ទីលានទុកដាក់សំរាមនៅក្រុងក្រចេះ ស្តង់ដារថ្មី បញ្ចប់ការសាងសង់ជាស្ថាពរ
សមិទ្ធផលតម្លៃជិត៥លានដុល្លារក្រោមហិរញ្ញប្បទាន ADB និងរាជរដ្ឋាភិបាល ប្រែក្លាយប្រព័ន្ធគ្រប់គ្រងសំណល់រឹងក្នុងខេត្តភាគឥសានឱ្យកាន់តែមានចីរភាព
ការអភិវឌ្ឍក្រុងប្រកបដោយចីរភាព និងការលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះបានលេចរូបរាងជាផ្លែផ្កា តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីលានទុកដាក់សំរាមលក្ខណៈបច្ចេកទេសស្តង់ដារអន្តរជាតិ។ ហេដ្ឋារចនាសម្ព័ន្ធបៃតងដ៏ទំនើបមួយនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកែប្រែមុខមាត់ប្រព័ន្ធគ្រប់គ្រងសំណល់រឹង ការកាត់បន្ថយការបំពុលបរិស្ថាន និងការលើកកម្ពស់សោភ័ណភាពក្រុងក្រចេះឱ្យកាន់តែមានភាពទាក់ទាញ។
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ទីលានទុកដាក់សំរាមនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ៦ ហិកតា នៅក្នុងចំណោមផ្ទៃដីសរុប ២៦,៨៨ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិផ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ ទីលាននេះត្រូវបានរចនាឡើងដើម្បីបម្រើសេវាកម្មរយៈពេលវែងរហូតដល់ ២០ ឆ្នាំ ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន ៤ នៃក្រុងក្រចេះ រួមមានសង្កាត់ក្រចេះ សង្កាត់ក្រគរ សង្កាត់អូរឬស្សី និងសង្កាត់រកាកណ្តាល។ តាមលក្ខណៈបច្ចេកទេស ទីលាននេះបែងចែកជារណ្តៅទុកដាក់សំរាមចំនួន ៤ ដោយរណ្តៅទី១ មានទំហំ ១៣៥,៧៥ ម៉ែត្រ គុណនឹង ១២២,៥០ ម៉ែត្រ និងជម្រៅ ២ ម៉ែត្រ ដែលគ្របដណ្តប់លើផ្ទៃដី ១,៦៦ ហិកតា។ រណ្តៅទាំងនេះត្រូវបានរៀបចំឡើងដើម្បីបំពេញសំរាមរហូតដល់កម្ពស់ ១៥ ម៉ែត្រពីមាត់រណ្តៅ ដោយមានសមត្ថភាពផ្ទុកបរិមាណសំរាមបានសរុបប្រមាណ ១៩៦,២២០ ម៉ែត្រគូប។
គម្រោងនេះគឺជាអនុគម្រោងគ្រប់គ្រងសំណល់រឹងក្រុងក្រចេះ កញ្ចប់ CW04 ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គ ជំហានទី៤ ហៅកាត់ថា GMS4 ដែលគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ សំណង់ស៊ីវិលនៃអនុគម្រោងនេះចំណាយថវិកាប្រមាណពី ៤ ទៅ ៥ លានដុល្លារអាម៉េរិក ដែលជាហិរញ្ញប្បទានសម្បទានរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។
សូមជម្រាបថាការដាក់ឱ្យដំណើរការទីលានទុកដាក់សំរាមស្តង់ដារអន្តរជាតិនេះ មិនត្រឹមតែជាដំណោះស្រាយបញ្ហាចោលសំរាមពាសវាលពាសកាល ឬការបំពុលបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែគឺជាជំហានយុទ្ធសាស្ត្រក្នុងការប្រែក្លាយក្រុងក្រចេះឱ្យទៅជាទីក្រុងស្អាត មានអនាម័យ និងបៃតង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សមិទ្ធផលនេះបានបង្កើតជាគំរូនៃការគ្រប់គ្រងសំណល់បែបទំនើបដែលរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ និងទាក់ទាញទេសចរណ៍ និងការវិនិយោគមកកាន់តំបន់ភាគឥសាននៃប្រទេសកម្ពុជា។ (អានបន្ថែម)

- Video Advertisement -