អាហ្វ្រិកខាងត្បូងចាប់ដៃគូជាមួយ Bentley Systems ធ្វើទំនើបកម្មផ្លូវថ្នល់ ៥,០០០ គីឡូម៉ែត្រ
នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៃខេត្ត Western Cape នៃប្រទេសអាហ្វ្រិកខាងត្បូងបានចាប់ដៃគូជាមួយក្រុមហ៊ុន Bentley Systems ដើម្បីធ្វើទំនើបកម្មសុវត្ថិភាព និងការថែទាំផ្លូវថ្នល់នៅលើបណ្តាញផ្លូវយុទ្ធសាស្ត្រប្រវែង ៥,០០០ គីឡូម៉ែត្រ។
គំនិតផ្តួចផ្តើមដ៏សំខាន់នេះ គឺជាការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Blyncsy ដែលដើរដោយថាមពល AI របស់ក្រុមហ៊ុន Bentley ជាលើកដំបូងបង្អស់នៅក្នុងទ្វីបអាហ្វ្រិក។
ដោយប្រឈមមុខនឹងកញ្ចប់ថវិកាមានកំណត់ និងបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ខេត្តមួយនេះកំពុងប្រើប្រាស់បច្ចេកវិទ្យា Blyncsy ដើម្បីផ្លាស់ប្តូរទៅជាការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបែបសកម្មដោយផ្អែកលើទិន្នន័យ។
នេះមានន័យថាក្រុមការងារអាចវិភាគរកកំហូចរបស់ហេដ្ឋារចនាសម្ព័ន្ធមុនពេលវាខូច ឬខូចមិនទាន់ធ្ងន់ធ្ងរ ហើយដោះស្រាយទាន់ពេលវេលា។ កម្មវិធីនេះធ្វើដូច្នេះបាន ដោយប្រើឲប្រើប្រាស់រូបភាពពីកាមេរ៉ាជាប់ឡាន (dashcam) ដែលប្រមូលបានពីមហាជន និងបច្ចេកវិទ្យា machine learning ដើម្បីត្រួតពិនិត្យ និងស្វែងរកចំណុចខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធដោយស្វ័យប្រវត្តិ។
ចំណុចសំខាន់មួយទៀតរបស់កម្មវិធីនេះ គឺផ្តោតលើការស្វែងរកបញ្ហាជាក់ស្ដែងនៅលើដងផ្លូវ ដូចជា ផ្លូវក្រហូងសំបុកមាន់ បង្កាន់ដៃផ្លូវដែលខូចខាត ផ្លាកសញ្ញាដែលបាត់បង់ បង្គោលភ្លើងបំភ្លឺផ្លូវដែលមានបញ្ហា និងកម្ទេចកំទីផ្សេង នៅផ្លូវដែលបង្កអោយមានគ្រោះថ្នាក់ជាដើម។
ការមើលឃើញស្ថានភាពជាក់ស្តែងជួយអោយក្រុមការងារអាចបែងចែកកញ្ចប់ថវិកាចំនួន ៤.៥៦ ពាន់លានរ៉ង់ (R4.56 billion) បានដោយមានប្រសិទ្ធភាពខ្ពស់ ដោយដាក់ពង្រាយក្រុមការងារថែទាំទៅកន្លែងដែលត្រូវការបំផុត និងកែសម្រួលហានិភ័យមុនពេលវាវិវត្តទៅជាការជួសជុលដែលចំណាយប្រាក់ច្រើន។
គួរបញ្ជាក់ថាកម្មវិធីរបស់ Bentley នេះជួយកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងប្រតិបត្តិការ កាត់បន្ថយការចំណាយ និងបង្កើនភាពធន់នឹងអាកាសធាតុ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
- Video Advertisement -