ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់
ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រះអាទិត្យចំនួន ៩០ មេហ្គាវ៉ាត់ ជាមួយនឹងរោងចក្រជី និងរោងចក្រកែច្នៃកសិផលក្នុងស្រុក គម្រោងដ៏សំខាន់នេះមានគោលបំណងបង្កើតការងាររាប់ពាន់កន្លែង និងជំរុញនិរន្តរភាពសេដ្ឋកិច្ច
ក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd បានមកបណ្តាក់ទុនវិនិយោគនៅខេត្តពោធិ៍សាត់ នៅលើផ្ទៃដី ៥,០០០ ហិកតា ដើម្បីសាងសង់រោងចក្រផលិតអគ្គិសនី និងរោងចក្រផលិតជីនៅក្នុងខេត្តពោធិ៍សាត់នាពេលឆាប់ៗនេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៦ ក្នុងពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងជួលដីសម្រាប់ការវិនិយោគ រវាងរដ្ឋបាលខេត្តពោធិ៍សាត់ ជាមួយនិងក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd។
ឯកឧត្តម ខូយ រីដា បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការវិនិយោគនេះនឹងជួយបង្កើតការងាររាប់ពាន់កន្លែង លើកកម្ពស់ជំនាញបច្ចេកវិទ្យាដល់ប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្តពោធិ៍សាត់ឱ្យកាន់តែរឹងមាំ។ ឯកឧត្តមបន្តថា ការវិនិយោគនេះត្រូវបានចាត់ទុកជា «ស្ពាន» ដ៏សំខាន់ក្នុងការតភ្ជាប់សក្តានុពលខេត្ត ទៅនឹងខ្សែសង្វាក់ផលិតកម្មឧស្សាហកម្ម និងថាមពលប្រកបដោយចីរភាព។
សូមជម្រាបដែរថា ការវិនិយោគនេះលើផ្ទៃដី ៥,០០០ហិកតា នេះ មិនមែនជាការចុះហត្ថលេខាលើឯកសារធម្មតានោះទេ ប៉ុន្តែគឺជាការបោះជំហានដ៏ធំមួយ ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈគម្រោងអភិវឌ្ឍន៍ជាប្រព័ន្ធ ដោយផ្តោតលើរឿងចំនួន៣ រួមមាន៖ ទី១. វិស័យថាមពលស្អាត៖ ការសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយជីវម៉ាស (អនុភាព ៥០មេហ្គាវ៉ាត់) និងរោងចក្រផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ (អនុភាព ៤០មេហ្គាវ៉ាត់) ដែលឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍន៍ថាមពលស្អាត និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ ទី២. ឧស្សាហកម្មកសិកម្ម និងការកែច្នៃ៖ រួមមានរោងចក្រផលិតជី និងរោងចក្រផលិតគីមឈី ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក។ និង ទី៣. ការអភិវឌ្ឍបៃតង៖ គម្រោងដាំដើមឈើ និងការថែរក្សាធនធានធម្មជាតិ ដែលជាឆ្អឹងខ្នងសម្រាប់និរន្តរភាពបរិស្ថាន៕ (អានបន្ថែម)

- Video Advertisement -