វិនិយោគិនអាម៉េរិក ស្វែងយល់ពីបរិយាកាសវិនិយោគ និងគោលនយោបាយលើកទឹកចិត្តនៅកម្ពុជា
ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodia Business Chamber) វិនិយោគិនអាមេរិកបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីវាយតម្លៃឱកាសវិនិយោគលើវិស័យថាមពលបៃតង ព័ស្តុភារកម្ម និងការផលិត ព្រមទាំងត្រួសត្រាយផ្លូវសម្រាប់ការមកបំពេញទស្សនកិច្ចស្វែងយល់ពីឱកាសពាណិជ្ជកម្មរបស់គណៈប្រតិភូពីរដ្ឋ Virginia
គណៈប្រតិភូវិនិយោគិនមកពីសហរដ្ឋអាម៉េរិក កាលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានមកជួបពិភាក្សាជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ គោលនយោបាយលើកទឹកចិត្ត និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
តាមរយៈកិច្ចសន្ទនាក្នុងជំនួប ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គណៈប្រតិភូវិនិយោគិនមកពីសហរដ្ឋអាម៉េរិក ដែលជួបពិភាក្សានេះ គឺក្រោមការសម្របសម្រួលពី American Cambodia Business Chamber (ACBC) ដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ គោលនយោបាយលើកទឹកចិត្ត និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបានស្វាគមន៍ប្រតិភូ និងបានបញ្ជាក់អំពីបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល ស្ថិតក្រោមច្បាប់ស្ដីពីវិនិយោគកម្ពុជា ដែលបង្កើតនូវក្របខណ្ឌគតិយុត្តិបើកចំហស្ទើរគ្រប់វិស័យ រួមទាំងកញ្ចប់លើកទឹកចិត្តផ្នែកពន្ធ យន្ដការច្រកចេញ-ចូលតែមួយ ដែលជួយសម្រួលដល់ដំណើរការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាមានប្រសិទ្ធភាពខ្ពស់។ បន្ថែមលើសនេះ លោកក៏ជម្រាបពីកម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវ័ន្ត និងវិស័យសក្ដានុពលមានជាអាទិ៍៖ វិស័យព័ស្ដុភាកម្ម កសិឧស្សាហកម្ម យានយន្ដ និងអេឡិចត្រូនិក និងវិស័យថាមពលបៃតង ព្រមទាំងយន្តការថែទាំវិនិយោគដែលជួយបន្ធូរកង្វល់របស់វិនិយោគិន។
ជាការឆ្លើយតប គណៈប្រតិភូអាម៉េរិក បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងរហ័សនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពងាយស្រួលក្នុងការចូលមកបោះទុនក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។ ប្រតិភូអាម៉េរិក ថានឹងពិនិត្យលទ្ធភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធប្រចាំរដ្ឋ Virginia ដើម្បីរៀបចំបេសកកម្មពាណិជ្ជកម្មមកកាន់កម្ពុជាដោយផ្ទាល់ ព្រមទាំងកិច្ចសហការក្នុងការទាក់ទាញវិនិយោគិនអាម៉េរិកមកបណ្ដាក់ទុននៅកម្ពុជាឱ្យបានជាអតិបរមាផងដែរ៕ (អានបន្ថែម)

- Video Advertisement -