តើអចលនទ្រព្យប្រភេទណាខ្លះដែលជាប់ពន្ធ?
ដោយសារ វិស័យអចលនទ្រព្យ មានសន្ទុះខ្លាំងនា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការយល់ដឹងពីប្រភេទអចលនទ្រព្យដែលជាប់ពន្ធ គឺជារឿងសំខាន់ និងចំាបាច់ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារគក់ចេដី និងទាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីងាយស្រួលក្នុងការរៀបចំបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួន ឱ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌតម្រូវរបស់ច្បាប់ ។
តើអចលនទ្រព្យប្រភេទណាខ្លះ ដែលត្រូវជាប់ពន្ធ?
និយមន័យ “អចលនទ្រព្យ” មានចែងក្នុង មាត្រា ១៣ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ ឆ្នាំ២០១០ ដែលសំដៅលើ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះ។ នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រាតែអចលនទ្រព្យនោះមានតម្លៃលើសពី ១០០លានរៀល ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក និងដែលស្ថិតក្នុងចំណោមប្រភេទខាងក្រោម៖
១. ដី៖ សំដៅដល់ដីគ្មានសំណង់ និង/ឬ ដីមានសំណង់
២. ផ្ទះ៖ សំដៅដល់ទីកន្លែងសម្រាប់ស្នាក់នៅ
៣. អគារ ឬសំណង់ផ្សេងៗ៖ សំដៅដល់អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់ទៅនឹងដី។
ចំណែកឯ អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ គឺជាប្រភេទអចលនទ្រព្យដែលមានតម្លៃត្រឹម ១០០ លានរៀល ឬតិចជាងនេះ។ យោងតាមមាត្រា ១៤ នៃច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០១០ មិនជាប់ពន្ធនោះទេ ប្រភេទអចលនទ្រព្យ ដែលក្នុងនោះរួមមាន៖
ក. ដីកសិកម្ម៖ (ដូចជា ដីស្រែ ដីចម្ការ ដីកសិដ្ឋានចិញ្ចឹមសត្វ ឬដីស្រែអំបិល ជាដើម)។
ប្រសិនបើ ចំណែកណាមួយនៃដីកសិកម្ម ត្រូវបានប្រើប្រាស់សម្រាប់អគារលំនៅឋាន ឬសំណង់ផ្សេងៗ ដែលមិនបម្រើដោយផ្ទាល់ និងជាអចិន្ត្រៃយ៍សម្រាប់សកម្មភាពកសិកម្មទេ នោះចំណែកទាំងនោះមិនត្រូវបានលើកលែងពន្ធអចលនទ្រព្យឡើយ។
ខ. ទ្រព្យសម្បត្តិរដ្ឋ៖ អចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋាភិបាល ដែលបានចុះបញ្ជីសារពើភណ្ឌជាទ្រព្យសម្បត្តិរដ្ឋ។
គ. អចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយដែលដំណើរការសម្រាប់គោលដៅខាងសាសនា និងសប្បុរសធម៌សុទ្ធសាធ លើកលែងតែអចលនទ្រព្យនោះ គ្រាន់តែគេជួល ឬផ្តល់ឱ្យបណ្តោះអាសន្ន និងវាត្រូវបានជួល ឬផ្តល់ឱ្យអ្នកផ្សេង ទៅប្រើប្រាស់ក្រៅគោលដៅសប្បុរស។
ឃ. អចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។
ង. អចលនទ្រព្យដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ដោយករណីប្រធានសក្តិ។
ច. ផ្ទះ អគារ ឬសំណង់ដែលកំពុងសាងសង់តិចជាង៨០% និងមិនទាន់ប្រើប្រាស់។ ប៉ុន្តែទោះបីអចលនទ្រព្យ មិនទាន់ប្រើប្រាស់ ដីនៅតែត្រូវជាប់ពន្ធលើអចលនទ្រព្យដដែល។ និង
ឆ. អចលនទ្រព្យស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម។
តើអ្នកណាជាអ្នកត្រូវជាប់បន្ទុកបង់ពន្ធអចលនទ្រព្យ?
យោងតាមច្បាប់ខាងលើ អ្នកជាប់ពន្ធ ដែលសំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ត្រូវជាប់កាតព្វកិច្ចបង់ពន្ធអចលនទ្រព្យតាមប្រភេទនានា ទៅតាមការកំណត់របស់ច្បាប់។ រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងនោះ រួមមាន៖
ក. កម្មសិទ្ធិករ៖ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានបណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។
ខ. អ្នកកាន់កាប់៖ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលគ្មានបណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។
គ. អ្នកទទួលប្រយោជន៍ចុងក្រោយ៖ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលទទួលនូវសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិចាត់ចែង និងសិទ្ធិអាស្រ័យនៅចុងក្រោយ លើអចលនទ្រព្យ។
អ្នកទទួលប្រយោជន៍ចុងក្រោយ អាចជាសន្តតិជន គឺជាជនដែលទទួលបានសិទ្ធិ និងករណីកិច្ចលើអចលនទ្រព្យនោះ តាមរយៈការផ្ទេរសិទ្ធិពីឪពុកម្តាយ មកកូនប្រុសស្រីជាដើម។
នេះមានន័យថា ទោះបីជាយើងមិនមែនជាម្ចាស់អចលនទ្រព្យក៏ដោយ ឱ្យតែយើងជាបុគ្គលកាន់កាប់ ឬទទួលអាស្រ័យផលផ្ទាល់លើអចលនទ្រព្យនោះ ក៏ត្រូវជាប់ពន្ធដែរ។
សរុបមក ការកំណត់ប្រភេទអចលនទ្រព្យ ជាប់ពន្ធនៅកម្ពុជា គឺអាស្រ័យទៅតាមទំហំតម្លៃនៃអចលនទ្រព្យនោះ និងទៅតាមប្រភេទកម្មសិទ្ធិ និងការប្រើប្រាស់នៃអចលនទ្រព្យនោះ។ សម្រាប់អ្នកដែលមានអចលនទ្រព្យលើសពី ១០០ លានរៀល មិនសុទ្ធតែត្រូវជាប់ពន្ធលើទ្រព្យនោះទាំងអស់នោះទេ។
ឧទាហរណ៍ថា មីង «ក» មានដីមួយកន្លែងក្នុងខេត្តសៀមរាបទំហំ១ ហិកតា។ គាត់បានសាងសង់ផ្ទះមួយខ្នងបីជាន់សម្រាប់ស្នាក់នៅនៅលើដីកន្លះហិកតា។ ដីកន្លះហិកតាដែលនៅសល់ គាត់យកមកបើកការដ្ឋានកសិកម្មចិញ្ចឹមសត្វ។ ផ្ទះទាំងបីជាន់ក្នុងករណីមានតម្លៃលើ ១០០ លានរៀល និងដីកន្លះហិកតាដែលបានសាងសង់ផ្ទះលើ ត្រូវជាប់ពន្ធអចលនទ្រព្យ។ ចំណែកដីដែលយកមកធ្វើកសិដ្ឋាននោះ មិនជាប់ពន្ធនោះទេ តែអាជីវកម្មនោះ ត្រូវទទួលបានការអនុញ្ញាតពីមន្ទីរ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមបញ្ជាក់ថា អចលនទ្រព្យដែលទុកចោលមិនប្រើប្រាស់ ក៏ត្រូវជាប់ពន្ធដែរ ជាពិសេសដីធ្លី ក្នុងករណីដែលដីនោះ ជាដីដែលគ្មានសំណង់ និងដីដែលមានសំណង់ដែរ តែត្រូវបានបោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយ “គណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់”៕
- Video Advertisement -