ADB ដាក់ដំណើរការមូលធន ២០លានដុល្លារ គាំទ្រលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា
ដោយមានការគាំទ្រពីចក្រភពអង់គ្លេស និងមូលនិធិអាកាសធាតុបៃតង គំនិតផ្តួចផ្តើមថ្មីនេះមានគោលបំណងកាត់បន្ថយការប្រើប្រាស់ថាមពលចំនួន ១៩% នៅឆ្នាំ ២០៣០ ខណៈពេលដែលការពារអាជីវកម្មក្នុងស្រុកពីការប្រែប្រួលនៃប្រេងឥន្ធនៈសកល។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានដាក់ឱ្យដំណើរការមូលធននីយកម្មបឋមចំនួន ២០ លានដុល្លារ ក្រោមការគ្រប់គ្រងដោយ ADB សម្រាប់ប្រសិទ្ធភាពថាមពល (EERF) ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា។
ADB បានបញ្ជាក់តាមរយៈហ្វេសប៊ុកថា មូលធននីយកម្មបឋមចំនួន ២០លានដុល្លារ ក្រោមការគ្រប់គ្រងដោយ ADB ដែលក្នុងនោះរួមមាន ១២ លានដុល្លារ ផ្តល់ដោយចក្រភពអង់គ្លេស តាមរយៈមូលនិធិហិរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ACGF) និង ៨ លានដុល្លារ ដោយមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈកម្មវិធីស្តារសេដ្ឋកិច្ចបៃតង (GRP) នៃ ACGF មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល នឹងគាំទ្រកម្ពុជាក្នុងការសម្រេចគោលដៅគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពលក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល ១៩% បើធៀបនឹងកម្រិតអាជីវកម្មធម្មតា នៅឆ្នាំ ២០៣០។
ចំពោះមូលធននេះ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រសាសន៍ថា «មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពលគឺជាយន្តការប្រកបដោយនវានុវត្តន៍ថ្មីមួយបំពេញបន្ថែមទៅនឹងកំណែទម្រង់កំពុងបន្តដែលគាំទ្រដោយ ADB ដើម្បីពន្លឿនអន្តរកម្មថាមពលស្អាត និងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ នេះគឺជាគំនិតផ្តួចផ្តើមដែលឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ដែលសន្តិសុខថាមពល រងផលប៉ះពាល់ដោយជម្លោះនៅមជ្ឈិមបូព៌ាមកលើ។ តាមរយៈការជំរុញកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន គំនិតផ្តួចផ្តើមនេះមានគោលបំណងកៀរគរការវិនិយោគពីវិស័យឯកជនកាន់តែច្រើនលើប្រសិទ្ធភាពថាមពល ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងត្រួសត្រាយផ្លូវសម្រាប់សេដ្ឋកិច្ចប្រកបដោយសមត្ថភាពប្រកួតប្រជែង កាបូនទាប និងភាពធន់៕ (អានបន្ថែម)
- Video Advertisement -