គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប សម្រេចជាង ៩០% ហើយ
គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្នុងក្រុងសៀមរាប ខេត្តសៀមរាបតាមកញ្ចប់កិច្ចសន្យា បច្ចុប្បន្នសម្រេចជាង ៩០% ហើយ។ នេះបើយោងតាមសកម្មភាពចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងផ្ទាល់ កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយលោក ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោង។
លោក ចៅ សុភៈភិបាល បានឱ្យដឹងថា ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីអង្គភាពគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តសៀមរាប ក្រុមការងារទីប្រឹក្សាគម្រោង Consultant CTI Engineering International Co., Ltd. JV PPIC Co., Ltd. ក្រុមហ៊ុនសាងសង់ China Railway No.2 Engineering Group Co., Ltd. និងក្រុមហ៊ុនសាងសង់ Phkay Prek & Jace Korea-Joint Venture និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
ដំណើរចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងាររបស់គម្រោង ការងារដំឡើងបណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់ ការងារតបណ្តាញលូទឹកកខ្វក់ចូលផ្ទះប្រជាពលរដ្ឋ វឌ្ឍនភាពស្ថានីយបូមទឹកកខ្វក់ថ្មីទាំង២ទីតាំង ខាងលិច និងខាងកើតស្ទឹងសៀមរាប ព្រមទាំងពិនិត្យការងារសាងសង់ផ្លូវបេតុងថ្មីផងដែរ។
ទំហំការងារនាំគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) រួមមាន៖ ការងារសាងសង់បណ្តាញលូខ្នែងនិងខ្នែងរង ស្ថានីយបូមទឹកកខ្វក់ និងតំណភ្ជាប់តាមខ្នងផ្ទះ សម្រាប់កញ្ចប់ការងារ MPWT-CW-6A និង MPWT-CW-9។ គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្នុងក្រុងសៀមរាប ខេត្តសៀមរាបកញ្ចប់ការងារដែលសម្រេចបានរួមមាន៖ ១. កញ្ចប់ MPWT-CW-6A សម្រេចបាន ៩០.៧០% និង ២.កញ្ចប់ MPWT-CW-9 សម្រេចបាន ៣៧.២២%៕
សូមជម្រាបថា គោលបំណងនៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) គឺដើម្បីពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និង ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ នៅតាមទីប្រជុំជន និងខេត្តគោលដៅ ព្រមទាំងជួយលើកកម្ពស់អនាម័យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ គម្រោងនេះមានរយៈពេល ៥ឆ្នាំ គាំទ្រផ្នែកហិរញ្ញវត្ថុដោយធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម)

- Video Advertisement -