ផែស្ងួតក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅខេត្តកំពង់ស្ពឺ តម្លៃ ៣០០លានដុល្លារ សាងសង់ជាផ្លូវការហើយ
អភិវឌ្ឍដោយក្រុមហ៊ុន YCH Group របស់ប្រទេសសិង្ហបុរី និងក្រុមហ៊ុន Sear Brothers Investments របស់ប្រទេសកម្ពុជា ផែស្ងួត និងឧស្សាហកម្មទំហំ ១៣២ ហិកតានេះ មានគោលបំណងធ្វើទំនើបកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងលើកកម្ពស់ការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មក្នុងតំបន់
ផែស្ងួតក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅខេត្តកំពង់ស្ពឺ តម្លៃ ៣០០លានដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
តំបន់សេដ្ឋកិច្ចពិសេស «ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍» ឬ (Cambodia SuperPort) មានទីតាំងស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺជាការបណ្តាក់ទុនរួមគ្នារវាង YCH Group ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ឈានមុខរបស់សិង្ហបុរី និង Sear Brothers Investments ដែលជាក្រុមហ៊ុនធំមួយរបស់កម្ពុជា។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី រំពឹងថា តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងក្លាយជាគំរូដ៏ជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល វិស័យឯកជន ក្នុងស្រុក និងដៃគូវិនិយោគអន្តរជាតិ ក្នុងការប្រែក្លាយចក្ខុវិស័យទៅជាសមិទ្ធផលជាក់ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។
សូមជម្រាបថា គម្រោងតំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort មានទំហំទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាម៉េរិក លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៣២ហិកតា។ នេះមិនត្រឹមតែជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធព័ស្តុភារកម្មដ៏ធំមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសក្ដានុពលខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្រួលដល់ការចរាចរទំនិញពីមូលដ្ឋានផលិតកម្មក្នុងស្រុក ទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព។
ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ គម្រោងនេះនឹងបង្កើតបានជាចំណុចប្រសព្វដ៏សំខាន់ ក្នុងការតភ្ជាប់តំបន់ឧស្សាហកម្ម និងមជ្ឈមណ្ឌលព័ស្តុភារកម្មទៅកាន់បណ្តាញដឹកជញ្ជូនពហុមធ្យោបាយ។ បន្ថែមពីនេះ វានឹងបង្កើតនូវប្រព័ន្ធអេកូឡូស៊ីរួមមួយ ដែលបន្ស៊ីគ្នារវាងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងភស្តុភារកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងធុរជនបានកាន់តែទូលំទូលាយ៕ (អានបន្ថែម)

- Video Advertisement -