍ឌីជីថលក៏កំពុងជួយពន្លឿនការរចនាខ្សែបញ្ជូនអគ្គិសនី ខណៈសហរដ្ឋអាមេរិកកំពុងប្រឈមនឹងតម្រូវការអគ្គិសនីដែលកើនឡើងយ៉ាងឆាប់រហ័ស។

​​​Bentley បានបញ្ជាក់ថា អនាគតនៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងពឹងផ្អែកកាន់តែខ្លាំងលើកិច្ចសហការរវាង AI កម្មវិធីវិស្វកម្មឯកទេស និងអ្នកជំនាញមនុស្ស។ AI មិនមែនទៅជំនួសឱ្យ វិស្វករទេ តែមានគោលបំណងពង្រីកសមត្ថភាពរបស់វិស្វករ ដោយជួយឱ្យពួ​​​កគេចំណាយពេលកាន់តែច្រើនលើការសម្រេចចិត្តស្មុគស្មាញ ខណៈ AI ទទួលបន្ទុកការងារដែលធ្វើជាប្រចាំ និងចំណាយពេលច្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ទិញយកបច្ចេកវិទ្យាថ្មីដើម្បីពង្រឹងសមត្ថភាពវិភាគសំណង់ហេដ្ឋារចនាសម្ព័ន្ធ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានទិញយកក្រុមហ៊ុន Tal […]

អាហ្វ្រិកខាងត្បូងចាប់ដៃគូជាមួយ Bentley Systems ធ្វើទំនើបកម្មផ្លូវថ្នល់ ៥,០០០ គីឡូម៉ែត្រ

នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៃខេត្ត Western Cape នៃប្រទេ […]

រដ្ឋនានានៅអាមេរិកចាប់ផ្ដើមងាកមកប្រើ Dashcam និង AI ដើម្បីវិភាគរកកំហូចផ្លូវ

បច្ចុប្បន្ននេះ ក្រសួងដឹកជញ្ជូននៃសហរដ្ឋអាមេរិក (DOTs) កំ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី […]

រដ្ឋហាវ៉ៃប្រើទិន្នន័យពីអ្នកបើកបរ និង AI ដើម្បីដើម្បីថែទាំផ្លូវថ្នល់

ក្រសួងដឹកជញ្ជូនរដ្ឋហាវ៉ៃ (HDOT) បានដាក់ឱ្យដំណើរការកម្មវ […]

គន្លឹះមួយដែលជួយឱ្យការគូរប្លង់ គ្រប់គ្រងការដ្ឋាន និងថែទាំសំណង់ ងាយស្រួលជាងមុន គឺ…

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញលំដា […]