ធនាគារពិភពលោក នឹងបន្តគាំទ្រកម្ពុជាលើការជំរុញ និងអភិវឌ្ឍន៍វិស័យសក្ដានុពលចំនួន៥
ធនាគារពិភពលោក(WB) នឹងបន្តគាំទ្រកម្ពុជាលើការជំរុញ និងអភិវឌ្ឍន៍វិស័យសក្ដានុពលចំនួន ៥សំដៅបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ ព្រមទាំងផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា។ នេះបើតាមប្រសាសន៍របស់ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្ងៃទី១៧ មីនា ឆ្នាំ២០២៦។
នាឱកាសនោះ អនុប្រធានធនាគារពិភពលោក បង្ហាញការគាំទ្រចំពោះគោលដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកបន្តថា នាពេលបច្ចុប្បន្ននេះ ធនាគារពិភពលោកបានដាក់ចេញនូវអាទិភាពចម្បងក្នុងការផ្តល់ជំនួយដល់បណ្ដាប្រទេសនានា រួមទាំងកម្ពុជា ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ ដោយផ្តោតលើវិស័យសក្ដានុពលចំនួន ៥ រួមមាន៖ ១. វិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម ២. វិស័យទេសចរណ៍ ៣. វិស័យកម្មន្តសាល ៤. វិស័យសុខាភិបាល និង ៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងន័យនេះ លោកថា ធនាគារពិភពលោកនឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដែលជាម៉ាស៊ីននៃកំណើនដ៏សំខាន់ក្នុងការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។
ជាការឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារពិភពលោក និងរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រដល់កម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ សម្ដេចធិបតីថា រដ្ឋាភិបាល បានដាក់ចេញគោលនយោបាយជំរុញវិស័យអាទិភាពជាច្រើន សំដៅកសាងភាពធន់របស់កម្ពុជា និងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានទាក់ទាញ។
តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាបន្ថែមអំពីអាទិភាពសំខាន់ៗក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងបានពិភាក្សាអំពីការអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា ការពង្រឹងសមត្ថភាព ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា និងសារៈសំខាន់នៃភាពជាដៃគូរវាងរដ្ឋនិងឯកជន សំដៅចាប់យកកាលានុវត្តភាព និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ៕

- Video Advertisement -