កម្ពុជាស្នើហុងគ្រីបង្កើតការិយាល័យពាណិជ្ជកម្ម ដើម្បីពង្រីកពាណិជ្ជកម្ម​ ខណៈកន្លងមកកើន៩,៥៣%

កម្ពុជាស្នើហុងគ្រី ពិនិត្យលទ្ធភាពបង្កើតការិយាល័យពាណិជ្ជកម្មហុងគ្រីនៅកម្ពុជា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ហុងគ្រី ខណៈទំហំពាណិជ្ជកម្មរយៈពេល ១១ខែ ឆ្នាំ២០២៣ មានជាង ៧លានដុល្លារ (កើនឡើង ៩.៥៣%) ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២។

ការស្នើឡើងនេះ ធ្វើឡើងខណៈដែលលោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានពិភាក្សាការងារជាមួយឯកឧត្តម ធីប័រ បល់ឡក (Tibor BALOGHD) ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ លោកអ្នកឧកញ៉ា បានជំរុញលើកទឹកចិត្តឱ្យធុរជនហុងគ្រី ពិនិត្យលទ្ធភាពសហការលើវិស័យកសិឧស្សា​ហ​កម្ម កម្មន្តសាល កសិកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ឧស្សាហកម្មពាក់ព័ន្ធនិងបរិស្ថាន និងទឹក។

ដោយឡែក ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ក្រុមហ៊ុនហុងគ្រីមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា ជាពិសេសលើវិស័យទឹក និងថាមពល។

ឯកឧត្តម បន្ថែមថាស្ថានទូតហុងគ្រី នឹងបន្តជួយគាំទ្រ សកម្មភាពធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍រួមគ្នា ដោយមានការរៀបចំទស្សនកិច្ចទៅកាន់ប្រទេសហុងគ្រីនាពេលអនាគត និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍និងវប្បធម៌បន្ថែមទៀត។

គួរបញ្ជាក់ថា រយៈពេល ១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបាន ៧.៧ លាន ដុល្លារអាម៉េរិក (កើនឡើង ៩.៥៣%) ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២។

ក្នុងនោះ កម្ពុជានាំចេញទំនិញសំខាន់ៗ ទៅទីផ្សារហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បរិធានមេកានិក ដែកថែប និង ស្បែកជើង។ រីឯទំនិញនាំចូលពីហុងគ្រីរួមមាន៖ ឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ក្មេងលេង ផលិតផលធ្វើ ពីទឹកដោះ ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]