ផ្លូវក្រវ៉ាត់ក្រុងទី២ កំណាត់ទី២ តម្លៃជិត៦២លានដុល្លារ សម្រេចបាន៥១%

ភ្នំពេញ៖ ដើម្បីបញ្ចៀសចរាចរណ៍នៃការដឹកជញ្ជូនពីរថយន្តដឹកទំនិញធំៗចូលក្នុងទីក្រុង រាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងក្នុងការពង្រីកផ្លូវក្រវ៉ាត់ក្រុង ជាក់ស្តែងគិតត្រឹមថ្ងៃទី២២ ម្សិលមិញនេះការដ្ឋាន​ចាក់ប៉េតុងផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី២ សម្រេចបាន៥១ ភាគរយ ហើយ។ នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញ។

កំណាត់ទី២ នេះ គឺតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្សី (ត្រង់ស្តុបផ្សារដីហុយ) ឆ្ពោះទៅផ្លូវជាតិលេខ២​(ត្រង់ព្រែកសំរោង តាខ្មៅ)។​ បើនិយាយឲ្យងាយយល់ ពោលគឺខ្សែទី២​ កំណាត់ទី២នេះ គឺត្រូវតភ្ជាប់ពីស្តុបផ្សារដីហុយ ទៅផ្លូវលេខ១០១៩ កាត់តាមផ្លូវ North Bridge ផ្លូវទ្រុងមាន់ ផ្លូវ​មុខររោងចក្រអគ្គិសនី ផ្លូវមុខសហគមន៍អន្លង់គង ផ្លូវទំនប់៧មករា ដល់ផ្លូវជាតិលេខ២ ភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅ។

ផ្លូក្រវ៉ាត់ក្រុងភ្ជាប់ទៅភាគខាងត្បូងនៃរាជាធានីភ្នំពេញនេះ មានប្រវែង​១៧ គីឡូម៉ែត្រ​ គ្រោ​ងចំណាយជិត៦២ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានរដ្ឋាភិបាលប្រជាមានិតចិន​ ដោយនឹងប្រើរយៈសាងសង់ ៣៦ខែ​ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ខាងមុខ។

ផ្លូវក្រវ៉ាត់ក្រុងកំណាត់ទី២​ តម្លៃជិត៦២ លានដុល្លារអាមេរិកនេះ​ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០១៧ ចំថ្ងៃដែលផ្លូវ​ក្រវ៉ាត់ក្រុងខ្សែទី២​ កំណាត់ទី១​ បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ​ ក្រោមអធិបតីភាពសម្តេចតេជោ​ ហ៊ុន សែន។​

កំណាត់ទី១​ មានប្រវែង​១០​ គីឡូម៉ែត្រ ដោយចំណាយថវិកាសាងសង់ប្រមាណជាង១០​ លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋវៀតណាម​ ហើយ​តភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ​(ឬផ្លូវ១២០K) ឆ្ពោះទៅកាន់មហាវិថីសហព័ន្ធរុស្សី។

បើតាមប្រសាសន៍របស់ឯកឧត្តម​ ស៊ុន ចាន់ថុល​ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា​ ផ្លូវក្រវ៉ាត់ក្រុងនេះ នឹង​ចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍​ ជម្រុញការដឹកជញ្ជូន​ ភស្តុភារ និងទំនិញ​​ មានលក្ខណៈកាន់តែងាយស្រួលពីផ្លូវជាតិលេខ​៥ ទៅផ្លូវជាតិលេខ២​ និងទៅផ្លូវជាតិលេខ១ បានឆាប់រហ័ស ជាពិសេសការតភ្ជាប់ទៅកាន់តំបន់ទំនប់កប់ស្រូវ។​ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា ទំនប់កប់ស្រូវ កំពុងមានការអភិវឌ្ឍខ្លាំង​ និងប្រែក្លាយទៅជាមជ្ឈមណ្ឌលស្តុកផ្គត់ផ្គង់ និងចែកចាយទំនិញ​ នៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ (ផ្លូវជាតិលេខ១) និងទៅក្រុងហូជីមិញប្រទេសវៀតណាមផងដែរ។​

អត្ថបទ៖​ ប៊ុនធឿន

អ៊ីម៉េល៖ bunthoeun.chhut@construction&property.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពីរ បើកយុទ្ធនាការផ្សព្វផ្សាយបទដ្ឋានបច្ចេកទេសថ្មីចំនួន ៤២ ឯកសារ ដើម្បីពង្រឹងគុណភាពផ្លូវនៅកម្ពុជា

កិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីក្នុងការធ្វើបច្ចុប្ប […]

ផែស្ងួតក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅខេត្តកំពង់ស្ពឺ តម្លៃ ៣០០លានដុល្លារ សាងសង់ជាផ្លូវការហើយ

អភិវឌ្ឍដោយក្រុមហ៊ុន YCH Group របស់ប្រទេសសិង្ហបុរី និងក្ […]

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]