ក្រសួងឧស្សាហកម្មជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា

កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាត្រូវបានជំរុញកម្រិតថ្មីមួយទៀត តាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូទីក្រុងគីតាឃ៊្យូស៊ូ ប្រទេសជប៉ុន ដឹកនាំដោយលោក Keisuke Tachi អភិបាលរងក្រុង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ ជំនួបនេះផ្តោតជាសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការ ការផ្ទេរបច្ចេកវិទ្យាទំនើប និងការទាក់ទាញការវិនិយោគពីវិស័យឯកជនជប៉ុនមកកាន់ប្រទេសកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទឹកស្អាតគឺជាវិស័យអាទិភាពដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពសហគមន៍ ដោយបានលើកទឹកចិត្តឱ្យភាគីជប៉ុនពង្រីកការវិនិយោគ និងនាំយកបច្ចេកវិទ្យាថ្មីៗមកគាំទ្រប្រតិបត្តិករទឹកស្អាតឯកជន ព្រមទាំងពង្រីកសេវាផ្គត់ផ្គង់ទៅកាន់តំបន់ដាច់ស្រយាលផ្សេងទៀត។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនជប៉ុន ដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែងដែលធានាបានទាំងនិរន្តរភាពអាជីវកម្ម និងឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍។ ក្រៅពីនេះ ឯកឧត្តមក៏បានលើកឡើងពីតម្រូវការចាំបាច់ចំពោះហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ និងការបង្កើតនិយ័តករទឹកស្អាតដើម្បីពង្រឹងអភិបាលកិច្ចក្នុងវិស័យនេះផងដែរ។

តបតាមការលើកឡើងនេះ លោក Keisuke Tachi បានបង្ហាញនូវមោទនភាពចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុងគីតាឃ៊្យូស៊ូ និងកម្ពុជាដែលបានឈានដល់ឆ្នាំទី២៥ហើយ។ លោកបានសន្យាថានឹងបន្តជំរុញក្រុមហ៊ុនជប៉ុនឱ្យស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា ព្រមទាំងនាំយកអាទិភាពរបស់ក្រសួងទៅពិភាក្សាយ៉ាងស៊ីជម្រៅជាមួយភាគីពាក់ព័ន្ធនៅទីក្រុងគីតាឃ៊្យូស៊ូ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់។ គួររំលឹកផងដែរថា គណៈប្រតិភូទីក្រុងគីតាឃ៊្យូស៊ូក៏បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ កម្ពុជា-ជប៉ុន» លើកទី១៩ ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញនាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៦។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីក្រុងគីតាឃ៊្យូស៊ូ គឺជាកាតាលីករដ៏មានអានុភាពក្នុងការជំរុញការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ ការទាក់ទាញទុនវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាទំនើបពីប្រទេសជប៉ុន មិនត្រឹមតែជួយពង្រឹងគុណភាព និងពង្រីកវិសាលភាពសេវាផ្គត់ផ្គង់ទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព សុវត្ថិភាព និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការ និងធនាគារពិភពលោក ចុះពិនិត្យវឌ្ឍនភាពគម្រោង WaSSIP នៅខេត្តសៀមរាប

ក្រុមការងារចម្រុះវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារដែលសម្រេច […]

Bentley ចេញ OpenFlows 2026 បែបថ្មីដើម្បីធ្វើទំនើបកម្មការគូរប្លង់ហេដ្ឋារចនាសម្ព័ន្ធទឹក

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ជាផ្លូវកា […]

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប សម្រេចជាង ៩០% ហើយ

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) […]

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម តម្លៃជាង១៣លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្ថានីយផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តកំពង់ចាម តម្លៃសាង […]

គម្រោងពង្រីករោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន៣ សាងសង់សម្រេចបាន ៧០%

វឌ្ឍនភាពការងារជំហានទី៣ សម្រេចបានជាង ៧០% ខណៈកម្ពុជាពង្រី […]

សេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា សម្រេចជិត៩០% គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អ […]