កម្ពុជា-វៀតណាម នឹងចុះកិច្ចព្រមព្រៀងរៀបចំអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្មឆាប់ៗនេះ

អគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងអគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន(TDSI)វៀតណាម គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់គ្នា(MoU)ឆាប់ៗ ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្មរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្នកំពុងបើកកិច្ចប្រជុំដើម្បីចែករំលែកនូវបទពិសោធន៍ជាក់ស្តែងលើកិច្ចការងារនេះ។

នេះបើតាមដំណើរទស្សនៈកិច្ច របស់គណៈប្រតិភូ​​ក្រសួងសាធារណការ ទៅបំពេញទស្សនៈកិច្ច នៅវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន០២ ក្នុងប្រទេសវៀតណាម នៅថ្ងៃទី១៦-១៧ ឧសភា ២០២៣។

លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ក្រសួងសាធារណការ បានឱ្យដឹងថា គណៈប្រតិភូកម្ពុជាបានចូលរួមជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (Transport Development and Strategy Institute) និងសាកលវិទ្យាល័យ Vietnam Maritime University​(VMU)។

ជាមួយគ្នានេះ លោកបន្តថា អគ្គនាយកដ្ឋានភ័ស្តុភារកម្មកម្ពុជា និងវិទ្យាស្ថាន (TDSI) ក៏បានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាពីឱកាសសហប្រតិបត្តិការរៀបចំគម្រោងអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្ម និងជំរុញឱ្យមានកិច្ចសហការ ដើម្បីធ្វើសិក្សាស្រាវជ្រាវក្នុងអេកូឡូស៊ីឡូជីស្ទីក ខណៈភាគីទាំងពីរ នឹងមានការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងគ្នា នាពេលឆាប់ៗនេះ ផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើ សាកលវិទ្យាល័យ VMU ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមផ្លាស់ប្តូរចំណេះដឹង និងការសហការផ្តល់វគ្គបណ្តុះបណ្តាលខ្លី វគ្គបណ្តុះបណ្តាលថ្នាក់ឧត្តម និងក្រោយឧត្តម ដល់មន្រ្តីរាជការនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃប្រទេសទាំងពីរ នាពេលខាងមុខថែមទៀតផង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកជួយជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព […]

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]