ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់
ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងទីប្រជុំជន គឺជាកត្តាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការលើកកម្ពស់អនាម័យសាធារណៈ កាត់បន្ថយការបំពុលបរិស្ថាន និងធានាបាននូវការអភិវឌ្ឍក្រុងប្រកបដោយចីរភាព។ តាមរយៈដំណើរចុះពិនិត្យការដ្ឋានកាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចៅ សុភៈភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោង បានដឹកនាំក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង ចុះពិនិត្យវឌ្ឍនភាពផ្ទាល់ និងដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលើវឌ្ឍនភាពនៃគម្រោងដំណាក់កាលប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងពីរ ព្រមទាំងតំណាងក្រុមហ៊ុន T.C.M Engineering Company Ltd. ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើការអនុវត្តគម្រោង។
បេសកកម្មពិនិត្យ និងវាយតម្លៃការងារផ្ទាល់នាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួនបី។ ទីមួយ ក្រុមការងារបានពិនិត្យយ៉ាងលម្អិតលើវឌ្ឍនភាព លទ្ធផលសម្រេចបាន និងដោះស្រាយបញ្ហាប្រឈមបច្ចេកទេសផ្សេងៗក្នុងការប្រតិបត្តិ និងថែទាំប្រព័ន្ធទឹកកខ្វក់។ ទីពីរ អង្គប្រជុំបានពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា ចំពោះបញ្ហាសំខាន់ៗដែលកើតមានឡើងក្នុងអំឡុងពេលអនុវត្តគម្រោងជាក់ស្តែង។ និងទីបី ភាគីពាក់ព័ន្ធបានពិនិត្យ និងសម្រេចឯកភាពលើផែនការសកម្មភាពសម្រាប់ខែបន្ទាប់ ដើម្បីធានាឱ្យដំណើរការប្រតិបត្តិការ និងការថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ទាំងពីរទីក្រុង ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ស្តង់ដារគុណភាព និងស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាដែលបានកំណត់។
ការចុះពិនិត្យ និងតាមដានការងារថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ជាទៀងទាត់នេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាអនាម័យក្រុង។ ការគ្រប់គ្រងទឹកកខ្វក់បានត្រឹមត្រូវ មិនត្រឹមតែជួយការពារប្រភពទឹកធម្មជាតិ និងសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សោភ័ណភាព និងបរិស្ថានរស់នៅក្នុងក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ ឱ្យកាន់តែមានភាពទាក់ទាញ។ (អានបន្ថែម)
សូមជម្រាបជូនថា ការពិនិត្យវឌ្ឍនភាពគម្រោងប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់អាជ្ញាធរជំនាញ ក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យមានចីរភាព។ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ មន្ទីរជំនាញខេត្ត និងក្រុមហ៊ុនអនុវត្តគម្រោង នឹងធានាថា ប្រព័ន្ធចម្រោះទឹកកខ្វក់ដំណើរកការបានយ៉ាងរលូន រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍទីក្រុងស្អាត និងការការពារបរិស្ថានប្រកបដោយបរិយាបន្ន។
- Video Advertisement -