ក្រសួងរៀបចំដែនដីណែនាំស្ថាបត្យករ និងវិស្វករឱ្យគិតគូរពីបរិយាកាស និងប្រពៃណីតំបន់
មហោស្រពស្ថាបត្យកម្មកម្ពុជាឆ្នាំ២០២៦ លើកកម្ពស់ការច្នៃប្រឌិត និងការរៀបចំលំនៅឋានស្របតាមតម្រូវការជាក់ស្តែង និងសុខុមាលភាពប្រជាពលរដ្ឋ
វិស័យស្ថាបត្យកម្ម និងការអភិវឌ្ឍទីក្រុងនៅកម្ពុជាត្រូវតែដើរស្របគ្នាទៅនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងផ្នត់គំនិតរស់នៅរបស់មនុស្ស ដោយមហោស្រពស្ថាបត្យកម្មកម្ពុជាឆ្នាំ ២០២៦ នេះបើយោងតាមប្រសាសន៍របស់ឯកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរពិសោធន៍ជាតិសំណង់។ ព្រឹត្តិការណ៍នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការប្រមូលផ្តុំបញ្ញាវ័ន្ត និងស្នាដៃរបស់ប្រជាជនខ្មែរក្នុងវិស័យស្ថាបត្យកម្ម និងវិស្វកម្ម។ ពិធីបើកមហោស្រពដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងដើម្បីផ្លាស់ប្តូរទស្សនៈ និងគំនិតថ្មីៗសំដៅពង្រឹងវិជ្ជាជីវៈសំណង់នៅកម្ពុជា ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ និងមោទនភាពលើបុព្វហេតុនៃការអភិវឌ្ឍមាតុភូមិ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានផ្តល់អនុសាសន៍ណែនាំយ៉ាងសំខាន់ៗដល់ស្ថាបត្យករ និងវិស្វករទាំងអស់ ឱ្យគិតគូរយ៉ាងហ្មត់ចត់ពីបរិយាកាស និងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាពលរដ្ឋតាមតំបន់នីមួយៗនៅពេលគូសប្លង់ និងសាងសង់សំណង់ ជាពិសេសលំនៅឋានរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ការសាងសង់ផ្ទះមិនមែនផ្តោតតែលើភាពស្រស់ស្អាតនោះទេ ប៉ុន្តែត្រូវស្របតាមទម្លាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងមូលដ្ឋាន ដូចជាការរៀបចំលំនៅឋានឱ្យផ្តល់ភាពកក់ក្តៅ និងស្រួលរស់នៅ ដើម្បីធានាថាពលរដ្ឋមានសុខភាពល្អ និងអាចបំពេញការងារជំរុញសេដ្ឋកិច្ចជាតិ។
បន្ថែមពីលើនេះ ឯកឧត្តមក៏បានលើកឡើងពីការរៀបចំប្លង់សំណង់នៅតាមតំបន់ផ្សេងៗ ដូចជាការសាងសង់នៅតាមដងទន្លេដែលត្រូវទាញយកខ្យល់ធម្មជាតិចូលក្នុងអគារ ព្រមទាំងការយកចិត្តទុកដាក់លើការសាងសង់បន្ទប់ជាន់ក្រោមផ្ទាល់ដីសម្រាប់ឪពុកម្តាយ ឬមនុស្សចាស់ ដើម្បីភាពងាយស្រួលដោយមិនបាច់ឡើងចុះជណ្តើរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ផ្ទះមិនមែនត្រឹមតែជាលំនៅឋានធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាទីកន្លែងកសាងជីវិតសម្រាប់ប្រជាជនគ្រប់រូប ដូច្នេះការរៀបចំត្រូវធ្វើឡើងយ៉ាងណាឱ្យប្រជាពលរដ្ឋមានផ្ទះរស់នៅសមរម្យ មានការងារធ្វើ មានប្រាក់សន្សំ ម្ហូបអាហារគ្រប់គ្រាន់សម្រាប់គ្រួសារ កូនបានទៅរៀន និងមានឱកាសសម្រាកលំហែ។
ការរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជាឆ្នាំ ២០២៦ ព្រមទាំងការដាក់ចេញនូវទស្សនវិស័យដឹកនាំដ៏ជាក់លាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាជំហានយុទ្ធសាស្ត្រដ៏មានតម្លៃក្នុងការលើកកម្ពស់គុណភាពវិស័យស្ថាបត្យកម្មជាតិ។ ការតាក់តែងប្លង់ និងការសាងសង់ដែលផ្សារភ្ជាប់ជាមួយនឹងបរិស្ថានធម្មជាតិ ទំនៀមទម្លាប់ប្រពៃណី និងការយកចិត្តទុកដាក់លើសុខុមាលភាពសមាជិកគ្រួសារគ្រប់វ័យ នឹងបន្តជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាងសហគមន៍កម្ពុជាឱ្យមានភាពស៊ីវិល័យ ស្រស់បំព្រង និងប្រកបដោយចីរភាព។ (អានបន្ថែម)

- Video Advertisement -