ADB អនុម័តកញ្ចប់ថវិកាជាង ៦៣ លានដុល្លារ សាងសង់ប្រព័ន្ធផ្ទុកថាមពល សមត្ថាព ២០០/៥០០ មេហ្គាវ៉ាត់ម៉ោង នៅខេត្តតាកែវ

ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាសអនុម័តជាផ្លូវការនូវកញ្ចប់ហិរញ្ញប្បទានដែលមានតម្លៃសរុបចំនួន ៦៣,៤៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់គម្រោងប្រព័ន្ធផ្ទុកថាមពលថ្ម កម្លាំង ២៥០ មេហ្គាវ៉ាត់ / ៥០០ មេហ្គាវ៉ាត់ម៉ោង ស្ថិតនៅអនុស្ថានីយខេត្តតាកែវ ភាគខាងត្បូងប្រទេសកម្ពុជា។

យោងតាមការប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា កញ្ចប់ថវិកាគាំទ្រនេះ រួមមានកម្ចីសម្បទានចំនួន ៤០ លានដុល្លារអាម៉េរិកពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រាក់ជំនួយឥតសំណងចំនួន ៥ លានដុល្លារអាម៉េរិកពីមូលនិធិអភិវឌ្ឍន៍អាស៊ី និងហិរញ្ញប្បទានរួមគ្នាចំនួន ១៨,៤៤ លានដុល្លារអាម៉េរិកពីមូលនិធិអាកាសធាតុសកល និងរដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈយន្តការគាំទ្រហេដ្ឋារចនាសម្ព័ន្ធបៃតងអាស៊ាន។

គម្រោងថ្មីនេះនឹងត្រូវបំពាក់ដោយបច្ចេកវិទ្យាអាំងវែទ័រជំនាន់ថ្មី ដែលមានសមត្ថភាពជួយរក្សាលំនឹងប្រព័ន្ធបណ្តាញអគ្គិសនីជាតិ ដែលកាលពីមុនសេវាកម្មនេះត្រូវពឹងផ្អែកទាំងស្រុងលើទួរប៊ីនវារីអគ្គិសនី ឬរោងចក្រដើរដោយធ្យូងថ្ម។ លើសពីនេះ វានឹងជួយកម្ពុជាក្នុងការគ្រប់គ្រង និងបញ្ចូលថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ទៅក្នុងបណ្តាញជាតិកាន់តែមានប្រសិទ្ធភាព សម្រាប់ផ្គត់ផ្គង់ដល់តំបន់ឧស្សាហកម្ម កសិកម្ម និងទីប្រជុំជន ព្រមទាំងសម្រួលដល់ការជួញដូរថាមពលឆ្លងដែនជាមួយប្រទេសវៀតណាម ស្របតាមគំនិតផ្តួចផ្តើមបណ្តាញអគ្គិសនីអាស៊ានផងដែរ។

អគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាសចូលរួមដេញថ្លៃជាអន្តរជាតិជាផ្លូវការហើយ ដោយទុកពេលជូនក្រុមហ៊ុននានាដាក់ពាក្យរហូតដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦។ ក្រុមហ៊ុនដែលចូលរួមត្រូវមានបទពិសោធន៍ខ្ពស់ក្នុងការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្មធំៗ និងមានទុនបង្វិលប្រចាំឆ្នាំជាមធ្យមយ៉ាងតិច ៨៣ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។ គម្រោងនេះត្រូវបានកំណត់ឱ្យសាងសង់រួចរាល់ក្នុងរយៈពេល ១២ ខែ បន្ទាប់ពីកិច្ចសន្យាចូលជាធរមាន។

លោកស្រី យ៉ាសមីន ស៊ីឌីគី នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា ចំពេលមានវិបត្តិថាមពលសកល គម្រោងនេះបានបង្ហាញកាន់តែច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត។ តាមរយៈការធ្វើឱ្យបណ្តាញអគ្គិសនីរឹងមាំជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្មដ៏ទំនើបនេះ យើងកំពុងជួយកម្ពុជាក្នុងការបើកផ្លូវប្រើប្រាស់ថាមពលកកើតឡើងវិញបានកាន់តែច្រើន ខណៈពេលដែលធានាថាប្រជាពលរដ្ឋ កសិករ និងអាជីវកម្មនានាទទួលបានអគ្គិសនីដែលមានសុវត្ថិភាព ស្ថិរភាព និងតម្លៃសមរម្យ។

បច្ចុប្បន្ន កម្ពុជាសម្រេចបានការប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ ៦៣% ហើយ នៃប្រភពថាមពលសរុប ដែលភាគច្រើនជាវារីអគ្គិសនី ធ្វើឱ្យកម្ពុជាដើរលឿនជាងគោលដៅរួមរបស់អាស៊ានដែលកំណត់ត្រឹម ៣៥% នៅឆ្នាំ ២០៣០ និងកំពុងឆ្ពោះទៅសម្រេចគោលដៅជាតិ ៧០% ត្រឹមឆ្នាំ ២០៣០ ស្របតាមផែនការមេអភិវឌ្ឍន៍វិស័យថាមពល ២០២២-២០៤០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម តម្លៃជាង១៣លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្ថានីយផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តកំពង់ចាម តម្លៃសាង […]

ឆ្នាំ២០២៥៖ ADB បានផ្តល់កម្ចីសម្រាប់វិស័យសាធារណៈដល់កម្ពុជា ក្នុងតម្លៃ ៥,៥ពាន់លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប […]

ផ្លូវជាតិលេខ២៣ ប្រវែងជិត២០គ.ម ភ្ជាប់ស្រុកកោះធំ-ស្រុកលើកដែក សង់រួចរាល់១០០% ហើយ

កំណាត់ផ្លូវផ្លូវជាតិលេខ២៣ មានប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹង […]

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបនៅបន្ទាយមានជ័យជំហានទី២ ជិតបញ្ចប់១០០% ហើយ

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួបពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពង្រឹងវិស័យថាមពលនៅកម្ពុជា

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពេល […]