កម្ពុជាប្តេជ្ញាពង្រីកជើងហោះហើរជាមួយប្រទេសចិន ឱ្យបានដល់ ៣០០ជើងក្នុងមួយសប្ដាហ៍
រដ្ឋាភិបាលកម្ពុជារំពឹងទុកថា កំណើនភ្ញៀវទេសចរណ៍ចិននឹងចូលមកទស្សនាកម្ពុជាចាប់ពី ៣ ទៅ៥លាននាក់ក្នុងមួយឆ្នាំ តាមរយៈការពង្រីកជើងហោះហើររវាងប្រទេសចិននិងកម្ពុជាឱ្យបានដល់ ៣០០ជើងក្នុងមួយសប្តាហ៍។ នេះបើយោងតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ នេះ។
សម្តេចតេជោបានបញ្ជាក់ថា មុនពេលមានកូវីដ-១៩ ប្រទេសកម្ពុជាធ្លាប់បានទទួលទេសចរចិនជាង ២លាននាក់ក្នុងមួយឆ្នាំ ហើយក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ សម្ដេចតេជោនិងលោក ស៊ី ជីនពីន ប្រធានាធិបតីចិន បានពិភាក្សាក្នុងការបើកច្រកទេសចរណ៍ចិនមកកាន់កម្ពុជាបន្ថែមទៀត ខណៈចិនចាត់ទុកកម្ពុជាជាប្រទេសទី១ ដែលចិនចាប់ផ្តើមបើកឱ្យទេសចរណ៍របស់ខ្លួនចូលមកកម្ពុជាពេលបើកប្រទេសឡើងវិញ។
សម្ដេចតេជោបន្ថែមថា «ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំ ទៅចិនកាលពីខែកុម្ភៈ កន្លងទៅនេះ គឺមិត្តចិន «ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង» បាននិយាយជាមួយខ្ញុំយ៉ាងច្បាស់ គឺកម្ពុជា ជាប្រទេសទី១ ដែលចិនបានបើកឡើងវិញ ជាមួយនឹងទេសចរ ហើយបើតាមគម្រោងបន្តិចទៀត យើងនឹងបង្កើនការហោះហើរ រហូតដល់ ៣០០ជើងមួយសប្ដាហ៍»។
សម្តេចតេជោថ្លែងទៀតថា ប្រទេសកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិនចូលមកកម្ពុជាចំនួនចាប់ពី ៣ ទៅ ៥លាននាក់ក្នុងមួយឆ្នាំ គឺជាការល្អ ពីព្រោះប្រទេសថៃ គេប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនប្រមាណ ១០លាននាក់ នេះដោយសារប្រទេសគេធំ រីឯប្រទេសសឹងហ្គាពួរ និងប្រទេសផ្សេងៗ ក៏ខំប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣តទៅ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ នឹងបើកដំណើរការជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងរដ្ឋធានីប៉េកាំងនៃប្រទេសចិនដោយការចាប់ផ្ដើមជើងហោះហើរ ៣ ដងក្នុង ១ សប្ដាហ៍ ដើម្បីឆ្លើយតបនឹងតម្រូវការហោះហើររបស់អ្នកដំណើរទៅ និងមករវាងប្រទេសកម្ពុជា និងប្រទេសចិន៕
- Video Advertisement -