ទំរាំសង់ចេញជាសួនឧស្សាហកម្មផលិតតួរថយន្តខ្នាតយក្ស តើចិនប្រើបច្ចេកវិទ្យាអ្វីខ្លះ?
ក្រុមហ៊ុនចិន MMI Planning & Engineering Institute បានសន្សំសំចៃថវិការាប់លានយ័ន និងកាត់បន្ថយការយឺតយ៉ាវក្នុងការសាងសង់បានយ៉ាងច្រើន ដោយប្តូរមកប្រើប្រាស់ប្រព័ន្ធការងារឌីជីថលរបស់ក្រុមហ៊ុន Bentley នៅក្នុងគម្រោងសួនឧស្សាហកម្មផលិតកម្មតួថយន្តខ្នាតយក្សរបស់ខ្លួន។
គម្រោងសួនឧស្សាហកម្មតម្លៃ ១៨២,៥ លានដុល្លារនេះ ស្ថិតនៅក្នុងទីក្រុង Changchun បានបញ្ចប់ការសាងសង់កាលពីថ្មីៗនេះ ហើយកំពុងដើរតួរជាគ្រឹះដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងការពង្រីកខ្លួននៃម៉ាកយីហោរថយន្តដ៏ល្បីល្បាញ Hongqi។
គម្រោងនេះគឺធំខ្លាំងណាស់ ដែលភាពស្មុគស្មាញខ្ពស់ ដែលតម្រូវឱ្យមានការរៀបចំឱ្យមានភាពស៊ីចង្វាក់គ្នាបំផុត រវាងគ្រឿងចក្រឧស្សាហកម្មធុនធ្ងន់ និងហេដ្ឋារចនាសម្ព័ន្ធនៃអគារ។
ដើម្បីសម្រេចបាននូវចំណុចនេះ ក្រុមការងារបានពឹងផ្អែកយ៉ាងខ្លាំងលើកម្មវិធី OpenBuildings Designer ដើម្បីបង្កើតការរចនាដំណើរការជាលក្ខណៈ 3D។

កម្មវិធីនេះជួយឱ្យវិស្វករមើលឃើញពីទំហំផ្ទៃដីជាក់លាក់ និងគន្លងនៃប្រតិបត្តិការរបស់ឧបករណ៍បោះពុម្ពពុម្ពដែក (stamping equipment) ដើម្បីធានាថា រ៉ូបូត និងខ្សែចង្វាក់ផលិតកម្មនីមួយៗមានគម្លាតសុវត្ថិភាពត្រឹមត្រូវ។
ក្រុមហ៊ុនក៏បានបង្កើតប៉ារ៉ាម៉ែត្រឧបករណ៍ផ្ទាល់ខ្លួននៅក្នុងកម្មវិធី OpenBuildings Designer ដែលបានជួយបង្កើនប្រសិទ្ធភាពនៃការរចនាបាន ២៥% និងកាត់បន្ថយពេលវេលាដែលចំណាយលើការធ្វើគំរូឧបករណ៍បានរហូតដល់ ៩០%។
ឧបករណ៍ឌីជីថលដ៏មានសារៈសំខាន់មួយទៀតគឺ ProjectWise។ ProjectWise បានជួយឱ្យផ្នែកវិស្វកម្មផ្សេងៗគ្នាអាចធ្វើការរួមគ្នាលើប្រព័ន្ធអនឡាញក្នុងពេលតែមួយ។ វិធីសាស្ត្រដែលធ្វើការងារស្របគ្នានេះ បានលុបបំបាត់ការរាំងស្ទះព័ត៌មានដែលតែងតែបង្កឱ្យមានកំហុស ដោយកាត់បន្ថយការទំនាក់ទំនងក្រៅប្រព័ន្ធ (offline) បានរហូតដល់ ៨០%។
តាមរយៈការស្វែងរកកំហុសឆ្គងក្នុងពិភពនិម្មិត ជាជាងការទៅរកឃើញនៅការដ្ឋានសាងសង់ផ្ទាល់ ក្រុមការងារបានកំណត់អត្តសញ្ញាណ និងដោះស្រាយបញ្ហាជម្លោះនៃការរចនា (design clashes) ចំនួន ២. ៤៦០ ចំណុច ដែលជួយសន្សំសំចៃថ្លៃដើមនៃការកែសម្រួលឡើងវិញបានប្រហែល ៥ លានយ័ន។
លើសពីនេះ រូបភាពចក្ខុទស្សន៍ និងធាតុគ្រឹះនៃរោងចក្រ ត្រូវបានគាំទ្រដោយកម្មវិធី MicroStation និង Bentley LumenRT។ MicroStation បានផ្តល់នូវបរិយាកាសគំនូរប្លង់ដ៏រឹងមាំ ដែលចាំបាច់សម្រាប់គំនូរបច្ចេកទេសច្បាស់លាស់ ខណៈពេលដែល Bentley LumenRT ជួយឱ្យក្រុមការងារបង្កើតរូបភាពនិម្មិតនៃរោងចក្រប្រកបដោយគុណភាពខ្ពស់។ ឧបករណ៍ទាំងនេះបានធានាថា គម្រោងនេះបានប្រែពីគំនិតឌីជីថល ទៅជាការដ្ឋានជាក់ស្តែង លឿនជាងការគ្រោងទុកចំនួន ២០ ថ្ងៃ។
- Video Advertisement -