កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ $២០ពាន់លាន ក្នុងពេលខាងមុខនេះ

 

កម្ពុជា-វៀតណាម បានប្តេជ្ញារួមគ្នា បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ២០ពាន់លានដុល្លារ ក្នុងពេលខាងមុខនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់រីកចំរើនបន្ថែមទៀត។

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ជាមួយឯកឧត្តម ង្វៀន មិញវ៉ូ ( NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម បានបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានដាក់ទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ស្មើនឹង ៤០០គម្រោងហើយ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានប្តេជ្ញាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យរិតតែល្អជាមួយកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាងផងដែរ។

ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា ឃួន សុដារី មានជំនឿថា ក្នុងអាណត្តិបេសកកម្មការទូតថ្មីនេះ នឹងជួយលើកកម្ពស់ពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានស្រាប់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងការងារការទូតសភា ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគនិងវិស័យជាច្រើនទៀត។

គួរបញ្ជាក់ថា ក្រៅពីការវិនិយោគ វៀតណាមក៏ជាដៃ​គូ​ពាណិជ្ជកម្មកំពូល ដោយឈរជាទីផ្សារលំដាប់ទី១ របស់កម្ពុជាផងដែរ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសវៀតណាម បានឈានដល់ ៤,៦ពាន់លានដុល្លារ កើនឡើង ២៣.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ (អានបន្ថែម)

ភាពជាដៃគូសេដ្ឋកិច្ចដែលកំពុងរីកចម្រើននេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តដែលកំពុងបន្តរបស់ប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ដែលជាការលើកកម្ពស់វិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]