ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)
កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងការជំរុញតម្លាភាព បរិយាបន្ន និងការចូលរួមរបស់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ
កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ និងការពង្រឹងអភិបាលកិច្ចល្អនៅថ្នាក់ក្រោមជាតិត្រូវបានជំរុញកម្រិតថ្មីមួយទៀត តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលនៃបេសកកម្មគាំទ្រការអនុវត្តគម្រោងគណនេយ្យភាពសង្គមលើកទី១២ របស់ធនាគារពិភពលោក និងកិច្ចប្រជុំលើកទី១៥ របស់គណៈកម្មការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.)។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចៅ សុភៈភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលសរុបចំនួន ៦០រូប។
វេទិកាពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបូកសរុបលទ្ធផលនៃបេសកកម្មគាំទ្ររបស់ធនាគារពិភពលោក ព្រមទាំងពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលយ៉ាងស៊ីជម្រៅលើសេចក្តីព្រាង «ផែនការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី៣ (២០២៦–២០៣០)» ឬហៅកាត់ថា ISAF-III ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពខ្ពស់នៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់មូលដ្ឋាន។ ក្នុងអំឡុងពេលពិភាក្សា អង្គប្រជុំបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងភាពជាម្ចាស់ កិច្ចសហការអន្តរស្ថាប័ន ការធ្វើសមាហរណកម្មយន្តការគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការធានាប្រភពថវិកាប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានគូសរំលេចពីសារៈសំខាន់មិនអាចខ្វះបាននៃការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងក្រុមជនងាយរងគ្រោះ ក្នុងការផ្តល់មតិយោបល់ស្ថាបនា និងតាមដានវាយតម្លៃគុណភាពនៃការផ្តល់សេវាសាធារណៈ។ យន្តការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព បរិយាបន្ន និងការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។
ការចូលរួមយ៉ាងសកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងយន្តការគណនេយ្យភាពសង្គមនេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ ការបើកទូលាយទទួលយកមតិយោបល់ពីមហាជន និងការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ។ ការបន្តពង្រឹងយន្តការគណនេយ្យភាពសង្គម នឹងក្លាយជាស្ពានចម្លងដ៏រឹងមាំក្នុងការកសាងទំនុកចិត្តរវាងរដ្ឋ និងប្រជាពលរដ្ឋ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងវិបុលភាពយូរអង្វែង។
- Video Advertisement -