ទីផ្សារលក់រាយកំពុងតែវិវត្តន៍រីកចម្រើននៅទីក្រុងភ្នំពេញ

ខណៈដែលនៅភ្នំពេញចំនួនប្រជាពលរដ្ឋផ្លូវការកើនជិតដល់ ២លាននាក់ រួមជាមួយនិងកំណើនប្រជាជនថ្នាក់កណ្តាល កំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជន ទីផ្សារអចលនទ្រព្យលក់រាយនៅភ្នំពេញមានថាមវន្តខ្លាំងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ហើយហាងលក់រាយបានវិវត្តន៍ទៅរកទ្រង់ទ្រាយថ្មីៗនិងគំនិតថ្មីៗ។

ចំណុចថ្មីបំផុតនៃការអភិវឌ្ឍនោះគឺការលេចឡើងនូវផ្សារទំនើបសហគមន៍ថ្មីៗសម្រាប់ការអភិវឌ្ឍការលក់រាយ។ TK Avenue គឺជាផ្សារទំនើបសហគមន៍ដែលទទួលបានជោគជ័យដំបូងគេនៅភ្នំពេញ ហើយវាបាននាំឲ្យមានការបង្កើតផ្សារទំនើបសហគមន៍ផ្សេងទៀតដូចជា Downtown 93 និងផ្សារកុងតឺន័រផ្សេងៗជាដើម។ ទាក់ទងនឹងផ្សារកុងតឺន័រ លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុន Pointer លើកឡើងថាផ្សារកុងតឺន័រភាគច្រើនមិនមានភាពល្អប្រសើរខ្លាំងនោះទេ។ គំនិតរៀបចំពីផ្សារកុងតឺន័រពីមួយទៅមួយទៀតគឺស្ទើរតែដូចគ្នា។ ប្រជាជនត្រូវការអ្វីដែលថ្មី។ ទោះជាយ៉ាងណា គម្រោងទាំងនេះបានត្រួសត្រាយផ្លូវសម្រាប់ទម្រង់នៃលក់រាយថ្មីៗដែលឃើញមាននៅកន្លែងជាច្រើននៃទីក្រុងភ្នំពេញ។ ចំណែកផ្សារទំនើបខ្នាតធំវិញ ប្រទេសកម្ពុជាមានលក្ខណៈខុសប្លែកពីប្រទេសជិតខាងផ្សេងទៀតដូចជា ប្រទេសថៃ (Central Pattana, The Mall Group ជាដើម) និងហ្វីលីពីន (SM Corporation) ដែលប្រជាជនក្នុងស្រុករបស់គេជាអ្នកនាំមុខនិងគ្រប់គ្រងទីផ្សារ។ ដោយឡែកនៅកម្ពុជា ប្រតិបត្តិករលក់រាយដែលជាប្រជាជនក្នុងស្រុកស្ទើរតែមិនមាននោះទេ។ ដោយសារតែបែបនេះហើយ ទើបទីផ្សារលក់រាយនៅមានកន្លែងទំនេរសម្រាប់ប្រជាជនក្នុងស្រុកចូលរួមក្នុងទីផ្សារ។ ថ្មីៗនេះ ផ្សារទំនើបសូរិយាបានជួសជុលកែលម្អឲ្យទៅជា Sorya Center Point ប្រកបដោយភាពជោគជ័យ។ គោលបំណងនៃការកែលម្អនេះគឺដើម្បីធ្វើឲ្យផ្សារមានស្តង់ដារខ្ពស់ជាងមុនដើម្បីទទួលនូវម៉ាកអន្តរជាតិល្បីៗ។ នៅពេលអនាគត ខ្ញុំជឿថាចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់នៅកម្ពុជានឹងឈានទៅរកការដើរទិញឥវ៉ាន់នៅកន្លែងតែមួយ (One-stop Shopping) ដែលស្ថិតនៅក្នុងផ្សារទំនើបខ្នាតធំ។ គំនិតដែលបង្កើតឲ្យមានអ្វីគ្រប់យ៉ាងនៅក្រោមដំបូលតែមួយដែលរួមមានរោងភាពយន្ត ខារ៉ាអូខេ កន្លែងប៊ូលីង ហាងលក់ទំនិញ ផ្សារ និងម៉ាកហ្វេសសិនជាច្រើនប្រភេទនោះនឹងទទួលបានជោគជ័យ។

ការអភិវឌ្ឍមជ្ឈមណ្ឌលផ្សារទំនើបនៅភ្នំពេញត្រូវបានរារាំងដោយកត្តាជាច្រើន។ នៅក្នុងតំបន់សំខាន់នៃទីក្រុង មានកង្វះតំបន់សម្រាប់អភិវឌ្ឍន៍ដែលសមស្រប។ តំបន់ដែលនៅសេសសល់បច្ចុប្បន្នមានតែកោះពេជ្រប៉ុណ្ណោះ ដែលតំបន់នេះក៏ត្រូវបានទុកដោយឡែកសម្រាប់ការអភិវឌ្ឍការលក់រាយជាច្រើនផងដែរ។ លោកស្រី ចាន់ ម្លប់សុខា មកពីក្រុមហ៊ុនមេធាវីសុខាបានពន្យល់ថា «រាជធានីភ្នំពេញខ្វះដីដែលអាចអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្សារទំនើបបាន ដូច្នេះអ្នកអភិវឌ្ឍន៍ការលក់រាយត្រូវរកមើលដីនៅក្រៅតំបន់សំខាន់នៃទីក្រុង»។

អាជីវកម្មលក់រាយគឺមានការប្រកួតប្រជែងនិងការលំបាក។ អ្នកប្រើប្រាស់ស្វែងរកផលិតផលដែលមានគុណភាពហើយក្នុងតម្លៃសមរម្យ។ ពួកគេយល់ច្បាស់ពីតម្លៃហើយត្រូវការតែផលិតផលដែលសមតម្លៃនឹងលុយដែលគេចំណាយប៉ុណ្ណោះ។ ដើម្បីដំណើរការផ្សារទំនើប គន្លឹះដើម្បីទទួលបានជោគជ័យមានជាប់ទាក់ទងច្រើននឹងអ្នកលក់រាយនិងផលិតផល។ សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ពួកគេស្វែងរកផលិតផលដែលមានតម្លៃសមរម្យនិងមានគុណភាព។ នៅក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ភោជនីយដ្ឋានក្នុងស្រុកនិងបរទេសដែលទទួលជោគជ័យរួមមាន ហាងម៉ាស្ទ័រស៊ូគីស៊ុប ហាង Shabu Shabu & Sushi Buffet និងហាងបរទេសផ្សេងទៀតដូចជាហាង Fuji ហាង Swensen’s និង The Pizza Company ដែលដំណើរការបានយ៉ាងល្អដូចគ្នា។

នៅពេលការប្រកួតប្រជែងកើនឡើង អ្នកលក់រាយដែលនៅក្មេងខ្ចីនឹងពិបាកឈរជើងនៅក្នុងទីផ្សារ។ ជាចុងក្រោយ ផលិតផលមានគុណភាពនិងតម្លៃសមរម្យដែលមានតម្លៃប្រកួតប្រជែងជាមួយគេបានគឺជាគន្លឹះក្នុងការយកឈ្នះក្នុងទីផ្សារ។ កត្តាសំខាន់ដែលជំរុញការវិវឌ្ឍរីកចម្រើននៃការលក់រាយគឺឥរិយាបថរបស់អ្នកប្រើប្រាស់ ហើយការយល់ដឹងពីចំណង់ចំណូលចិត្តរបស់ពួកគេគឺពិតជាសំខាន់ចំពោះភាពជោគជ័យនៃការលក់រាយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើមានអ្វីថ្មីក្នុង iTwin Engage?​ ជួយម្ចាស់គម្រោងពង្រឹងការគ្រប់គ្រងសំណង់ដូចម្ដេច?

ក្រុមហ៊ុន Bentley Systems កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើន […]

រោងចក្រផលិតរថយន្តធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី សម្លឹងមើលឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្តដ៏ធំបំផុតមួយប្រចាំសហព័ន្ធ […]

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

សហគ្រាសចិនជាង១០០ស្ថាប័ន មានបំណងវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

តំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណជាង ១០០ស្ថ […]

Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ

ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្ម […]