ក្រុមហ៊ុនSPC ចង់វិនិយោគបង្កើតរោងចក្រច្នៃអាហារ និងផ្លែឈើកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ

ក្រុមហ៊ុន SPC Group របស់អូស្ត្រាលី ចង់វិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា ជាពិសេសផ្តោតលើរោងចក្រកែច្នៃអាហារ និងផ្លែឈើ សម្រាប់នាំចេញទៅពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នា​ឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងជំនួបនេះ  លោកប្រធានក្រុមហ៊ុន បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនលោក មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ានផងដែរ។

លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រក្នុងការកែច្នៃផលិតផលពីផ្លែឈើ ដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោក។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញពីបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុន SPC Group។

ជាការឆ្លើយតប សម្តេចធិបតី បានជម្រាបឱ្យក្រុមហ៊ុនបានដឹងនូវគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកសិកម្ម ដែលរួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាននូវយន្តការក្នុងការគាំទ្រដល់ប្រជាកសិករ ការបង្កើតនូវសមាគមកសិករទំនើប ការលើកកម្ពស់នូវគុណភាពផលិតផល ដើម្បីពង្រឹងនូវផលិតភាព និងគុណភាពផលិតផលកសិកម្ម។

សម្តេចបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏មានគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគលើវិស័យកសិកម្ម ដែលរួមមានការលើកលែងពន្ធលើដីកសិកម្ម ពន្ធនាំចូលសម្ភារកសិកម្ម និងពន្ធកសិផលកសិកម្ម ក៏ដូចជាការធានានូវតម្លៃអគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាគន្លឹះជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បីរក្សានូវភាពប្រកួតប្រជែងក្នុងទីផ្សារ។

ជាចុងក្រោយ សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា […]

កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគក […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]

ជប៉ុនចង់សិក្សាលទ្ធភាពបើកមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញដើម្បីជំរុញវិស័យសុខាភិបាលកម្ពុជា

គណៈប្រតិភូជប៉ុនបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងក […]

កម្ពុជា-កូរ៉េ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ៦

ជំនួបកម្រិតខ្ពស់រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា […]

សមាគមអ្នកសាងសង់កម្ពុជា និង EuroCham ចុះអនុស្សរណៈយោគយល់គ្នាដើម្បីលើកកម្ពស់វិស័យសំណង់

គណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបប […]