ក្រសួងបរិស្ថានសហការជាមួយអង្គការ STEM ប្រើកម្មវិធីតាមដានការលូតលាស់ដើមឈើ ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ
ក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia បានចុះអនុស្សរណៈយោគយល់គ្នា លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដើម្បីតាមដានការលូតលាស់របស់ដើមឈើ។
ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
តាមរយៈអនុស្សរណៈនេះ ក្រសួងបរិស្ថាន និងអង្គការ STEM កម្ពុជា អនុវត្តបេសកកម្ម ៣ចម្បងគឺ
១. បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន។
២. Chakra STEM App ជាកម្មវិធីដែលបង្កើតដោយកូនខ្មែរ ហើយកម្មវិធីនេះ សម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន។
ទី៣. ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។
ថ្លែងក្នុងពិធីខាងលើ លោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនាពេលនេះ ពិតជាមានអត្ថន័យយ៉ាងធំធេងក្នុងការជំរុញការអនុវត្ត «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសក្នុងការបង្កើន ភាពបៃតងរបស់ភពផែនដី និងជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងដំណើរផ្លូវឆ្ពោះ ទៅអនាគតរបស់អ្នកជំនាន់ក្រោយ។
កម្មវិធី CHAKRA STEM ត្រូវបានរៀបចំឡើងដើម្បីជួយសម្រួលដល់ការងារគ្រប់គ្រងធនធានធម្មជាតិ និងការការពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាព ដោយផ្តល់នូវវេទិកាមួយសម្រាប់យុវជនដើម្បីដើរតួយ៉ាងសកម្មក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងប្រទេសកម្ពុជា។
កិច្ចសហការរវាងក្រសួងបរិស្ថាន និង STEM Cambodia មិនត្រឹមតែបង្ហាញពីសក្តានុពលនៃការច្នៃប្រឌិតដែលដឹកនាំដោយយុវជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រទេសក្នុងការទទួលយកការអនុវត្តប្រកបដោយនិរន្តរភាពសម្រាប់អនាគតដ៏ភ្លឺស្វាង និងបៃតងផងដែរ។
- Video Advertisement -