ប្រតិភូសហភាពអ៊ឺរ៉ុប១ក្រុម កំពុងស្វែងរកឱកាសវិនិយោគនៅខេត្តព្រះសីហនុ

 

គណៈប្រតិភូសហភាពអឺរ៉ុប ដែលមានសមាសភាព​សរុបប្រមាណ ១២រូប មកពី ១០ប្រទេស បានមកជួបពិភាក្សាជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីលទ្ធភាព និងឱកាសក្នុងការវិនិយោគក្នុងខេត្តព្រះសីហនុ សំដៅឈានទៅបោះទុនវិនិយោគលើវិស័យសំខាន់ៗមួយចំនួននាពេលខាងមុខ។

នេះបើតាមជំនួបរវាង ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ជាមួយគណៈប្រតិភូសហភាពអឺរ៉ុប មកពី១០ប្រទេស ដឹកនាំដោយលោក Andreas BERG អនុប្រធានបេសកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា កាលថ្ងៃទី៦ មីនា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម ឡុង ឌីម៉ង់ បានស្វាគមន៍គណៈប្រតិភូសហភាពអ៊ឺរ៉ុប មកកាន់ខេត្តព្រះសីហនុ ដោយឯកឧត្តមបានលើកឡើងពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញអភិវឌ្ឍប្រែក្លាយក្រុងព្រះសីហនុទៅជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ​ពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខគេ។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ផងដែរ។

ជុំវិញការលើកឡើងនេះ លោក Andreas BERG តំណាងប្រតិភូសហភាពអ៊ឺរ៉ុប បានឱ្យដឹងថា ការអញ្ជើញរបស់គណៈប្រតិភូ EU មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់អំពីការអភិវឌ្ឍកំពង់ផែ សិក្សាពីលទ្ធភាព និងឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសឱកាសវិនិយោគក្នុងខេត្តមួយនេះ។

ជាមួយគ្នានេះដែរ លោកក៏បានបង្ហាញពីគោលបំណងនៃការវិនិយោគទៅលើវិស័យអាទិភាពផ្សេងៗដូចជា វិស័យសំណង់, ឧស្សាហកម្ម,​ ភស្តុភារកម្មសមុទ្រ, និងជលយានដ្ឋានផងដែរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជិត​​ ៧ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣ ។ដោយឡែក គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋាភិបាល បានផ្តល់ការលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុចំនួន ២៦៩គម្រោង ក្នុងទំហំទុន ៦.៦៦៩លានដុល្លារ, ខណៈមានគម្រោងចំនួន១៤ទៀត ទើបទទួលបានការលើកទឹកបន្ថែមនៅក្នុងខែកុម្ភៈនេះ។

ការពិភាក្សាដែលបានធ្វើឡើងក្នុងកិច្ចប្រជុំដ៏សំខាន់នេះ បានកំណត់ដំណាក់កាលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ដោយឆ្លុះបញ្ចាំងពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា […]

កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគក […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]

ជប៉ុនចង់សិក្សាលទ្ធភាពបើកមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញដើម្បីជំរុញវិស័យសុខាភិបាលកម្ពុជា

គណៈប្រតិភូជប៉ុនបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងក […]

កម្ពុជា-កូរ៉េ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ៦

ជំនួបកម្រិតខ្ពស់រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា […]

សមាគមអ្នកសាងសង់កម្ពុជា និង EuroCham ចុះអនុស្សរណៈយោគយល់គ្នាដើម្បីលើកកម្ពស់វិស័យសំណង់

គណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបប […]