ក្រុមហ៊ុនមួយចង់បង្កើតរោងចក្រកែច្នៃសំរាមទៅជាឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកលើផ្ទៃដីជាង ៥ហិកតា នៅសៀមរាប
ក្រុមហ៊ុន សេវ ឌឺឡាយស៍ (ខេមបូឌា) ឯ.ក គ្រោងបង្កើតរោងចក្រកែច្នៃសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង) ទៅជាឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកលើផ្ទៃដីជាង ៥ហិកតា នៅសៀមរាប។ នេះបើតាមជំនួបរវាងក្រុមហ៊ុន និងលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប តាម video conference កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
លោកអភិបាលរង បានលើកឡើងថា ល្បឿននៃកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលបាននឹងកំពុងកើនឡើងក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់ និងត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាលើកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលកើនឡើងខ្ពស់។
លោកបានបន្តថា ក្រុមហ៊ុន សេវ ឌឺឡាយស៍ (ខេមបូឌា) ឯ.ក គ្រោងនឹងបំលែងសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង) ដោយកែច្នៃឱ្យទៅជាគ្រាប់ជ័រប្លាស្ទិកឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកនិងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយបញ្ហានៃការបំផ្លាញដោយសំរាមសំណល់ប្លាស្ទិក និងកញ្ចក់។
បន្ថែមពីនេះ គម្រោងនេះ នឹងជួយកាត់បន្ថយការប្រើប្រាស់ជីគីមីដែលនាំចូលពីក្រៅប្រទេសរបស់ប្រជាពលរដ្ឋ កាត់បន្ថយប្រើប្រាស់អុសឈើ និងធ្យូងឈើ ហើយចូលរួមបង្កើនលទ្ធភាព ទទួលបាននូវនិរន្តរភាពឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិក និងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ សម្រាប់ផ្លាស់ប្តូរជីវិតដោយការសង្គ្រោះគ្រប់សារពាង្គកាយ មានជីវិត ការពារអាកាសធាតុ និងបរិស្ថាន លើកកម្ពស់សុខភាព និងជួយអ្នកប្រើប្រាស់អោយបាននូវការសន្សំពេលវេលានិងប្រាក់កាស។
លោក អភិបាលរងខេត្តបានបន្តថា គម្រោងនេះ គ្រោងអនុវត្តក្នុងខេត្តសៀមរាប និងពង្រីកប្រតិបត្តិការតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេស ដោយការគ្រប់គ្រងទីលាន និងបង្កើតជាក្រុមហ៊ុនកែច្នៃសំរាមដែលមានទំហំ ៥,៥ហិកតា ឬតាមលទ្ធភាពជាក់ស្ដែង ក្នុងទីលានសំរាមសំណល់រឹងទីប្រជុំ ជនខេត្តក្រុង។
ក្រៅពីខេត្តសៀមរាប ក្រុមហ៊ុនខាងលើ ក៏មានគម្រោងបង្កើតរោងចក្រកែច្នៃសំរាមនេះ នៅខេត្តពោធិ៍សាត់ផងដែរ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។
- Video Advertisement -