កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី៖ ការពង្រឹងសន្តិសុខទឹកស្អាត និងការទប់ទល់នឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ
វេទិកាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទី៦ ដាក់ចេញនូវបច្ចេកវិទ្យានវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយចីរភាព
រាជធានីភ្នំពេញ៖ ក្នុងបរិបទដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសហការគ្នារៀបចំ “សន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជា លើកទី៦” ដែលព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ និងរ៉េស៊ីដង់ សុខាភ្នំពេញ ដោយបានប្រមូលផ្តុំតំណាងរាជរដ្ឋាភិបាល វិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ វិទ្យាស្ថានស្រាវជ្រាវ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាប្រមាណ ៣៥០រូប។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទដ៏មានអត្ថន័យ “នវានុវត្តន៍ថ្ងៃនេះ ដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក” ក្នុងគោលបំណងបង្កើតវេទិកាសម្រាប់ចែករំលែកចំណេះដឹង តាំងបង្ហាញបច្ចេកវិទ្យាទំនើប ពង្រឹងភាពជាដៃគូ និងស្វែងរកដំណោះស្រាយជាក់ស្តែងដើម្បីលើកកម្ពស់សន្តិសុខទឹក ពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងធានាការផ្តល់សេវាដែលធន់នឹងអាកាសធាតុនៅទូទាំងប្រទេស។ ការរៀបចំសន្និសីទនេះធ្វើឡើងចំពេលដែលការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យទាក់ទងនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងការប្រែប្រួលរបបទឹកភ្លៀង ដែលដាក់សម្ពាធបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានទឹកស្អាតដែលមានស្រាប់។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការគ្រប់គ្រងបែបនវានុវត្តន៍ គឺជាកាតព្វកិច្ចយុទ្ធសាស្ត្រមិនអាចខ្វះបាន ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ គ្រប់គ្រងហានិភ័យ និងធានាការផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ភាពជាដៃគូដ៏យូរអង្វែងជាងមួយទសវត្សរ៍រវាងអូស្ត្រាលី និងកម្ពុជា ក្នុងវិស័យទឹកស្អាត បានជួយឱ្យប្រជាជនកម្ពុជាចំនួន ១,៣លាននាក់ ទទួលបានទឹកស្អាតតាមបំពង់ប្រើប្រាស់។ លោកបានបញ្ជាក់ថា អូស្ត្រាលីនឹងបន្តគាំទ្របច្ចេកវិទ្យានវានុវត្តន៍ និងយន្តការហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដើម្បីជួយដល់ប្រតិបត្តិករផ្គត់ផ្គង់សេវា។
លោក ឡេង ខៀវ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានថ្លែងថា ប្រតិបត្តិករឯកជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដល់សហគមន៍ ហើយសន្និសីទនេះគឺជាឱកាសមាសសម្រាប់ពួកគេក្នុងការចាប់យកបច្ចេកវិទ្យាថ្មីៗ និងពង្រីកសេវាឱ្យកាន់តែមានភាពជឿទុកចិត្ត។
គួររំឭកផងដែរថា ព្រឹត្តិការណ៍នេះមានរៀបចំកិច្ចពិភាក្សាលើបច្ចេកវិទ្យាទឹកស្អាតឆ្លាតវៃ ថាមពលស្អាត ព្រមទាំងការដាក់បញ្ចូលជាលើកដំបូងនូវវេទិកាផ្គូផ្គងអាជីវកម្ម ដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធស្វែងរកឱកាសវិនិយោគ និងភាពជាដៃគូយ៉ាងទូលំទូលាយ។
ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកិច្ចសហការជិតស្និទ្ធជាមួយដៃគអភិវឌ្ឍន៍អន្តរជាតិដូចជាប្រទេសអូស្ត្រាលី ការរៀបចំសន្និសីទនិងពិព័រណ៍ទឹកស្អាតនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការជំរុញការអភិវឌ្ឍវិស័យទឹកស្អាតឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ការពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់បច្ចេកវិទ្យាទំនើប និងការសម្របសម្រួលផ្នែកហិរញ្ញវត្ថុ នឹងធានាបាននូវសន្តិសុខទឹកប្រកបដោយបរិយាបន្ន និងការលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសប្រកបដោយចីរភាព។ (អានបន្ថែម)

- Video Advertisement -