Smart Eden ប្រកាសនាំផលិតផលកម្ពុជាចេញទៅទីផ្សារបារាំង ដែលមានបណ្ដាញរហូតដល់ ៦ពាន់ទីតាំង

ក្រុមហ៊ុន Smart Eden គ្រោងពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបារាំង ដែលបច្ចប្បន្នមានបណ្តាញចែកចាយរហូតដល់ជាង ៦.០០០ទីតាំងនៅទូទាំងប្រទេសបារាំង។ នេះបើតាមឱ្យដឹងក្នុងជំនួបមួយរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយកប្រតិបត្តិលោក Laurent Strauch និងអ្នកឧកញ៉ា ហ៊ុន ឡាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងជំនួបនេះ លោក Laurent Strauch បានលើកឡើងថា ក្រុមហ៊ុន Smart Eden បាននាំចេញគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយពីកម្ពុជាតាំងពីឆ្នាំ២០២៤ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងប្រទេសបារាំង។ លោកបានជម្រាបជូនអំពីដំណើរការរបស់ Smart Eden ដែលជាក្រុមហ៊ុនចែកចាយផលិតផលដ៏ធំ បច្ចុប្បន្នមានបណ្តាញលក់រហូតដល់ជាង ៦.០០០ទីតាំង នៅទូទាំងប្រទេសបារាំង។

លោក Strauch បាន​បញ្ជាក់ថា ក្រុមហ៊ុន​មាន​បំណងចង់​ពង្រីក​ការនាំចេញ​ផលិតផល​កម្ពុជា​ ​ពី ១០ ទៅ ១៥មុខ ក្នុង​ឆ្នាំ២០២៥ ​នេះ ក្នុងនោះរួមមាន៖ អង្ករ ម្រេច ស្ករត្នោត និង​ធ្យូងអនាម័យ ហើយក៏គ្រោងផលិត​បឺរពីគ្រាប់ស្វាយចន្ទី​ ដើម្បី​នាំ​ចេញ​ទៅបារាំងផងដែរ។

លើសពីនេះ Strauch បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទាញយកទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជាជាមជ្ឈមណ្ឌលសម្រាប់ការចែកចាយផលិតផលបារាំងដែលមានគុណភាពទូទាំងតំបន់ ដែលបង្ហាញពីកិច្ចសហការដ៏មានសក្តានុពលដែលអាចបង្កើនទំនាក់ទំនងពាណិជ្ជកម្មបានថែមទៀតផង។

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ហែម វណ្ណឌី បានបង្ហាញពីសារៈសំខាន់នៃការអភិវឌ្ឍន៍ទាំងនេះ ដោយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់អាទិភាពដល់ការរីកចម្រើននៃវិស័យគ្រាប់ស្វាយចន្ទីជាទំនិញយុទ្ធសាស្ត្រ និងចង់​ដាក់​ប្រទេស​កម្ពុជា​ជា​អ្នក​ផ្គត់​ផ្គង់​ផលិតផល​គ្រាប់​ស្វាយ​ចន្ទី​ធំ​ជាង​គេ​លើ​ពិភពលោក។

បន្ថែមពីនេះ ឯកឧត្តម បានលើកឡើងពីសារៈសំខាន់នៃការប្រមូលផ្តុំក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលជំរុញដោយទីផ្សារ ដើម្បីទាញយកឧត្តមភាពនៃសេដ្ឋកិច្ចមាត្រដ្ឋាន និងបំពេញតាមតម្រូវការទីផ្សារ។

ជាចុងក្រោយ ឯកឧត្តមក៏បានសាទរ និងគាំទ្រយ៉ាងពេញទំហឹងដែលក្រុមហ៊ុនចង់ផលិតបឺរពីគ្រាប់ស្វាយចន្ទី ដោយលើកទឹកចិត្តក្រុមហ៊ុនឱ្យសិក្សាផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា និងសហការជាមួយក្រុមការងារ របស់ក្រសួ​ង និងដៃគូ ដូចជាសហគ្រិនខ្មែរជាដើម។

គំនិតផ្តួចផ្តើមនេះបង្ហាញពីការបោះជំហានទៅមុខដ៏ជោគជ័យមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ជំរុញពាណិជ្ជកម្មអន្តរជាតិ និងការបង្ហាញសក្តានុពលកសិកម្មរបស់ប្រទេសជាតិនៅលើវេទិកាសកល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]