កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍតំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEPI) នៃសាធារណៈរដ្ឋកូរ៉េ បានសហការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍” នៅក្នុងប្រទេសកម្ពុជា។

កិច្ចសហការនេះ ធ្វើឡើងតាមរយៈអនុស្សរណៈនៃការយោគយល់មួយដែលបានចុះហត្ថលេខា នៅពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគោលនយោបាយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ថ្លែងក្នុងពិធីចុះអនុស្សរណៈខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈការប្រើប្រាស់ជំនាញគោលនយោបាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វិទ្យាស្ថាន STEPI និងការកែទម្រង់ជាបន្តបន្ទាប់របស់ក្រសួង ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្ម និងនវានុវត្តន៍ យើងមានគោលបំណងបង្កើតបរិយាកាសអំណោយផល ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងភាពប្រកួតប្រជែងរបស់កម្ពុជា។”

លើសពីនេះ អនុស្សរណៈនេះក៏អនុញ្ញាតឱ្យភាគីទាំងពីរសហការគ្នាក្នុងអនុវត្តការងារសំខាន់ៗ រួមទាំងការរៀបចំគោលនយោបាយ ការអភិវឌ្ឍយន្តការផ្តល់មូលនិធិ និងវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការផ្លាស់ប្តូរចំណេះដឹង។ ដើម្បីធានាបាននូវភាពជោគជ័យនៃភាពជាដៃគូនេះ គណៈកម្មាធិការសម្របសម្រួលរួមមួយ នឹងត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង និងធានាឱ្យមានការសម្របសម្រួលជាយុទ្ធសាស្ត្រក្នុងភាពជាដៃគូនេះផងដែរ។

គំនិតផ្តួចផ្តើមនេះជានិមិត្តរូបនៃជំហានសកម្មឆ្ពោះទៅរកការលើកកម្ពស់ទេសភាពឧស្សាហកម្មរបស់កម្ពុជា និងជំរុញកំណើនប្រកបដោយនិរន្តរភាពតាមរយៈការច្នៃប្រឌិត និងការសិក្សារស្រាវជ្រាវ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]