កម្ពុជាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី៣
ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងព័ស្តុភារកម្មទំនើបដើម្បីទាក់ទាញវិនិយោគិនបារាំង និងអន្តរជាតិ
រាជធានីភ្នំពេញ៖ ទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ត្រូវបានជំរុញកម្រិតថ្មីមួយទៀត តាមរយៈវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី៣ ឆ្នាំ២០២៦ (The 3rd Forum d’Affaires France-Cambodge 2026) ដែលប្រព្រឹត្តទៅកាលពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ហេដ្ឋារចនាសម្ព័ន្ធ និងព័ស្តុភារកម្មនៅកម្ពុជា៖ ការតភ្ជាប់ផ្លូវហាយវេ កំពង់ផែ និងប្រព័ន្ធព័ស្តុភារកម្មនៅកម្ពុជា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងកុះករ។
ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រព័ន្ធដឹកជញ្ជូន និងព័ស្តុភារកម្មដ៏រឹងមាំមួយ ដែលជួយគាំទ្រដល់វិស័យធុរកិច្ច និងបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា គោលដៅនេះទាមទារឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការផ្តល់សេវាកម្មទំនើប ការរៀបចំផែនការយុទ្ធសាស្ត្រដោយការគិតគូរហ្មត់ចត់ ព្រមទាំងការពង្រឹងភាពជាដៃគូដ៏រឹងមាំជាមួយគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងន័យនេះ កម្ពុជាបានផ្តល់តម្លៃយ៉ាងខ្ពស់បំផុតចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយប្រទេសបារាំង ក៏ដូចជាការគាំទ្រ និងការចូលរួមចំណែកជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍ និងសហគមន៍ធុរកិច្ចអន្តរជាតិ។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនបារាំង វិនិយោគិនអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសសហប្រតិបត្តិការ និងបណ្តាក់ទុនវិនិយោគក្នុងវិស័យដឹកជញ្ជូន និងព័ស្តុភារកម្មនៅកម្ពុជា។ ឯកឧត្តមបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា វេទិកាធុរកិច្ចដ៏មានអត្ថន័យនេះ នឹងមិនត្រឹមតែជួយពង្រឹងកិច្ចសន្ទនាទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្លូវឆ្ពោះទៅរកការបង្កើតភាពជាដៃគូជាក់ស្តែងដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។
វត្តមាន និងសារគន្លឹះរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី៣ ឆ្នាំ២០២៦ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីភាពបើកចំហ និងការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការទទួលយកការវិនិយោគប្រកបដោយគុណភាព។ ការជំរុញការតភ្ជាប់ផ្លូវហាយវេ កំពង់ផែ និងប្រព័ន្ធព័ស្តុភារកម្មទំនើប ក្រោមភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសបារាំង នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចជាតិ និងជំរុញកំណើនប្រកបដោយចីរភាពនៅក្នុងតំបន់។ (អានបន្ថែម)

- Video Advertisement -