សម្តេចហ៊ុនសែន & អ្នកជំនាញ៖ មេរោគកូរ៉ូណាអាចជះឥទ្ធិពលដល់វិស័យអចលនទ្រព្យជាពិសេសសណ្ឋាគារ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកជំនាញផ្នែកអចលនទ្រព្យក្នុងស្រុក បានសម្ដែងការព្រួយបារម្ភថា ការរាតត្បាតនៃមេរោគកូរ៉ូណា អាចជះឥទ្ធិពលអវិជ្ជមានដល់វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ជាពិសេសអាជីវកម្មសណ្ឋាគារ ហើយអាចនឹងមានទំនោរនឹងអាចកាត់បន្ថយការវិនិយោគថ្មីៗពីចិន ប្រសិនបើការរីករាលដាលនៅតែបន្ត។

ក្នុងសុន្ទរកថាជាផ្លូវការលើកដំបូងរបស់សម្ដេចនាយករដ្ឋមន្រ្តីទាក់ទងនឹងស្ថានភាពជំងឺផ្លូវដង្ហើមកូរ៉ូណានៅកម្ពុជា កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា ការធ្លាក់ចុះនៃអ្នកដំណើរចិនមកកម្ពុជា ដោយសារតែវីរ៉ុសកូរ៉ូណា អាចធ្វើឲ្យអាជីវកម្មសណ្ឋាគារធ្លាក់ចុះខ្លាំង។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ “វិធានការបិទជើងហោះហើរពីប្រទេសចិនមកកម្ពុជា លទ្ធផលនោះអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាត្រង់តែម្តង ជាពិសេសអ្នករកស៊ី អ្នកវិនិយោគទុនចិន អ្នកទេសចរណ៍ចិននៅកម្ពុជាជាច្រើន… ដូច្នេះវានឹងសម្លាប់សណ្ឋារគាររបស់កម្ពុជា និង (សេវាកម្មពាក់ព័ន្ធជាច្រើនទៀត)” ។

មិនត្រឹមតែវិស័យសណ្ឋាគារនោះទេ ប្រសិនបើស្ថានភាពអូសបន្លាយពេលយូរបែបនេះ វាអាចនឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យទាំងមូលនៅកម្ពុជាផងដែរ។

លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate Co., Ltd. និងជាអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូបនៅកម្ពុជាបានលើកឡើងថា៖ “ដោយសារការរាតត្បាតនៃមេរោគកូរ៉ូណា គឺធ្វើឲ្យមានការធ្វើដំណើរតិចជាងមុន ហើយនឹងធ្វើឲ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ដែលមិនអាចប្រកែកបាន ក៏នឹងជះឥទ្ធិពលដល់ប្រទេសកម្ពុជាផងដែរ។ ហើយដូចដែលយើងបានដឹងស្រាប់ អចលនទ្រព្យភាគច្រើនគឺជាការវិនិយោគដោយក្រុមហ៊ុនចិន។ ប៉ុន្តែក្នុងដំណាក់កាលនេះ នៅមិនប៉ះពាល់ច្រើនទេ ពីព្រោះគម្រោងភាគច្រើនត្រូវបានគ្រោងទុក ហើយជាក់ស្ដែងវានឹងមិនប៉ះពាល់ដល់តម្លៃអចលនទ្រព្យទេ។ ទោះជាយ៉ាងណាក្ដី បើការរីករាលដាលនេះអូសបន្លាយពេលយូរ វានឹងប៉ះពាល់ដល់ការវិនិយោគជាពិសេសការវិនិយោគថ្មីៗ។”

ស្រដៀងគ្នានេះដែរ អ្នកនាង អាន ធីតា នាយិកាភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ក៏បានសម្តែងការព្រួយបារម្ភផងដែរថា ការរាតត្បាតនៃមេរោគនេះ អាចប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសលើការវិនិយោគ ប្រសិនការរីករាលដាលនេះអូសបន្លាយពេលយូរ។

អ្នកនាង អាន ធីតា បានលើកឡើងថា៖ “វិស័យអចលនទ្រព្យនៅកម្ពុជាគឺពឹងផ្អែកខ្លាំងទៅលើវិនិយោគិនចិនប្រមាណជា ៤០ភាគរយ។ ការរាតត្បាតនៃមេរោគនេះ គឺជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងស្រុករបស់ចិនដែលជាកត្តាមួយធ្វើឲ្យអ្នកវិនិយោគមិនសូវចង់វិនិយោគក្នុងស្ថានភាពបែបនេះទេ។”

អ្នកនាង បន្តទៀតថា៖ “បើវិភាគងាយៗ វាអាចប៉ះពាល់តែអ្នកទិញអចលនទ្រព្យជនជាតិចិន ពោលគឺបើចិនមកកម្ពុជាតិច មានន័យថាអ្នកទិញក៏កាន់តែតិចដែរ។ តែបើវិភាគឲ្យជ្រៅទៅ គឺអាចប៉ះពាល់ដល់វិនិយោគិនថ្មីៗដែលគ្រោងនឹងវិនិយោគ ឧទាហរណ៍អ្នកដែលគ្រោងនឹងវិនិយោគក្នុង ខែមករា ឆ្នាំនេះពួកគាត់ពិតជានឹងពន្យារ ហើយបើមេរោគនៅតែបន្ត ពួកគាត់នឹងបន្តពន្យារទៀត។”

ជាមួយគ្នានេះដែរ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ក៏បានមើលឃើញថាជំងឺឆ្លងកូរ៉ូណានេះនឹងប៉ះពាល់ដល់ការធ្វើអាជីវកម្មតែរយៈពេលខ្លីទេ ដោយឡែកពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យវិញ វាអាចប៉ះពាល់តិចតួចដូចជាការជួលសណ្ឋាគារ តែចំពោះការជួលលំនៅដ្ឋានរយៈពេលយូរ គឺមិនមានផលប៉ះពាល់អ្វីទេ។

យោងតាមរបាយការណ៍ចុងក្រោយគិតត្រឹមថ្ងៃទី ៣០ មករា មានករណីឆ្លងជាង ៧ ០០០ ករណី នៅជុំវិញពិភពលោក ហើយប្រទេសកម្ពុជាបានបញ្ជាក់ជាផ្លូវការថាមាន ១ករណី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាហ្វ្រិកខាងត្បូងចាប់ដៃគូជាមួយ Bentley Systems ធ្វើទំនើបកម្មផ្លូវថ្នល់ ៥,០០០ គីឡូម៉ែត្រ

នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៃខេត្ត Western Cape នៃប្រទេ […]

កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃ […]

ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា

អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិ […]

កម្ពុជាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភូមិសាស្ត្រ តាមរយៈវឌ្ឍនភាពថ្មីៗនៃបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍

គម្រោងស្ថានីយវាស់វែងអចិន្ត្រៃយ៍ CORS សម្រេចបានសមិទ្ធផលស […]

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]